ថ្លៃ​បន្ត​អាជ្ញាប័ណ្ណ​អាជីវកម្ម​ទេសចរណ៍​គ្រប់​ប្រភេទ​ត្រូវបាន​រដ្ឋាភិបាល​អនុគ្រោះ​នៅក្នុង​ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងទេសចរណ៍​សម្រេច​លើកលែង​ការបង់ថ្លៃ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ២០២១ ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ។

នៅក្នុង​សេចក្តីជូនដំណឹង​ចេញផ្សាយ​កាលពី​ថ្ងៃទី៨ ខែធ្នូ ក្រសួងទេសចរណ៍​លើកឡើងថា ដើម្បី​ជួយ​រក្សា​លំនឹង​អាជីវកម្ម​និង​ជីវភាព​កម្មករ-និយោជិត ក្នុង​វិស័យ​ទេសចរណ៍ រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង​ការបង់ថ្លៃ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​គ្រប់​ប្រភេទ​នៅក្នុង​វិស័យ​ទេសចរណ៍​សម្រាប់​ឆ្នាំ២០២១ ។

ការលើកលែង​ការបង់ថ្លៃ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​គ្រប់​ប្រភេទ​នៅក្នុង​វិស័យ​ទេសចរណ៍​សម្រាប់​ឆ្នាំ២០២១ នឹង​ចាប់​អនុវត្ត​ពីថ្ងៃ​ទី១ ខែមករា ឆ្នាំ២០២១ ដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ ដើម្បី​អនុវត្ត​វិធានការ​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ក្រសួងទេសចរណ៍​ស្នើ​ដល់​អភិបាល​រាជធានី-ខេត្ត​រៀបចំ​អនុវត្ត និង​ផ្សព្វផ្សាយ​វិធានការ​នេះ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ដែល​អាជ្ញាប័ណ្ណ​ទេសចរណ៍​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី-ខេត្ត និង​ការិយាល័យ​ច្រកចេញចូល​តែមួយ​ស្រុក-ខណ្ឌ។

ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ប្រតិបត្តិ​ករ​ទេសចរណ៍​នៅតែមាន​កាតព្វកិច្ច​ស្នើសុំ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​សម្រាប់​ឆ្នាំ២០២១ ហើយ​ការស្នើសុំ​អាជ្ញាប័ណ្ណ​ទេសចរណ៍​ថ្មី​គ្រប់​ប្រភេទ និង​ការអនុវត្ត​វិន័យ​អន្តរការណ៍​ជា​ប្រាក់​សម្រាប់​អាជ្ញាប័ណ្ណ​ទេសចរណ៍​ហួស​សុពលភាព​ត្រូវ​រក្សា​ការអនុវត្ត​ការបង់​កម្រៃ​ដដែល​ស្របតាម​ប្រកាស​អន្តរក្រសួង​ស្តីពី​ការផ្តល់​សេវាសាធារណៈ និង​ការពិន័យ​ជា​ប្រា​ក់ដោយ​ក្រសួងទេសចរណ៍។

គួរ​បញ្ជាក់ថា​រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង​ផ្នែក​ពន្ធដារ​ដល់​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ទទួលផល​ប៉ះពាល់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ជា​ផ្នែក​មួយ​នៃ​វិធាន​ការស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​នេះ។

តួលេខ​ពី​ក្រសួងទេសចរណ៍​បង្ហាញ​ថា​ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចូល​ទស្សនា​កម្ពុ​ជាមាន​ចំនួន ១,២៦លាន​នាក់​ក្នុង​រយៈពេល ១០ខែ ឆ្នាំ២០២០ ធ្លាក់ចុះ ៧៦ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៩ ៕

#អរគុណសន្តិភាព