អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ​នៅ​បរិវេណ​ក្រុង​អង្គរធំ

សៀមរាប៖  ឯកឧត្តម ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួមទាំង​សហការី បាន​ចុះ​ពិនិត្យ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ​ដែលមាន​ទីតាំងនៅ​ព្រះរាជ​រោង​សិត​លោហៈ​នា​ជ្រុង​ពាយ័ព្យ​នៃ​ក្រុង​អង្គរធំ​នៅ​រសៀល​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។

គម្រោង​នេះ​មាន​ឈ្មោះថា​LANGAU – សិត​ថ្វាយ​ព្រះមហាក្សត្រ៖ ការសិក្សា​អំពី​លោហកម្ម​បុរាណ​នៃ​រោង​ជាង​សំរឹទ្ធ​ក្នុង​ព្រះបរមរាជវាំង​ក្រុង​អង្គរធំ កាលពី​អំឡុង​សតវត្សរ៍​ទី១១ ដល់១២នៃ​គ.ស.។

គោលបំណង​សំខាន់​របស់​គម្រោង​នេះ គឺ​ដើម្បី​កំណត់​ពី​ប្រភព​នៃ​ការផ្គត់ផ្គង់ ធាតុ​ទង់ដែង​ទាំង​នៅក្នុង​ស្រុក​ខ្មែរ​នា​សម័យបុរាណ និង​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​ផង។

កំណាយ​ស្រាវជ្រាវ​នេះ​ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​សាលា​បារាំង​ចុង​បូព៌ា(EFEO) ថែមទាំង​មានការ​ចូលរួម​ពី​ក្រុម​ស្រាវជ្រាវ អ្នកជំនាញ​ផ្នែក​បុរាណវិទ្យា​អ្នកជំនាញ​ផ្នែក​លោហៈកម្ម​បុរាណ​អ្នកជំនាញ​ផ្នែក​ភូ​គ​ព្ភ​បុរាណ អ្នកជំនាញ​ផ្នែក​កុលាលភាជន៍ អ្នកជំនាញ​ផ្នែក​រូបវិទ្យា និង​អ្នកជំនាញ​ផ្នែក​ជួសជុល​លោហៈ អន្តរជាតិ ផង ។

សកម្មភាព​កំណាយ​នៅលើ​ទីតាំង ដែល​ធ្វើឡើង​តាំងពី​ឆ្នាំ២០១៦ រហូតមកដល់​ពេលនេះ បាន​ប្រទះឃើញ​សំណល់​ជាច្រើន រួមមាន​ឡ​ចំហេះ​ធ្យូងថ្ម​ចំនួន២០កន្លែង ឡ​សិត​លោហៈ និង​រោង​ជាង​ដំ​លោហៈ ជ​ញ្ញាំ​ង​ឡ បណ្តុំ​ឈ្នុល ឈ្នុល ជើង​កាល់ ជើង​ទម្រ និង​ចង្ក្រាន​សិត​លោហៈ​ជាដើម។ តាម​ការពិនិត្យ​រុករក​ផ្នែក​ភូ​គ​ព្ភ​គីមី នៅ​ផ្ទៃដី​ប្រមាណ៧៥០០ម៉ែត្រក្រឡា ឱ្យដឹងថា​ការបំពុល​ដី​ដោយ​លោហៈ​ធ្ងន់ ក៏​អាចជួយ​ឱ្យ​ក្រុម​អ្នកជំនាញ​ដឹង​ពី​វិសាលភាព​នៃ​ទីតាំង​របស់​ព្រះ​រាជរោង​សិត​លោហៈ និង​ផលប៉ះពាល់​បរិវេណ​ក្បែរ​នោះដែរ។

ទិន្នន័យ​នៃ​ការវិភាគថ្មីៗ និង​លទ្ធផល​នៃ​ការសិក្សា​បច្ចេកទេស​វិទ្យា​ផ្សេងទៀត ជាពិសេស​បដិមា​អំពី​លោហៈ បង្ហាញ​ពី​ភាព​ចម្រុះ​នៃលក្ខណៈ​បច្ចេកទេស​របស់​ជាង​ស្មិត​នៅក្នុង​ព្រះបរមរាជវាំង​សម័យបុរាណ អាចឱ្យ​អ្នកស្រាវជ្រាវ​សម័យថ្មី យល់ដឹង​អំពី​របៀប​រស់នៅ​និង​ការរៀបចំ​នៃ​រោង​សិប្បកម្ម​លោហៈ​ទាំងមូល នៅក្នុង​រដ្ឋការ​ខ្មែរ​នា​សម័យអង្គរ​បាន៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.