អភិបាលស្រុក​បន្ទាយស្រី៖ កូ​វីដ១៩មិនមែនជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​នោះទេ

សៀមរាប៖   រដ្ឋបាល​ស្រុក​បន្ទាយស្រី​បើក​ការដ្ឋាន​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ទទឹង ៦ម៉ែត្រ មាន​ប្រវែង​សរុប​ជាង ៧គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ស្រុក ដើម្បី​ត​ភ្ជាប់​ជា​យុទ្ធសាស្ត្រ​ភូមិ​ដាច់ស្រយាល​មួយ​នៃ​ឃុំ​ឃុន​រាម ទៅក្នុង​ទីប្រជុំជន​របស់​ស្រុក​បន្ទាយស្រី។

លោក ឃឹម ហ្វី​ណង់ អភិបាល​ស្រុប​ន្ទា​យ​ស្រី​ឱ្យដឹងថា​ដោយសារ​ភាពចាំបាច់ ដែល​តម្រូវឱ្យ​បញ្ចប់​ការសាងសង់​ផ្លូវ​ថ្មី​នេះ​ឱ្យបាន​មុន​ដំណាច់ឆ្នាំ២០២០ រដ្ឋបាល​ស្រុក​បានសម្រេច​រៀបចំ​ពិធីបើកការដ្ឋាន​ក្នុង​ទ្រង់ទ្រាយ​តូច​មួយ ដោយមាន​អ្នកភូមិ​ចូលរួម​តិច និង​ប្រកាន់​វិធាន​សុវត្ថិភាព​តាមរយៈ​ការពាក់​ម៉ាស់ និង​រក្សា​គម្លាត។

លោក​បន្តថា ច្រើន​ឆ្នាំ​មកហើយ ដែល​អ្នកភូមិ​អូរ​ប៉ោង ស្ថិតនៅ​ដាច់ស្រយាល​ឆ្ងាយ​ពី​គេឯង ពិបាក​ទាំង​ការធ្វើដំណើរ ការដឹកជញ្ជូន​កសិផល ការទទួល​សេវា​រដ្ឋបាល សេវា​សុខាភិបាល ក៏ដូចជា​ការបញ្ជូន​កូនចៅ​ទៅមក​សាលារៀន ដោយ​ត្រូវ​ផ្ញើរ​ខ្លួន​ទៅនឹង​ឃុំ​ដទៃ និង​ប្រើប្រាស់​ផ្លូវ​វាង​ដែលមាន​ចម្ងាយ​ឆ្ងាយ។

លោក​បន្ថែមថា ផ្លូវ​ថ្មី ត្រង់ ហើយ​ធំ​ទូលាយ​មួយ​ខ្សែ​នេះ នឹង​សមាហរណកម្ម​អ្នកភូមិ​អូ​ប៉ោង​ចូលទៅក្នុង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ស្រុក ត​ភ្ជាប់​ដោយផ្ទាល់​មកកាន់​ផ្លូវ​ហាយ​វេ​លេខ៦៦នៃ​ភូមិ​កំ​ព្រហ្ម ធ្វើឱ្យ​ចំណេញ​ការធ្វើដំណើរ​ជាង១០គីឡូម៉ែត្រ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ដោយហេតុតែ​ការបម្រើ​សេវា​រដ្ឋបាល អប់រំ និង​សុខាភិបាល​ជូន​បងប្អូន​សហគមន៍​នៅ​តំបន់​នេះ​នឹងមាន​ភាពប្រសើរ​ជាង​មុន។

លោក​បញ្ជាក់ថា ភាពងាយស្រួល​ថ្មី​នេះ​ក៏​នឹង​ជម្រុញ​ចរន្ត​សេដ្ឋកិច្ច​ឱ្យមាន​ភាពរលូន​ជាង​មុន ជាពិសេស​សម្រាប់​ការដឹកជញ្ជូន​កសិផល​ទៅកាន់​ទីផ្សារ ដែល​សូម្បីតែ​ការដឹកជញ្ជូន​កសិផល​មកពី​ភូមិ​ឃុំ​នៅក្នុង​ស្រុក​អង្គរធំ(ដែល​ជាប់​ព្រំប្រទល់​ជាមួយនឹង​ស្រុក​បន្ទាយស្រី)ក៏​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ផ្លូវ​ថ្មី​នេះដែរ ៕

#អរគុណសន្តិភាព