ឯកឧត្តមប៉ាន់ខែម ប៊ុនថន ចុះត្រួតពិនិត្យសកម្មភាពគ្រឿងចក្រឈូសឆាយសំអាតដីចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត និងក្រុមការងារ បានចូលរួមត្រួតពិនិត្យសកម្មភាព គ្រឿងចក្រឈូសឆាយសំអាតដីចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីប្រជាពលរដ្ឋជាង៥០គ្រួសារ បានព្រមព្រៀងរុះរើទៅរស់ ក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ។

ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាភូមិអភិវឌ្ឍថ្មី ក្រោយការដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាង២០ឆ្នាំ តាមបែបឈ្នះឈ្នះ របស់ក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី។

ភូមិអភិវឌ្ឍថ្មីបឹងជង្រុកតេជោ ឈ្នះ ឈ្នះ មានទំហំ៣០៤ហិកតាដែលកំពុងរៀបចំ អភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានគ្រប់គ្រាន់រួមមាន៖ សាលារៀន មណ្ឌលសុខភាព ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នាក់ការសន្តិសុខអាវុធហត្ថ ស្នាក់ការភូមិ អគារកាកបាទក្រហម ស្រះទឹកទំហំ ៦,៥ហិកតា ផ្លូវថ្នល់ខ្វាត់ខ្វែង ដើម្បីសម្រួល និងលើកកម្ពស់ដល់ជីវភាពរស់នៅ ជូនបងប្អូនប្រជាពលរដ្ឋ។

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា ទីតាំងដីចំណីផ្លូវរថភ្លើង និងចំណីផ្លូវជាតិលេខ៥ ដែលជាអតីតទីតាំងសំណង់មិនស្របច្បាប់របស់ប្រជាពលរដ្ឋជាង៥០គ្រួសារនេះ រដ្ឋបាលក្រុងប៉ោយប៉ែត នឹងរៀបចំអភិវឌ្ឍឱ្យប្រែក្លាយទៅជាសួនច្បារ ដ៏មានសោភ័ណភាពថ្មីមួយទៀត ក្នុងក្រុងប៉ោយប៉ែត ដែលមានឈ្មោះថា សួនច្បារមរតកសម្ដេចតេជោ ហ៊ុន សែន ទុកជាសម្បត្តិសាធារណៈ សម្រាប់លំអក្រុងប៉ោយប៉ែតផង និងជាកន្លែងហាត់ប្រាណ លំហែកំសាន្តសម្រាប់បងប្អូនប្រជាពលរដ្ឋសាធារណជនផង៕

Related Posts