(ភ្នំពេញ)៖ បន្ទាប់ពីដឹកនាំប្រតិភូ អមជាមួយទង់សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម មកដល់មាតុភូមិដោយសុវត្ថិភាព កាលពីរសៀលថ្ងៃទី០៧ ខែសីហាម្សិលមិញ នៅរាត្រីថ្ងៃដដែល លោក ហ៊ុន ម៉ានី ប្រធានប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍ចុងក្រោយរបស់អត្តពលិកជនពិការកម្ពុជា ក្រោយបញ្ចប់បេសកកម្មនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ីដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ។

ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ផ្ដល់ឲ្យមានយន្ដហោះពិសេស តាមរយៈក្រុមហ៊ុន Sky Angkor Airlines សម្រាប់ដឹកជញ្ជូនអត្តពលិកជនពិការកម្ពុជាទៅមក ដោយឥតគិតថ្លៃ ជាមួយការហោះហើរត្រង់ពីទីក្រុងសូឡូ មកទីក្រុងភ្នំពេញ គិតត្រឹមរាត្រីថ្ងៃអាទិត្យ ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា បានមកដល់កម្ពុជាអស់ហើយ ខណៈដំណើរនិវត្តន៍ចុងក្រោយ រួមមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី រួមទាំងក្រុមសិល្បៈសម្ដែងអបអរសាទរពិធីទទួលទង់អាស៊ានប៉ារ៉ាហ្គេមសរុបប្រមាណ ១៧០នាក់ ។

ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ដែលជាប្រធានប្រតិភូ ក៏ដូចជាការលះបង់ និងខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ពិសេសកីឡាករ-កីឡាការិនីជនពិការកម្ពុជា បានធ្វើឲ្យកម្ពុជា សម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ ដោយដណ្ដើមបានមេដាយសរុប ២៨គ្រឿង រួមមានមេដាយមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១ ដែលជាការបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រដណ្ដើមបានមេដាយច្រើនបំផុត ក្នុងប្រវត្តិកម្ពុជា បញ្ជូនអត្តពលិកជនពិការ ចូលរួមព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់អាស៊ាននេះ បើគិតពីឆ្នាំ២០០១ មកទល់បច្ចុប្បន្ន ។

ដំណាលគ្នានឹងភាពជោគជ័យនេះ កម្ពុជាក៏បានទទួលទង់អាស៊ានប៉ារ៉ាហ្គេមជាផ្លូវការ សម្រាប់បន្ដវេនធ្វើម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលទង់នេះ ត្រូវបានលោក ហ៊ុន ម៉ានី នាំមកដល់កម្ពុជា កាលពីរសៀលម្សិលមិញ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រមទាំងការរៀបចំនូវក្បួនដង្ហែរអបអរសាទរយ៉ាងអធិកអធមតាមមហាវិថីសំខាន់ៗ ក្នុងរាជធានីភ្នំពេញទៀតផង៕