សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន

នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វ៉ី ហ្វុងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ខណៈ​ឯកឧត្តមបានមកចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាថ្ងៃទី២៣ វិច្ឆិកា ខាងមុខ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម វ៉ី ហ្វុងហឺ បានគោរពវាយតម្លៃខ្ពស់​ និងសម្ដែង​នូវការ​អបអរសាទរជូនសម្ដេចតេជោ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាជាមួយ​នឹងការដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធទទួលបានលទ្ធផលយ៉ាងជោគជ័យ។

ឯកឧត្តម វ៉ី ហ្វូងហឺ ក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ព​ដែលកំពុងមាន​ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជម្រាប​ជូនសម្ដេចតេជោ​ថា ចិន នឹងបន្តជួយដល់កម្ពុជាថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ី ហ្វុងហឺ ដែលបានមកចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ានបូកដោយផ្ទាល់ ហើយក៏បានថ្លែងអំណរគុណជូនឯកឧត្តមផងដែរ ចំពោះការវាយតម្លៃអំពី​ការរីកចម្រើនរបស់​កម្ពុជា និងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅ រួមជាមួយនឹងការថ្លែងអំណរគុណដល់​ជំនួយរបស់មិត្តចិន ដែល​បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងការអភិវឌ្ឍន៍របស់កម្ពុជា៕