ខេត្តតាកែវ​ជាប់​ចំណាត់​លេខ១ ចំនួន៨ឆ្នាំ ខេត្ត​មួយ​ក្នុងចំណោម​ខេត្តធំៗដែលមាន​សក្តានុពល​លើ​ផលិតកម្ម​ដំណាំ​ស្រូវ

ភ្នំពេញ៖    កែវ​គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្តធំៗដែលមាន​សក្តានុពល​លើ​ផលិតកម្ម​ដំណាំ​ស្រូវ​ជាប់​ចំណាត់​លេខ១ ចំនួន៨ឆ្នាំ ចំណាត់ថ្នាក់​លេខ២ ចំនួន ៨ឆ្នាំ និង​ចំណាត់ថ្នាក់​លេខ៣ ចំនួន ២ឆ្នាំ​ចុងក្រោយ ហើយក៏​ជា​ខេត្ត​មួយ​មាន​ច្រក​នាំចេញ​ផល​ស្រូវ​ធំ​មួយ​ទៅកាន់​ប្រទេសជិតខាង តាម​មធ្យោបាយ​ផ្លូវទឹក និង​ផ្លូវគោក។

ក្នុង​ឆ្នាំ២០២០ នេះ យោងតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត កាលពី​ថ្ងៃទី១៥ ខែធ្នូ បាន​ឲ្យ​ដឹងថា​តួលេខ​ក្នុង​ផែនការ​បង្កបង្កើនផល​ស្រូវ​រដូវរ​ស្សា​មាន​ផ្ទៃដី​សរុប​ចំនួន ១៨០ ០០០ហ.ត អនុវត្តបាន​ចំនួន ២០៩ ៣៧៣ ហិកតា ស្មើ ១១៦% ទិន្នផល ៣,៤ត/ហ.ត ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន ៧១១ ៤២៣ត លើស​ឆ្នាំមុន​ចំនួន ៣៥ ៣៧២ត។

ដោយឡែក​ចំពោះ​ស្រូវប្រាំង​វិញ តួលេខ​ក្នុង​ផែនការ​មាន​ចំនួន ៨០ ០០០ ហ.ត អនុវត្តបាន​ចំនួន ១០១ ៥១១ហ.ត ស្មើនឹង ១២៧% ទទួលបាន​ទិន្នផល ៤,៨៩៨ត/ហ.ត បរិមាណ​ផល​សរុបទ​ចំនួន ៤៩៧ ២០១ត តិចជាង​ឆ្នាំមុន ៦ ៦៨៤ត (បញ្ហា​មកពី​ខ្វះ​ទឹក​មិនអាច​ធ្វើ​លើក​ទី២ បាន)។

ចំពោះ​ការនាំចេញ ខេត្តតាកែវ​មាន​ច្រក​នាំចេញ​ផល​ស្រូវសំខាន់ៗចំនួន ៤ ទៅកាន់​ប្រទេស​ជិត ខាង គឺ​ច្រក​កំពង់ទូក​អង្គរបុរី ច្រក​កំពង់អំពិល ច្រក​ភ្នំ​ដិ​ន ច្រក​ដើម​ដូង និង​ប្រឡាយ ៩២។

គិត​មកទល់​ថ្ងៃទី១៥ ខែធ្នូ ផល​ស្រូវ​ចំនួន ១៣៦ ៨៥២តោន ត្រូវបាន​នាំចេញ៕

#អរគុណសន្តិភាព