សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាំយកមី ម៉ាស និងអាល់កុល ជាអំណោយរបស់សម្តេចតេជោ ប្រគល់ជូនសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់

(បាត់ដំបង)៖ មីចំនួន១,០០០ (មួយពាន់) កេស រួមជាមួយម៉ាស និងអាល់កុល ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព នាំយកទៅប្រគល់ជូនគណៈកម្មាធិការប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

មុនពេលសំណេះសំណាលជាមួយសមាជិក សមាជិកា ឯកឧត្តមប៉ាន់ខែម ប៊ុនថន បានដឹកនាំអង្គពិធីធ្វើការសង្រួមចិត្តរំលឹកគោរពវិញ្ញាណក្ខន្ធដល់សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ក្នុងកំឡុងពេលចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នាពេលកន្លងមក។

លោកក៏បាននាំយកការផ្តាំសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសម្ពន្ធយុវជនស្រលាញ់សន្តិភាពទាំងអស់ ដែលតែងតែបានចូលរួមចំណែកក្នុងសកម្មភាពកិច្ចការងារសង្គមនានាជាបន្តបន្ទាប់រៀងមក ហើយឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានក្រើនរំលឹកឱ្យសមាជិក សមាជិកាសម្ពន្ធយុវជនស្រលាញ់សន្តិភាព ត្រូវបន្តប្រឹងប្រែងបំពេញបេសកកម្ម ក្នុងបុព្វហេតុចូលរួមសកម្មភាពការងារសង្គមជាមួយអាជ្ញាធរនៅតាមមូលដ្ឋាន ពិសេសគឺត្រូវដាក់កំណត់ការជួយសង្គ្រោះអាយុជីវិតបងប្អូន ប្រជាពលរដ្ឋគឺការងារអាទិភាពទី១ និងបន្ទាន់បំផុត ព្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋមានតម្លៃណាស់។

លើសពីនេះលោកក៏បានបញ្ជាក់សង្កត់ធ្ងន់ថា ដោយសាររយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជាទទួលរងអាកាសធាតុសម្ពាធទាបក្នុងរដូវវស្សា ហើយមានភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់ទីកន្លែង បណ្តាលឱ្យខេត្តមួយចំនួន ត្រូវរងការជន់លិចនៅតំបន់ខ្លះដោយសារជំនន់ទឹកភ្លៀង។ ក្នុងស្ថានភាពដែលកំពុងប្រឈមនេះ គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងសមាជិក សមាជិកាទូទាំងប្រទេស ត្រូវតែចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ទីកន្លែងដែលកំពុងប្រឈមបញ្ហា ទទួលរងគ្រោះមហន្តរាយដោយធម្មជាតិឱ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាពបំផុត។

ឆ្លើយតបនឹងលទ្ធផលសកម្មភាពការងារចូលរួម ជួយប្រជាពលរដ្ឋរបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព ទើបសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់ជូនមីចំនួន១,០០០ (មួយពាន់) កេស តាមរយៈទេសរដ្ឋមន្ត្រី គន់ គីម ជូនសម្ពន្ធយុវជនស្រលាញ់សន្តិភាព ដើម្បីចាត់ចែងជាក់ស្តែង ចំពោះមុខការអន្តរាគមន៍សង្គ្រោះបឋមដល់ប្រជាពលរដ្ឋ។

ក្នុងនាមសម្ពន្ធយុវជនស្រលាញ់សន្តិភាព លោក ប៉ាន់ខែម ប៊ុនថន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ព្រមទាំងការជួយជំរុញលើកទឹកចិត្ត ដល់សម្ពន្ធយុវជនស្រលាញ់សន្តិភាពជានិច្ច៕