សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ចូលជួបជម្រាបលា នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព បន្ទាប់ពីឯកឧត្តម បញ្ចប់បេសកកម្មការងារ នៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម ពុលថាប់ បានគោរពសម្ដែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងជូន ឯកឧត្តម និងមន្ត្រីស្ថានទូតទាំងអស់ មិនត្រឹមតែស្ថានទូតថៃទេគឺស្ថានទូតទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ពុលថាប់ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះ សម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid 19 បានជោគជ័យ ហើយក្នុងនាមជាប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលជោគជ័យ ដែលនោះឆ្លុះបញ្ចាំងពីតួនាទីដ៏រឹងមាំរបស់កម្ពុជា លើឆាកអន្តរជាតិ។

ឯកឧត្តម ពុលថាប់ បានជំរាបជូនសម្ដេចតេជោថា ពេលឯកឧត្តម ទើបមកបំពេញបេសកកម្មការទូតនៅកម្ពុជា កាលពីឆ្នាំ២០១៨ ឯកឧត្តម បានប្ដេជ្ញាជូនសម្ដេចថា និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់ ហើយនៅពេលនេះ ឯកឧត្តមសូមគោរពជម្រាបជូនសម្ដេចតេជោ ផងដែរថា ឯកឧត្តមបានសម្រេចតាមការប្ដេជ្ញាហើយ។ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានពង្រីក នឹងពង្រឹង ខណៈពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើង ១០% ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ19 ក៏ដោយ, វិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងវិស័យដទៃទៀត ក៏មានការរីកចម្រើនផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ពុលថាប់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មការទូតនាំឲ្យប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង។

សម្ដេចតេជោ បានមានប្រសាសន៍ថា ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ19 ក៏ដោយ យើងបានខិតខំរួមគ្នាធ្វើការបានល្អ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាងល្អជាទីមោទនៈ។

ជាទីបញ្ចប់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជាថ្មីម្ដងទៀតជូនចំពោះ ឯកឧត្តម ពុលថាប់ និងជូនពរ ឯកឧត្តម ទទួលបានជោគជ័យ ក្នុងបេសកកម្មនាពេលអនាគតបន្តទៅទៀត ៕