សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ក្រសួងសុខាភិបាល​ប្រកាស​ពី​ករណី​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​ម្នាក់​ក្នុងថ្ងៃនេះ និង​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន៣នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ថ្មី ចំនួន០១នាក់ និង​មាន​ករណី​ជាសះស្បើយ ចំនួន០៣នាក់។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ករណី​វិជ្ជមាន​វីរុស​កូ​វីដ-១៩ថ្មី​នេះ គឺជា​បុរស​ជនជាតិ​បារាំង​អាយុ ៣៧ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (តៃវ៉ាន់) បាន​មកដល់​កម្ពុជា នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​ពីរ នៅ​ថ្ងៃទី១៣នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុគ្គល​នេះ​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ សរុប​មាន​ចំនួន៨៥នាក់ (ស្រី ២៦ នាក់ កុមារ ០៣នាក់ និង​ទារក ០៣នាក់) ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​ជាតិ​បារាំង អាយុ៣២ឆ្នាំ​ខាងលើ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានប្រកាស​ពី​ករណី​ជាសះស្បើយ​ចំនួន០៣នាក់ ក្នុងនោះ​រួមមាន៖

* បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​អាយុ ២៦ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​ក្រុងព្រះសីហនុ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី បាន​បន្ត​ជើងហោះហើរ នៅ​ប្រទេស​សាំង​ហ្គា​ពួរ មកដល់​កម្ពុជា​នៅ​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល តេស្ត​អវិជ្ជមាន​វីរុស​កូ​វី-១៩ ចំនួន០២ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

* បុរស​ជនជាតិខ្មែរ​អា​យុ២៩ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ចំនួន០២ដង និង​ត្រូវ បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

* ស្ត្រី​ជនជាតិ​បារាំង​អាយុ៣៣ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​ក្រុងព្រះសីហនុ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​បារាំង ដោយ​បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ចំនួន ០២ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង ០៧៖០០នាទី ព្រឹក​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថានភាព​ជំងឺ​កូ​វីដ-១៩ នៅ​កម្ពុជា​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប ២៨៧នាក់ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស​មាន​ចំនួន ២៨៣នាក់ និង អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ចំនួន០៤នាក់៕