ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំក្រុមការងារសាងសង់វិមាន ឈ្នះឈ្នះនៅខេត្តកោះកុង ដើម្បីពិនិត្យវឌ្ឍនភាពកន្លងមក និងពិភាក្សាលើការងារ មួយចំនួន។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងពីសកម្មភាព និងលទ្ធផលការងារផ្សេងៗ របស់ក្រុមការងារដែលបានសម្រេចកន្លងមក ព្រមទាំង ជជែកពិភាក្សាគ្នា លើផ្ទាំងគំនូមួយចំនួន ដើម្បីរៀបចំចម្លាក់នៅវិមានឈ្នះ ឈ្នះជាដើម។ កាលពីថ្ងៃទី៣០ ខែឧសភា កន្លងមកនេះ ស្តូបអនុស្សាវរីយ៍វិមាននយោបាយឈ្នះ ឈ្នះ ត្រូវបានបញ្ចុះបឋមសិលានៅក្នុងទឹកដីខេត្តកោះកុង ស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិ លេខ៤៨ ក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់។

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ សាងសង់ឡើងតាមគំរូប្លង់គោលមាន ឃឿន ៤ជ្រុង សរុប ៦៦ម៉ែត្រ កម្ពស់ ៤៣ម៉ែត្រ ហើយទីធ្លាបរិវេណស្តូបអនុស្សាយ៍ នយោបាយឈ្នះឈ្នះ មានទំហំធំទូលាយក្នុងការចតរថយន្ត និងការទេសចរណ៍ កម្សាន្តរបស់ពលរដ្ឋ៕