ខេត្តព្រៃវែង​ជា​ខេត្ត​មួយ​ផលិត​ស្រូវ​បាន​ច្រើនជាងគេ​ក្នុងចំណោម ២៥ រាជធានី/ខេត្ត

ព្រៃវែង៖ ខេត្តព្រៃវែង​ជា​ខេត្ត​មួយ​ផលិត​ស្រូវ​បាន​ច្រើនជាងគេ​ក្នុងចំណោម ២៥ រាជធានី/ខេត្ត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល ១៥ ឆ្នាំ​ចុងក្រោយ ។

របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រម​ញ្ញ និង​នេសាទ​ឲ្យ​ដឹង​នៅ​ថ្ងៃទី៩ ខែធ្នូ​នេះ​ថា ដោយឡែក​ការងារ​ដាំ​ដុះ​ស្រូវ​រដូវវស្សា​នៅក្នុង​ឆ្នាំ ២០២០ នេះ ខេត្តព្រៃវែង​អនុវត្តបាន​លើ​ផ្ទៃដី​ប្រមាណ ២៨០ ៣៩៩ ហ.ត។

រីឯ​ការងារ​ប្រមូល​ផល​ស្រូវ​វិញ គិត​មកទល់​ថ្ងៃទី៥ ខែធ្នូ ខេត្ត​សម្រេច​ប្រមូល​ផល​បាន​ចំនួន ២១៥ ៣៩៩ហ.ត ស្មើនឹង ៧៧% នៃ​ផ្ទៃដី​សរុប និង​ទទួលបាន​ទិន្នផល​ជា​មធ្យម​ប្រមាណ ៣.២៣ ត/ហ.ត ហើយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ៦៩២ ៣០២ តោន។

ក្រៅពី​ដំណាំ​ស្រូវ ក​សិ-ឧស្សាហកម្ម សាកវប្បកម្ម (ផលិតកម្ម​បន្លែ)  ផលិតកម្ម​វារីវប្បកម្ម និង​ផលិតកម្ម​សត្វ (មាន់ គោ ជ្រូក) ក៏មាន​សក្តានុពល​ក្នុងការ​នាំចេញ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្តផ្សេងៗទៀត ។

ទន្ទឹមនឹង​ជា​ខេត្ត​នាំមុខគេ​ក្នុងការ​ផលិត​នូវ​ផលិតផល​កសិកម្ម ក៏​ជា​ខេត្ត ឈាន​មុន​សម្រាប់ធ្វើ​ការនាំ​ចេញទៅ​កាន់​ប្រទេសជិតខាង​តាមផ្លូវ​គោក និង​ផ្លូវទឹក។

យោងតាម​របាយ ការណ៍​របស់​មន្ទីរ​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត កាលពី​ថ្ងៃទី៨ បាន​បង្ហាញថា គិត​ចាប់ តាំងពី​ថ្ងៃទី២២ ខែឧសភា ដល់​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បរិមាណ​ផល​ស្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​សរុប​មាន​ចំនួន ៧១៩ ៦៩៣តោន ដោយឡែក គ្រាន់​តែមួយ​សប្តាហ៍​កន្ល​ង​មក បរិមាណ​ស្រូវ​ចំនួន ៦៩ ៤៣៤តោន​ត្រូវបាន​នាំ​ចេញពី​ខេត្តព្រៃវែង​ទៅកាន់​ប្រទេសជិតខាង។

របាយការណ៍​ក៏បាន​បញ្ជាក់​ផងដែរ​ថា ជា​មធ្យម​ស្រូវ​មានតម្លៃ ១ ១៥០រ/kg (អាច​ថ្លៃ​ជាង ឬ​ថោក​ជាង​អាស្រ័យ​លើ​ប្រភេទ​ស្រូវ)៕

#អរគុណសន្តិភាព