ឯកឧត្តម ស៊ុន ចាន់ថុល អរគុណ​រដ្ឋាភិបាល​ជ​ប៉ុន​តាមរយៈ JICA ដែល​បានផ្ដល់​គ្រឿងចក្រ​សម្រាប់​សាងសង់​ផ្លូវ​ដល់​កម្ពុជា

ភ្នំពេញ៖ នៅ​ថ្ងៃ​អង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានអនុញ្ញាត​ឱ្យ​លោក Sugano Yuichi អតីត​ប្រធាន​តំណាង​ទី​ភា្ន​ក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ជប៉ុន (JICA) ចូល​ពិភាក្សា​ការងារ និង ជម្រាបលា និង​អនុញ្ញាតឱ្យ​លោកស្រី Kamei Haruko ប្រធាន​តំណាង JICA ថ្មី ដែល​ទើបនឹង​ទទួល​ការតែងតាំង ចូលជួប​សម្តែង​ការគួរសម នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ជប៉ុន តាមរយៈ JICA ដែល​បាន​ផ្តល់ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​កម្ពុជា ជាពិសេស​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​បាន កោតសរសើរ ចំពោះ​តួនាទី​ដ៏​សំខាន់​របស់លោក Sugano Yuichi ក្នុង​ការជួយ​គាំទ្រ​ដល់​ការ​កៀរគរ និង​ស្វែងរក​ការគាំទ្រ​ពី​ជប៉ុន​ក្នុងការ​ផ្តល់នូវ​ហិរញ្ញប្បទាន​ដល់​គម្រោង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​នៅ​កម្ពុជា។

ជាពិសេស ឯកឧត្តម ស៊ុន ចាន់ថុល បាន​សម្ដែង​ការពេញចិត្ត និង​ថ្លែងអំណរគុណ​ដល់​ជប៉ុន ដែល​ផ្តល់​គ្រឿងចក្រ​សម្រាប់​សាងសង់​ផ្លូវ​ដល់​ក្រសួង ចំ​ពេលដែល​ក្រសួង​ត្រូវការ​ជា​ចាំបាច់​ក្នុងការ​បញ្ជូនទៅ​សម្រាប់​ការសាងសង់​ផ្លូវ​ទាំង ៣៨ខ្សែ​នៅ​សៀមរាប និង បាន គូសបញ្ជាក់​អំពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗហិរញ្ញប្បទាន​ដោយ JICA រួមមាន ការសាងសង់​ផ្លូវជាតិ​លេខ៥ ដែលជា​ឆ្អឹងខ្នង​របស់​ប្រទេស ក្នុង​ការតភ្ជាប់​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់ រួមមាន៖ ប្រទេស​ថៃ វៀតណាម  និង​មី​យ៉ាន់​ម៉ា និង​ស្ពាន​ត្សឹ​បា​សា (ស្ពាន​អ្នក​លឿង) នៅ​ផ្លូវជាតិ​លេខ១ ដែលជា​ផ្នែក​មួយ​នៃ​ផ្លូវ​ល្បឿន​លឿន​របស់​អាស៊ាន (AH1) ។

ជា​ចុងក្រោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី   បានស្នើ​សុំឱ្យ JICA ជួយ​កសាង​សមត្ថភាព​មន្ត្រី​ក្រសួង ដោយ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​រយៈ​ពេល​ខ្លី មួយ​ឬ​ពីរ​សប្តាហ៍ និង​បានលើកឡើង​អំពី​ការផ្តល់ជូន​ឧបករណ៍ និង​គ្រឿងចក្រ​សម្រាប់​សាងសង់ ដែលមាន​ទឹកប្រាក់​សរុប ៨លាន​ដុល្លារ​អាម៉េរិក ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​នៅ​ទូទាំងប្រទេស៕

#អរគុណសន្តិភាព