សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម វ៉ា​ត់ ចំរើន÷ ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​នៅតែ​ប្រព្រឹត្តិ​ទៅតាម​ការកំណត់

ភ្នំពេញ÷ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) លើកឡើងថា សម្រាប់​ការរៀបចំ​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ លើក​ទី២៥ នា​ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០ គឺ​គណៈកម្មការ​រៀបចំ​នៅតែ​រក្សា​ទិវា​នេះ​នៅ​ដដែល ប៉ុន្តែ​ឆ្នាំនេះ​មានតែ​អ្នករត់​តែ​ប៉ុន្មាន​រយ​នាក់​ប៉ុណ្ណោះ ហើយនឹង​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់​បំផុត ដើម្បី​រួមគ្នា​បង្ការ​ជំងឺ​កូ​វីដ-១៩ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តម​បន្ថែមថា ចំពោះ​ជំហរ​នៃ​ការរៀប​ចំនេះ យើង​នៅតែ​រក្សា​ការរៀបចំ​ដដែល ប៉ុន្តែ​យើង​រៀបចំ​យ៉ាង​ម៉ឺន​ម៉ាត់​នូវ​វិធានការ​ការពារ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ របស់​ក្រសួងសុខាភិបាល ដោយ​នៅពេលនោះ អ្នករត់​ប្រណាំង​ទាំងអស់​ដែល​ចូលរួម​នឹងត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ដូចជា​វាស់​កម្តៅ លាង​សម្អាត​អនាម័យ រក្សា​គម្លាត​បុគ្គល​ជាដើម ដែល​នៅក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ-១៩ នេះ យើង​មាន​អ្នកចូលរួម​តែ​ប៉ុន្មាន​រយ​នាក់​ប៉ុណ្ណោះ មិន​ដូច​ឆ្នាំ​កន្លងទៅ ជាពិសេស​គឺ​ឆ្នាំ២០១៩ លើក​ទី២៤ គឺមាន​អ្នកចូលរួម​រត់​ជាតិ និង​អន្តរជាតិ​ជាង១ម៉ឺន​នាក់​ឯណោះ។ សម្រាប់​គម្រោង​រៀបចំ នា​ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០នេះ នៅ​តំបន់​អង្គរ គឺ​យើង​នឹង​រៀបចំ​ឲ្យ​មានការ​ប្រមូលផ្តុំ​រត់​ជា​ផ្នែកតូចៗ ចន្លោះ២០ទៅ៣០នាក់ មាន​ច​ម្លោះ​សុវត្ថិភាព​រត់​ជា​និមិត្តរូប ហើយ​ពេល​រត់​មក​ដល់ទី​វិញ គឺ​បំបែក​គ្នា ដែល​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​សំខាន់​ប្រចាំឆ្នាំ​ធ្លាប់​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​មិនអាច​លុបចោល​បាន។

ឯកឧត្តម​អគ្គលេខាធិការ​បញ្ជាក់បន្ថែម​ទៀតថា ទិវា​រត់ប្រណាំង​អង្គរ ឆ្នាំ២០២០នេះ មិនមាន​អ្នកចូលរួម​មកពី​ក្រៅប្រទេស​ទេ ដោយ​ឈ្មោះ​អ្នក​ទាំងនោះ​រក្សាទុក​សម្រាប់​ឆ្នាំ២០២១វិញ ដោយ​រក្សា​ការចូលរួម​តែ​អ្នករត់​បរទេស ដែល​រស់នៅក្នុង​ស្រុក​ខ្មែរ​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​ចូលរួម រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ចូលរួម​រត់​កម្សាន្ត​សប្បាយ និង​ចូលរួម​អបអរសាទរ​ខួប​លើក​ទី២៥ឆ្នាំ នៃ​ទិវា​រត់ប្រណាំង​អន្តរជាតិ​ដ៏​ទាក់ទាញ់​ខ្លាំង​បំផុត​ប្រចាំឆ្នាំ​របស់​កម្ពុជា ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​កិច្ចការ​សង្គម និង​សប្បុរសធម៌។

ឯកឧត្តម វ៉ា​ត់ ចំរើន ដែលជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដែរនោះ ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ក្រោម​ការចង្អុលបង្ហាញ និង​ការអនុញ្ញាត​ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឲ្យ​រក្សា​ការរៀប​ចំនេះ​នៅ​ដដែល ដែល​នេះ​គឺជា​ទិដ្ឋភាព​មួយ​ក្នុង​ការជួយ​មួយផ្នែក​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ សេវា​ទេសចរណ៍ សណ្ឋាគារ នៅ​ខេត្តសៀមរាប។ ឯកឧត្តម​ដាក់​ក្តី​សង្ឃឹមថា ការរៀបចំ​ទិវា​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​នេះ នឹង​ជៀស​ផុតពី​ការចម្លង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ តាមរយៈ​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៃ​វិធានការ​សុខាភិបាល ជាពិសេស​គឺ​ការ​រត់ចេញម្តងម្នាក់ៗ រីឯ​អ្នក​ដែល​ចូលរួម​រត់​ទាំងអស់ សុទ្ធតែ​ចុះឈ្មោះ​មាន​អត្តសញ្ញាណ​ច្បាស់លាស់ ក្នុង​ការកំណត់​មុខសញ្ញា និង​ការគ្រប់គ្រង។ នៅ​សប្តាហ៍​ក្រោយនេះ យើង​នឹង​បើក​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប អាជ្ញាធរ​អប្សរា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រៀបចំ​កម្មវិធី​នេះ​ឲ្យ​រលូន ដែល​បង្រួម​ពី​កម្មវិធី​ធំ ដូច​រាល់​ឆ្នាំ​មក​នៅ​តូច នៅក្នុង​ឆ្នាំ២០២០ ។

នៅមុន១ថ្ងៃ​នៃ​ទិវា​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​នេះ ពោលគឺ​នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​នឹង​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នៅ​ខេត្តសៀមរាប​នោះដែរ ដោយមាន​កីឡាករ កីឡាការិនី​ជម្រើស ក្នុង​កម្រិត​ជំនាញ​បច្ចេកទេស​ចូលរួម​ប្រកួត​ប្រមាណ៣០នាក់​ប៉ុណ្ណោះ ដែល​នេះ​គឺជា​ការបង្កើត​ឲ្យ​មាន​សកម្មភាព​កីឡា ប៉ុន្តែ​យើង​មិន​ប្រមូលផ្តុំ​នោះទេ ដោយ​កំណត់​ពី​ចំនួន​នៃ​អ្នកចូលរួម និង​រក្សា​គម្លាត​សុវត្ថិភាព​ជាដើម។

សូមបញ្ជាក់ថា ទិវា​រត់ប្រណាំង​អន្តរជាតិ​អង្គរ​នេះ បាន​ប្រារព្ធ​ធ្វើឡើង​អស់​រយៈពេល២៤ឆ្នាំ​មកហើយ គិត​ត្រឹម​ឆ្នាំ២០១៩ កន្លងទៅ ដោយ​ឆ្នាំ​ចុងក្រោយ ទាក់ទាញ​បាន​អ្នករត់​ជាតិ និង​អន្តរជាតិ​ជាង១ម៉ឺន​នាក់ បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ​បង្កើត​ឡើងជា​លើកដំបូង​កាលពី​ឆ្នាំ១៩៩៦មាន​អ្នកចូលរួម​ប្រមាណ៦០០នាក់​ប៉ុណ្ណោះ។ ដោយ​ឈរលើ​គោលបំណង​ដ៏​ចម្បង​របស់ខ្លួន ក្នុង​គោលដៅ​មនុស្សធម៌ ទិវា​មួយ​នេះ​ទទួលបាន​ការគាំទ្រ​ជា​បន្តបន្ទាប់​ជា​រៀងរាល់ឆ្នាំ ហើយ​កាលពី​ឆ្នាំ២០១៩ ទិវា​នេះ​ទទួលបាន​ជោគជ័យ​ខ្លាំងជាងគេ ហើយ​បាន​បរិច្ចាគ​ថវិកា ដែល​បានមកពី​ការឧបត្ថម្ភ និង​ការបង់ថ្លៃ​ចុះឈ្មោះ​ចូលរួម​ជូន​ដល់​អង្គការ មន្ទីរពេទ្យ​ចំនួន៦ ដែលមាន​ថវិកា​សរុប​ចំនួន ១៤៤,៦១១ ដុល្លារ​សហរដ្ឋអាមេរិក។ ក្នុងនោះ​ផ្តល់ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ចំនួន ១១១,២១១ដុល្លារ, កាកបាទក្រហមកម្ពុជា ១ម៉ឺន​ដុល្លារ, មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ៥ពាន់​ដុល្លារ, Cambodia Trust ៣,៦០០ដុល្លារ, Handicap International Belgium ៣,០០០ដុល្លារ និង​អង្គការ​បេះដូង​មាស សរុប​ចំនួន ១១,៨០០ដុល្លារ ដែលមាន​គម្រោង​កម្មវិធី​របស់ខ្លួន​ចំនួនផ្សេងៗពីគ្នា ៕

#អរគុណសន្តិភាព