សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អាមេរិក-តៃវ៉ាន់ សម័យ​មេដឹកនាំ​បៃ​ដិ​ន មិន​មិនជា​ក្ដារអុក​សំខាន់

អាមេរិក-តៃវ៉ាន់ សម័យមេដឹកនាំបៃដិន មិនមិនជាក្ដារអុកសំខាន់

លោកស៊ី ជីនភីង(ឆ្វេង) លោកស្រីឆៃ អ៊ិងវឹន និងលោកចូ បៃដិន អនាគតប្រធានាធិបតីសហរដ្ឋអាមេរិក

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

បរទេស៖ តើ​តៃវ៉ាន់ នឹង​ស្ថិតនៅលើ​ក្ដារអុក​នយោបាយ​ពិភពលោក ក្នុង​យុគសម័យ​លោក​បៃ​ដិ​ន​យ៉ាងណា​នោះអ្នកវិភាគ​នយោបាយ​អ​ន្ត​រ​ជាតិ លោក​ស៊ុន ថៃ​អ៊ី ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​រដ្ឋ​សាស្ត្រ នៅ​មហាវិទ្យាល័យ គ្រី​ស្តូ​ហ្វ៊ើ​រ នី​វ​ផត ក្នុង​រដ្ឋ​វើ​ជី​នៀ សហរដ្ឋអាមេរិក ធ្លាប់បាន​ថ្លែង​បង្ហាញ​ការយល់ឃើញ ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Global Times ថា ទាំង​គណបក្ស​ដេ​ម៉ូ​ក្រេ​ត និង​រី​ផា​ប្ល៊ិ​កាន់ ត្រូវ​ការស្ដារ​សម្ព័ន្ធភាព​ជាមួយ​តៃវ៉ាន់ ជា​ចំណុច​ដែល​មន្ទីរ​សេត​វិមាន និង​សភា​ទាំង២ យល់ស្រប​ដូចគ្នា​ក្នុង​រដ្ឋសភា​សហរដ្ឋអាមេរិក។

រឿងនេះ​ស៊ីចង្វាក់​គ្នា​ជាមួយ​លោក​ម៉ៃ​ក៍ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ដែល​កំពុង​ជិត​ផុតពី​តំណែង ដំណាលគ្នា​នឹង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​នោះ បានផ្ដល់​បទ​សម្ភាស​នៅក្នុង​កម្មវិធី Hugh Hewitt Show ថា គណបក្សនយោបាយ​ទាំង២ ក្នុង​សហរដ្ឋអាមេរិក សុទ្ធតែ​ទទួលស្គាល់​ដូចគ្នា​ថា តៃវ៉ាន់ មិនមែនជា​ផ្នែក​មួយ​របស់​ចិន​នោះឡើយ ក្នុងអំឡុងពេល ៣៥ឆ្នាំ​កន្លងមកនេះ។

រឿង​ជាច្រើន ប្រហែលជា​នៅ​ដដែល តែ​អ្វីដែល​បន្ថែម​មក​នោះ គឺ​លោក​អ៊ែន​ថូ​នី ប្ល៊ី​ន​ខេន ទីប្រឹក្សា​ផ្នែក​នយោបាយ​ការបរទេស របស់លោក​បៃ​ដិ​ន ដែល​ធ្លាប់​ធ្វើជា​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក សម័យ​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​តាំងពី​ខែឧសភា​ថា សហរដ្ឋអាមេរិក នឹង​ប្រើ “កល​យុទ្ធ​ដែលមាន​តុល្យភាព” ដើម្បី​ចាត់ការ​ជាមួយ​សម្ព័ន្ធភាព​រំលង​ច្រក​សមុទ្រ។

នោះ​មានន័យ​ពី​យុទ្ធសាស្ត្រ​ថ្មី ដែលមាន​សញ្ញា​មិន “កាន់ជើង​តៃវ៉ាន់” ខ្លាំង​ដូច​លោក​ត្រាំ តែ​នឹង​ជួយ​បង្កើត​សភាព​បរិស្ថាន​ដែលមាន​សុវត្ថិភាព និង​មាន​ស្ថិរភាព​ខ្លាំង​ឡើង​នៅក្នុង​ច្រក​សមុទ្រ។

លោក ប្ល៊ិ​ន​ខេន ថ្លែងថា សហរដ្ឋ នឹងមិន​ព្យាយាម​ញុះញង់​ប្រទេស​ចិន​ដោយ​ការ​រំលង “ខ្សែបន្ទាត់​ក្រហម” ឬ​តំបន់​បញ្ហា ដែល​នឹង​ជួយ​កាត់បន្ថយ​ភាព​អាចទៅរួច ដែល​កងទ័ព​ក្រុង​ប៉េកាំង នឹង​ប្រើ​ជា​លេស​ដើម្បី​វាយប្រហារ​តៃវ៉ាន់។

មានការ​យល់ឃើញ​ជាច្រើន​របស់​អ្នកជំនាញការ​ខាង​ប្រទេស​ចិន ដែល​មើលឃើញថា រឿង​ដែល​ល្អ​ពាក់ព័ន្ធ​នឹង​នយោបាយ​តៃវ៉ាន់​របស់លោក​ត្រាំ​គឺ លោក​នឹងមិន​ប្រថុយប្រថាន​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​ចិនដីគោក ដើម្បី​តៃវ៉ាន់​នោះទេ ឬ​សូម្បីតែ​ហុងកុង​ក៏ដោយ តែ​ភាព​ធ្វេសប្រហែស និង​មិន​យល់​ពី​ភាពផុយស្រួយ​របស់​បញ្ហា​តៃវ៉ាន់ អាច​នាំ​ឆ្ពោះទៅរក​ភាព​ប្រថុយប្រថាន​ដែល​មិន​នឹកស្មាន​ដល់ ហើយ​ប្រាកដ​ណាស់​ថា លោក​បៃ​ដិ​ន ក៏​ប្រហែលជា​ប្រយ័ត្នប្រយែង និង​មិន​ស្ទុះ​ហក់​រំលង​ខ្សែបន្ទាត់​ក្រហម​តៃវ៉ាន់​ខ្លាំង​ជាង​ដែរ។

យ៉ាងណាក៏ដោយ  នៅពេល​បានដឹង​ភ្លាម​ថា លោក​បៃ​ដិ​ន នឹង​គ្រង​មន្ទីរ​សេត​វិមាន ប្រធាន​គណៈកម្មការ​កិច្ចការ​ចិនដីគោក​របស់​តៃវ៉ាន់ រឹតតែ​ប្រាកដ​ក្នុង​ចិត្ត​ទៀតថា លោក​ចូ បៃ​ដិ​ន អនាគត​ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​នៅតែ​ផ្ដល់​ការគាំទ្រ​តៃវ៉ាន់ ដូចដែល​ធ្លាប់​បានទទួល​ការគាំទ្រ​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​របស់​សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក ក៏​ប្រហែលជា​នៅតែ​លក់​អាវុធ​ឱ្យ​តៃវ៉ាន់ និង​គាំទ្រ​កោះ​នេះ​តទៅទៀត តែ​លោក​បៃ​ដិ​ន មានការ​យល់ឃើញ​យ៉ាងច្បាស់​លាស់ ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់ និង​ការ​រំលង​ខ្សែបន្ទាត់ ដោយ​នឹង​អាច​កែសម្រួល​កល​យុទ្ធ​មួយចំនួន​ចំពោះ​ប្រទេស​ចិន តែ​នឹងមិន​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ដែលមាន​ចំពោះ​ចិន​យ៉ាងពិត​ប្រាកដ។

អ្នកជំនាញការ​របស់​ចិន​ជាច្រើន បាន​សន្និដ្ឋានថា គណៈ​គ្រប់គ្រង​របស់លោក​បៃ​ដិ​ន នឹងមិន​ឈានទៅ​ឆ្ងាយ​ជាង​នយោបាយ​ដែល​ធ្លាប់មាន​ពីមុនមក​របស់​សហរ​ដ្ឋ​អាមេរិក ពាក់ព័ន្ធ​នឹង​តៃវ៉ាន់​នោះទេ និង​ប្រហែលជា​មិនអាច​ទៅរួច​សោះឡើយ ដែលថា​នឹងមាន​ការជំរុញ​យុទ្ធសាស្ត្រ​ដែល​ច្បាស់លាស់​ជាង​មុន​ទៅលើ​កោះ​នេះ ក្នុងអំឡុងពេល​គ្រង​តំណែង ពេញ​មួយ​រយៈពេល ៤ឆ្នាំ​នេះឡើយ។

នេះ​ក៏​ស៊ីចង្វាក់ ជាមួយនឹង​បណ្ដា​សមាជិក​រដ្ឋសភា​របស់​តៃវ៉ាន់​ជាច្រើន​នាក់ ដែល​បាន​សម្ដែង​ក្ដី​វិតក្ក​កង្វល់​ថា រដ្ឋបាល​លោក​បៃ​ដិ​ន អាច​ប្រើ​នយោបាយ​ដែល​ខុស​ពីមុន​ចំពោះ​តៃវ៉ាន់ បារម្ភ​ថា លោក​បៃ​ដិ​ន​នឹងមាន​ឥរិយាបថ​ជា​មិត្ត​នឹង​ចិន និង​បើ​ថយ​ត្រឡប់​ទៅ​មើល​អតីតកាល ក៏​នឹង​ឃើញថា លោក​បៃ​ដិ​ន ធ្លាប់​ជំទាស់​សេចក្ដីព្រាងច្បាប់ ដើម្បី​បង្កើន​សន្តិសុខ​របស់​តៃវ៉ាន់​ក្នុង​ឆ្នាំ១៩៩៩ ទៀតផង។

ដូច្នេះហើយ ទើប​រឿងនេះ មិនមែនជា​រឿង​ចម្លែក​ឡើយ បើ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ឈានមុខ ដែលជា​គណបក្ស​រដ្ឋបាល​តៃវ៉ាន់ កំពុង​តែមាន​អារម្មណ៍​វិតក្ក​កង្វល់ ពី​ឥរិយាបថ​ខុសពី​មុន ក្នុងការ​គាំទ្រ​តៃវ៉ាន់។

ព្រោះ​ចំណុច​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ លោក​បៃ​ដិ​ន​អាច​នឹងមិន​គិតថា តៃវ៉ាន់​ជា​កូនអុក​មួយ​នៅក្នុង​ហ្គេម ដូច​លោក​ប្រធានាធិបតី ត្រាំ ដែល​នេះ​គឺ​សញ្ញា​មួយ ដែល​ភាគី​ជាច្រើន​កំពុងតែ​សន្និដ្ឋាន និង​ព្យាករ…៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព