ភ្នំពេញ÷ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ បានសរសេថា ចាប់ពីថ្ងៃ ១រោច ខែភទ្របទ ស្អែកនេះ រហូតដល់ថៃ្ងទី ១៥រោច ក្នុងរយៈពេល ១៥ថៃ្ង ជាឱកាសពុទ្ធបរិស័ទ ប្រារព្ធពិធី បុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យដ៏ធំប្រចំាឆ្នាំ តាមបែបព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន មានឪពុក ម្តាយ ជីដូនជីតា បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកឋានទៅកាន់បរមលោក។

សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា ក្រោមម្លប់ សុខសន្តិភាព និងការអភិវឌ្ឍ បងប្អួនជនរួមជាតិ រីករាយ ជ្រះថ្លាក្នុងការធ្វើបុណ្យទាន នៅ តាមគ្រប់វត្តអារាមនៅទូទំាងប្រទេស។ ប៉ុន្ដែសូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច នូវវិធានការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្ដេចក៏បានណែនាំ ឱ្យបងប្អូន កូនក្មួយទំាងអស់ កុំធ្វេសប្រហែសការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩នេះ យើងអាចនឹងភ្លេចកូវីដ-១៩ តែជំងឺនេះ មិនដែលភ្លេចយើងនោះទេ។
ជាមួយគ្នានោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏ជំរុញឱ្យបងប្អូន កូនក្មួយទំាងអស់ការពារខ្លួនជាប់ជានិច្ច ដើម្បីកុំឱ្យជំងឺនេះឆ្លងមកលើខ្លួនយើង គ្រួសារយើង និងសហគមន៍យើង។ ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរតាមដងផ្លូវ ចូលរូមគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅវិញ ទៅមកនៅក្នុងការធ្វើដំណើរ។
សម្ដេចប្រធានក៏សូមជូនពរដល់ជនរួមជាតិ ប្រកបដោយសេចក្តីសុខ សុភមង្គល គ្រប់ក្រុមគ្រួសារ៕