សារចំណាប់អារម្មណ៍របស់ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

ជម្រាបសួរប្រជាជនកម្ពុជាជាទីគោរពរាប់អាន។ 

ពេលវេលាមួយឆ្នាំ គឺពិតជាដើរលឿនណាស់ បន្ទាប់ពីពេលដែលខ្ញុំបានមកដល់កម្ពុជាក្នុងនាមជាឯកអគ្គរាជទូតជប៉ុន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំមុន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាដែលបានស្វាគមន៍ និងផ្ញើសារដ៏កក់ក្តៅជាច្រើនមកដល់ខ្ញុំ។

សារចំណាប់អារម្មណ៍របស់ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

ក្រោយពេលខ្ញុំបានមកដល់កម្ពុជា ខ្ញុំក៏បានចាប់ផ្តើមរៀនភាសាខ្មែរ ដើម្បីបង្ហោះវីដេអូជាភាសាខ្មែរ ក្នុងទំព័រហេ្វសប៊ុកនៃស្ថានទូតជប៉ុនជារៀងរាល់សប្តាហ៍។ នេះគឺជាកិច្ចការមួយដ៏ពិបាកខ្លាំងសម្រាប់ខ្ញុំដែលមិនធ្លាប់រៀនភាសាខ្មែរពីមុនមកសោះ។ ប៉ុន្តែដោយសារការអនុវត្ត និងបន្តហ្វឹកហាត់ជារៀងរាល់សប្តាហ៍ ខ្ញុំចាប់ផ្តើមមានអារម្មណ៍សប្បាយរីករាយដោយបានស្វែងយល់ពីវប្បធម៌ខ្មែរ តាមរយៈការរៀនភាសា។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខ្ញុំក៏មានឱកាសបានចុះបំពេញកិច្ចការនៅខេត្តមួយចំនួននៅកម្ពុជាផងដែរ។ ហើយក្នុងនាមជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ខ្ញុំបានចុះទស្សនាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ គឺប្រាសាទអង្គរ ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ និងប្រាសាទព្រះវិហារ ហើយខ្ញុំក៏បានទៅខេត្តព្រះសីហនុ និងទីក្រុងប៉ោយប៉ែត ដែលជាទីកន្លែងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ខ្ញុំចង់ធ្វើទស្សនកិច្ចខេត្តផ្សេងៗទៀតដើម្បីយល់ដឹងពីស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជាកាន់តែច្បាស់។

តាំងពីដើមឆ្នាំនេះមក បញ្ហាមេរោគ Covid-19 បានផ្ទុះឡើងនៅទូទាំងពិភពលោក ហើយធ្វើឲ្យជីវភាពរស់នៅរបស់យើងម្នាក់ៗបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ទោះបីជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពឋិតឋេរ ដោយមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនក៏ដោយ ខ្ញុំដឹងថាប្រជាជនកម្ពុជា ក៏មានការព្រួយបារម្ភ និងជួបប្រទះការពិបាកជាច្រើនផងដែរ។ នៅពេលបច្ចុប្បន្ននេះ មានកម្មវិធីជាច្រើនបានផ្អាក និងពន្យារពេល ហើយការចេញចូលក្នុង និងក្រៅប្រទេសក៏មានការរឹតត្បិត។

កាលពីថ្ងៃទី២១ និង២២ ខែសីហា ថ្មីៗនេះ លោក ម៉ូតេហ្គី រដ្ឋមន្រ្តីការបរទេសជប៉ុនបានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយបានឯកភាពគ្នាជាមួយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ថាប្រទេសយើងទាំងពីរនឹងបើកឲ្យប្រជាជនយើងអាចធ្វើដំណើរទៅវិញទៅមកបានបន្តិចម្តង បន្តិចម្តង ដោយស្របជាមួយនឹងវិធានការផ្សេងៗទប់ទល់នឹង Covid-19 ។

ខ្ញុំក៏សូមណែនាំពាក្យជប៉ុនមួយឃ្លាថា “ピンチはチャンス“ ដែលមានន័យថា ”វិបត្តិគឺជាឱកាស”។ ទោះបីជា ស្ថិតក្រោមស្ថានភាពបែបនេះក៏ដោយ ខ្ញុំនឹងនៅតែគិតគូរថា តើខ្ញុំអាចធ្វើអ្វីបានខ្លះ ក្នុងនាមជាឯកអគ្គរាជទូតជប៉ុន និងបន្តព្យាយាមជម្រុញបន្ថែមទៀតនូវមិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ ដោយសហការជាមួយ លោក លោកស្រី៕

Related Posts

Leave a Reply

Your email address will not be published.