ចក្រភព​អង់គ្លេស និង​អៀឡង់​ខាងជើង ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​ដល់ កម្ពុជា

ភ្នំ​ព​ញ៖  នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០  លោកជំទាវ   Tina Redshaw   ឯកអគ្គរាជទូត វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ចក្រភព​អង់គ្លេស​និង​អៀឡង់​ខាងជើង​បាន​មានប្រសាសន៍ថា ចាប់ពី​ថ្ងៃ    ទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភព​អង់គ្លេស​នឹង​អនុវត្ត​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​ឯករាជ្យ។

រដ្ឋមន្ត្រី​ទាំងអស់​របស់​អង់គ្លេស​បានសំរេច​ថា​នឹងមិន​បន្ត​អនុវត្ត​ការព្យួរ​មួយផ្នែក​នៃ​ប្រព​ន្ធ័​អនុគ្រោះ​ពន្ធ​របស់ សហភាព​អឺរ៉ុប​ក្នុង​ក្របខ័ណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ មកលើ​កម្ពុជា​ទៀត​ទេ ដោយហេតុថា ចក្រភព​អង់គ្លេស​បាន​មើលឃើញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ-១៩ មកលើ​ក្រុមមនុស្ស​ងាយ​រងគ្រោះ​ជាច្រើន​នៃ​សង្គម​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​ទាំង​កម្មករ​រោងចក្រ​ផងដែរ។

លោកជំទាវ​ឯកអគ្គរាជទូត បាន​មានប្រសាសន៍ថា ចក្រភព​អង់គ្លេស​កំពុង​រិះរក​វិធី ដើម្បី​បង្កើត​កិច្ចសន្ទនា​ទៀងទាត់​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​លើ​បញ្ហាផ្សេងៗពាក់ព័ន្ធ​និង​វិស័យ​សិទ្ធិមនុស្ស និង​សេរីភាព ផ្សេងៗទៀត។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​ការកោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ការសំរេចចិត្ត​របស់​ច​ក្រ​ភព​អង់គ្លេស​នេះ ដោយបាន​ចាត់ទុក​ការសំរេចចិត្ត​នេះ​ថា ជាការ​ជំរុញ និង​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ថា ការសំរេចចិត្ត​នេះ​គឺ​ពិតជា​ដំណឹង​ល្អ​សំរាប់​កម្មករ​កម្ពុជា​នៅពេលដែល​ពួកគេ​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​មហន្តរាយ​នៃ​ជំងឺ​កូ​វីដ-១៩។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា កម្ពុជា​បេ្ត​ជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការកសាង​ទំនាក់ទំនង​ដែល​ផ្តល់​ផល​ប្រ​យោ​ជ​ន៌​ទៅវិញទៅមក​ជាមួយ​ចក្រភព​អង់គ្លេស​ទាំង​លើ​វិស័យ​ទ្វេភាគី  និង​ពហុភាគី៕

#អរគុណសន្តិភាព