ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ ១លាន​ដុល្លារ សម្រាប់​ចូលរួមចំណែក​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីត-១៩

ភ្នំពេញ៖ នៅវេលា​ព្រឹក​ថ្ងៃទី ១០ ខែធ្នូ ២០២០នេះ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​សហការី ចូល​ក្រាបថ្វាយបង្គំ​គាល់។

ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទិញ​វ៉ាក់សាំង ប្រឆាំង​ជំងឺ​កូ​វីដ-១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី បាន​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ចំនួន ៥០ម៉ឺន​ដុល្លារ និង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ ចំនួន ៥០ម៉ឺន​ដុល្លារ ហើយ​ព្រះរាជ​ទ្រព្យ​របស់ ព្រះអង្គ​ទាំង​ទ្វេ​ផ្តល់ជូន​តាមរយៈ ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-១៩ ៕

#អរគុណសន្តិភាព