សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

លោក​បៃ​ដិ​ន នឿយណាយ​លោក​ត្រាំ រារាំង​ការកែ​បញ្ហា​កូ​វីដ និង​លាន់មាត់​ថា ដឹង​ទេ? ត្រូវ​ប្រញាប់​កា​ពារ​ជីវិត​ពលរដ្ឋ…

សហរដ្ឋអាមេរិក ៖  កាលពី​ថ្ងៃទី១៧ វិច្ឆិកា ទីភ្នាក់ងារ​ព័ត៌មាន BBC បាន​រាយការណ៍​ថា លោក​ចូ បៃ​ដិ​ន អនាគត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី៤៦ បាន​ថ្លែង​ដាស់តឿន​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​គណៈ​គ្រប់គ្រង អំពី​ករណី​មិនទាន់​ព្រម​ទទួលស្គាល់​ការបរាជ័យ រហូត​ក្លាយជា​ឧបសគ្គ​ដល់​ការផ្ទេរ-ប្រគល់​អំណាច និង​ការផ្លាស់ប្ដូរ​រដ្ឋបាល​ថ្មី។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

រឿងនេះ បាន​ហុច​ផល​ឱ្យ​ការ​ទប់​ទល់នឹង​ជំងឺ​រាតត្បាត​កូ​វីដ-១៩ រអាក់រអួល ហើយ​លោក​បៃ​ដិ​ន ត្រូវបាន​រារាំង​ចេញពី​ការរៀប​ផែនការ​ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​ការពង្រាយ​វ៉ាក់សាំង​កូ​វីដ-១៩ ដែល​ប្រថុយប្រថាន​ក្នុងការ​ធ្វើឱ្យ​ប្រជាជន​កាន់តែ​ស្លាប់​ច្រើនឡើង​ថែមទៀត​ផង ខណៈដែល​ស្ថានការណ៍ ការឆ្លង​រាលដាល​នៅតែ​ធ្ងន់ធ្ងរ មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​កើនឡើង​ក្នុង ១ថ្ងៃ​លើស ១សែន​នាក់​យ៉ាង​ឥតឈប់ឈរ។

“តើ​មាន​អ្នកណា​យល់​អំពី​រឿងនេះ​ទេ ថា វា​ពាក់ព័ន្ធ​នឹង​ការជួយ​ជីវិត​មនុស្ស​យ៉ាងពិត​ប្រាកដ មិនមែនជា​ការនិយាយ ឬ​ពង្រីក​សេចក្ដី លើសពី​ការពិត​នោះទេ…មនុស្ស​អាច​នឹង​ស្លាប់​ច្រើនឡើង បើ​យើង​មិន​សហការគ្នា” លោក​បៃ​ដិ​ន បាន​ថ្លែង​បែបនេះ នៅឯ​រដ្ឋ​ដេ​ឡា​វែ​រ ព្រមទាំង​បញ្ជាក់ថា ការ​ចែកចាយ​វ៉ាក់សាំង ជា​ភារកិច្ច​ធំ បើ​ក្រុមការងារ​របស់លោក ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃទី២០ មករា ឆ្នាំ២០២១ ដែលមាន​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ​នោះ អាចធ្វើឱ្យ​ក្រុមការងារ​របស់លោក ត្រូវ​ប្រើ​ពេលវេលា​រៀបចំខ្លួន​អស់​ជាង ១ខែ​ទៀត។

លោក​បៃ​ដិ​ន ថែមទាំង​បានទាមទារ​កញ្ចប់​ថវិកា​ថ្មី​មួយ ដើម្បី​ជួយ​សហរដ្ឋអាមេរិក ស្ដារ​ខ្លួន​ឡើងវិញ ពី​ការខូចខាត​ដោយសារ​ការឆ្លង​រាលដាល​របស់​កូ​វីដ-១៩ ចំនួន ២២០០លាន​ដុល្លារ បន្ទាប់ពី​ប្រជុំ​ជាមួយ​ក្រុម​អ្នក​ធុរកិច្ច និង​ពលកម្ម​ជួរមុខ ដើម្បី​រៀបចំ​គម្រោង​ផែនការ​របស់លោក​សម្រាប់​ប្រទេស ដែល​រឿងនេះ​ត្រូវ​ឆ្លងកាត់​ការពិចារណា​អនុម័ត​ពី​រដ្ឋសភា ដែល​គណបក្ស​រី​ផា​ប្ល៊ី​កាន់​គ្រប់គ្រង​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ជាន់ខ្ពស់។

ក្នុង​ថ្ងៃ​ជាមួយគ្នា សារព័ត៌មាន នី​វ​យ៉​ក ថា​ម​ស៍ បាន​រាយការណ៍​ថា លោក​ត្រាំ បានរៀបចំ​កិច្ចប្រជុំ​អ្នកជំនួយការ​ជាច្រើន​នាក់ កាលពី​ថ្ងៃទី១២ វិច្ឆិកា នៅឯ​បន្ទប់​ប្រជុំ​រូប​ស៊ុត ដើម្បី​សាកសួរ​ពី​ភាព​ទៅរួច ឬ​យ៉ាងណា ក្នុងការ​វាយប្រហារ​អគារ​ទីតាំង​ខាង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។

អ្នកចូលរួម មាន​ទាំង​លោក​ម៉ៃ​ក៍ ផេ​នស៍ អនុ​ប្រធានាធិបតី, លោក​ម៉ៃ​ក៍ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស និង​លោក​ឧត្ដមសេនីយ៍ ម៉ាក មី​ល​លី​យ៍ ប្រធាន​គណៈ​សេនាធិការ​កងទ័ព។

លោក​ត្រាំ បាន​ថ្លែងថា តើ​ខ្លួន​លោក មាន​ជម្រើស​ក្នុងការ​វាយប្រហារ​ទីតាំង​ខាង​នុយក្លេអ៊ែរ​ដ៏​សំខាន់​មួយ​របស់​អ៊ីរ៉ង់ ក្នុង​មិន​ប៉ុន្មាន​សប្ដាហ៍​ទៀត​បាន​ដែរឬទេ? ដោយ​ក្រុមមន្ត្រី​ថ្នាក់ខ្ពស់​ទាំងនោះ បាន​ហាមប្រាម​ប្រតិបត្តិការ​ខាង​យោធា​នេះ ព្រមទាំង​បាន​ដាស់តឿន​ថា វា​អាច​នឹង​រឹតតែ​ធ្វើឱ្យ​ទំនាស់​កាន់តែ​រីកធំឡើង ក្នុងអំឡុងពេល​ចុងក្រោយ​នៃ​ការ​កាន់តំណែង​ប្រធានាធិបតី​របស់លោក​ត្រាំ ដែល​នៅសល់តែ ២ខែ​ទៀត​ប៉ុណ្ណោះ៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

#អរគុណសន្តិភាព