ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះថ្ងៃកំណើតរបស់អាស៊ាន ដែលមកដល់ពេលនេះមានអាយុ៥៥ឆ្នាំហើយ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក ត្រូវបានបង្កើតឡើងដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានក្លាយទៅជាអង្គការតំបន់មួយ ដែលមានប្រជាប្រិយភាព មានដៃគូសន្ទនាកាន់តែច្រើន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងលើពិភពលោកផងដែរ។