UK រកឃើញ​វ៉ាក់សាំង​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ បង្ក​ផលប៉ះពាល់ ធ្វើឱ្យ​កើត​ប្រតិកម្ម​ចាញ់​ធ្ងន់ធ្ងរ ខណៈ​ស.រ.អា ត្រៀម​ដាស់តឿន បើ​អនុម័ត​ប្រើ…

UK៖ បើសិន​ទីភ្នាក់ងារ​អាហា​រ និង​ថ្នាំ របស់​សហរដ្ឋអាមេរិក (FDA) សម្រេចចិត្ត អនុម័ត​ឱ្យប្រើ​វ៉ាក់សាំង​កូ​វីដ-១៩ របស់​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អេ​ន​ថេ​ក ជួនកាល​ពួកគេ​អាច​នឹង​ស្នើសុំ ឱ្យ​អ្នក​ឆ្លង​មេរោគ​ដែលមាន​ប្រវត្តិ​ធ្លាប់​កើត​ជំងឺ​ប្រតិកម្ម​ចាញ់ (Allergy) ផ្អាក​ទទួល​វ៉ាក់សាំង​នេះ​សិន។ នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹង​របស់​អ្នកវិទ្យាសាស្ត្រ​លំដាប់​កំពូល​របស់​រដ្ឋបាល​ស​ហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ពុធ(ទី៩ធ្នូ) បន្ទាប់ពី​មាន​របាយការណ៍​ពី​សហ​រាជអាណាចក្រ (UK) ពាក់ព័ន្ធ​នឹង​ការកើត​ផលប៉ះពាល់​លើ​អ្នកជំងឺ ដែលមាន​ប្រវត្តិ ធ្លាប់​កើត​ជំងឺ​ប្រតិកម្ម​ចាញ់​ធ្ងន់ធ្ងរ។

ការ​បង្ហើប​ឱ្យដឹង របស់​អ្នកវិទ្យាសាស្ត្រ​លំដាប់​កំពូល របស់​រដ្ឋបាល​សហរ​ដ្ឋ​អាមេរិក បាន​កើតមានឡើង បន្ទាប់ពី​សហ​រាជអាណាចក្រ បានចេញ​បញ្ជា​ដាស់តឿន​ក្នុង​ទំនង​ដូចគ្នា ក្រោយ​រកឃើញ​មន្ត្រី​សុខភាព​សាធារណៈ ២រូប កើតមាន​អាការ​ប្រតិកម្ម​ចាញ់ផ្សេងៗ និង​ចាំបាច់​ត្រូវតែ​បានទទួល​ការព្យាបាល។

ទាំង​សហ​រាជអាណាចក្រ និង​ប្រទេស​កាណាដា បានអនុម័ត​ប្រើ​វ៉ាក់សាំង​នោះ​ដូចគ្នា ដោយ​នឹង​ប្រើ​ក្នុង​បរិមាណ ២ដូ​ស លើ​ការកំណត់​ក្នុងករណី​អាសន្ន​រួចរាល់​ហើយ និង​រំពឹងថា សហរដ្ឋអាមេរិក នឹង​ដំណើរការ បែប​ដូចគ្នានេះដែរ ក្នុង​រយៈពេល​មិន​ប៉ុន្មាន​ថ្ងៃ​ខាងមុខ បន្ទាប់ពី​គណៈ​ទីប្រឹក្សា​របស់​ទីភ្នាក់ងារ​អាហារ និង​ថ្នាំ មានកំណត់​ប្រជុំ​ជាមួយគ្នា​ក្នុង​ប្រធានបទ​ទាំងនោះ ក្នុង​ថ្ងៃ​ព្រហស្បតិ៍(ទី១០ធ្នូ)ម្សិលមិញ។

លោក ម៉ុ​ន​សេ​ហ្វ សាឡា​អ៊ុយ ប្រធាន​ទីប្រឹក្សា​គ្រោងការ​វ៉ាក់សាំង​កូ​វីដ របស់​សហរដ្ឋអាមេរិក បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “កំពុង​ពិនិត្យមើល​ទិន្នន័យ អ្នកជំងឺ ឬ​បុគ្គល​ដែល​ធ្លាប់មាន​ប្រវត្តិ កើត​អាការ​ប្រតិកម្ម​ធ្ងន់ធ្ងរ ដែល​នឹងត្រូវ​ការពារ​ចេញពី​ការសាកល្បង​ខាង​គ្លីនិក(ការព្យាបាល)លើក​នេះ”

លោក​បន្តថា “ខ្ញុំ​សន្និដ្ឋានថា ការដែល DFA ចង់​ធ្វើការ​សម្រេចចិត្តផ្សេងៗ កាលពី​ថ្ងៃ​ពុធ​នោះ រឿងនេះ​ក៏​ស្ថិតក្រោម​ការពិចារណា​ដែរ ដូចគ្នា​នឹង​សហ​រាជអាណាចក្រ ដែល​បាន​រំពឹងថា បុគ្គល​ដែលមាន​អាការ​ប្រតិកម្ម​ចាញ់​ធ្ងន់ធ្ងរ នឹង​អាច​ត្រូវ​អង្វរ​សុំ មិនឱ្យ​ទទួលយក​វ៉ាក់សាំង​សិន រហូត​ទាល់តែ យើង​បានដឹង​ពីអ្វី​ដែល​កើតឡើង​យ៉ាង​ច្បាស់លាស់​ជាមុនសិន”

ក្រៅពីនេះទៀត ខាង​ទីភ្នាក់ងារ​អាហារ និង​ថ្នាំ នៃ​សហរដ្ឋអាមេរិក បាន​អង្វរ​សុំ ឱ្យ​អ្នករៀបចំ​ស្វែងរក​វ៉ាក់សាំង គួរតែ​សង្កេត​មើលថា តើ​អ្នក​ដែល​បានទទួល​វ៉ាក់សាំង​រួចហើយ នឹង​កើតមាន​អាការ​ស្ពឹក​មុខ​មួយ​ចំហៀង ដែល​ហៅថា Bell’s palsy ជា​ករណី​ដែល​មិនសូវ​ជួបប្រទះ​ញឹកញាប់ តែមាន​កើតឡើង​ម្ដងម្កាល និង​មិន​ធ្ងន់ធ្ងរ​នោះ ដែរឬទេ? ក្រោយពី​ទិន្នន័យ​បង្ហាញថា បាន​រកឃើញ​អ្នកស្ម័គ្រចិត្ត ៤នាក់ ពី​ចំនួន​ទាំងអស់ ១៩ ០០០នាក់ ក្នុងការ​សាកល្បង​វ៉ាក់សាំង កើតមាន​អាការ​ទាំងនោះ។

សរុបទៅ លោក សាឡា​អ៊ុយ បាន​ប្រាប់ថា លោក​ពេញចិត្ត​ជាមួយនឹង​ទិន្នន័យ​របស់​វ៉ាក់សាំង ដែល​បង្ហាញ​នៅក្នុង​របាយការណ៍ និង​ដែល​បានដាក់​ស្នើ​ទៅ​ទីភ្នាក់ងារ​អាហារ និង​ថ្នាំ នៃ​សហរដ្ឋអាមេរិក ដែល​នៅ​ក្នុងនោះ រួមទាំង​ការបញ្ជា​ក់ថា វ៉ាក់សាំង​ចាប់ផ្ដើម​ផ្ដល់​ការការពារ​យ៉ាងរឹងមាំ បន្ទាប់ពី​បានទទួល​ដូ​ស​ដំបូង​រួចហើយ ទោះជា​នៅតែ​ត្រូវ​ណែនាំ​ឱ្យ ត្រូវតែ​ទទួល​ឱ្យបាន​គ្រប់ ២ដូ​ស ក្នុង​រយៈពេល​ឆ្ងាយ​ពីគ្នា ២១ថ្ងៃ​ក៏ដោយ។

តែ នៅ​មិនទាន់​ប្រាកដ​ច្បាស់​ថា តើ​ពេលណា​ដែល​អង្គភាព​គ្រប់គ្រង​ច្បាប់​នេះ របស់​សហរដ្ឋអាមេរិក នឹង​អនុម័ត​ប្រើ​វ៉ាក់សាំង​មួយ​នោះ​ក្នុងករណី​អាសន្ន តែ​លោក អា​លេក​ស៍ អាសា​រ៍ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានចង្អុលបង្ហាញ​ថា មន្ត្រី​អង្គភាព​នោះ មានការ​សម្រេច​នៅក្នុង​ចិត្ត​រួចហើយ​ថា ប្រហែលជា​ក្នុង​ដើម​សប្ដាហ៍​ខាងមុខ​នេះឯង។

សហរដ្ឋអាមេរិក រំពឹងថា នឹង​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​ឱ្យបាន ២០លាន​នាក់​ក្នុង​ខែ​នេះ ដោយ​ក្នុងនោះ មាន​អ្នក​ស្នាក់អាស្រ័យ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា និង​បណ្ដា​មន្ត្រី​ផ្នែក​សុខភាព​សាធារណៈជា​គោលដៅ​ដំបូង​គេ​បង្អស់។

ក្រៅពីនេះ អាមេរិក នៅមាន​គោលដៅ​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ឱ្យ​ប្រជាជន​ដល់​កម្រិត ១០០លាន​នាក់​ក្នុងអំឡុង​ដំណាច់ខែ​កុម្ភៈ និង​ប្រជាជន​ទាំងអស់​របស់​ប្រទេស ក្នុង​ខែមិថុនា ឆ្នាំ​ក្រោយនេះ។

ទាំងអស់នេះ ប្រទេស​អង់គ្លេស បានចាប់ផ្ដើម​គ្រោងការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-១៩ របស់​ហ្វ៉ៃ​ហ្ស៊ើ​រ និង​បៃ​អូ​អេ​ន​ថេ​ក ខ្នាត​ធំ ឱ្យ​ប្រជាជន​កាលពី​ថ្ងៃ​អង្គារ (ទី៨ធ្នូ) ដោយបាន​ចាប់ផ្ដើម​លើ​ក្រុម​ជន​ចាស់ជរា និង​បុគ្គលិក​ខាង​កិច្ចការងារ​ពេទ្យ មុនគេ  តែ​ក៏​ស្រាប់តែ មាន​របាយការណ៍​ថា មន្ត្រី ២រូប របស់​អង្គភាព​សុខភាព​សាធារណៈ កើតមាន​អាការ​ប្រតិកម្ម​ចាញ់(អាលែកហ្ស៊ី) ក្រោយពី​បានទទួល​វ៉ាក់សាំង​នោះ​ហើយ។

លោក ស្ទី​វេន ហ្វ៉ូ​វី​ស អគ្គនាយក​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​ជាតិ(NHS) បាន​បញ្ជាក់ថា “អាជ្ញាធរ បាន​ណែនាំ ឱ្យ​អ្នក​ដែលមាន​ប្រវត្តិ​ធ្លាប់​កើត​អាការ​ប្រតិកម្ម គួរតែ​ចៀសវាង​ពី​ការចាក់​វ៉ាក់សាំង​នេះ​សិន ក្រោយ​កើតមាន​ករណី អ្នក​ដែល​ធ្លាប់មាន​ប្រវត្តិ​កើត​ជំងឺ​ប្រតិកម្ម​ចាញ់ ២នាក់ កើតមាន​ផលប៉ះពាល់​ពី​ការចាក់​សាំង​នេះ”៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព