សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​ថ្មី នៃ​ខេត្ត​ប៉ៃលិន, លោកស្រី បាន ស្រីមុំ ជំនួស​លោក ផាន់ ចាន់​ធុល

ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាល​ថ្មី នៃ​ខេត្ត​ប៉ៃលិន។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ២ ដាច់ដោយឡែក​ពីគ្នា ដោយ​តែងតាំង លោកស្រី បាន ស្រីមុំ អតីត​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ជា​អភិបាលខេត្ត​ប៉ៃលិន ជំនួស លោក ផាន់ ចាន់​ធុល ដែល​ត្រូវបាន​ដំឡើង​ជា អនុរដ្ឋលេខាធិការ នៃ​ក្រសួងមហាផ្ទៃ។

ព្រះរាជក្រឹត្យ​តែងតាំង​អ្នក​ទាំងពីរ​នេះ បានធ្វើ​ឡើង​តាម​សំណើ​ទូលថ្វាយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

លោក ផាន់ ចាន់​ធុល បាន​ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​ប៉ៃលិន ជំនួស លោក កើត សុធា ដែល​ដាក់ឱ្យ​ចូលនិវត្តន៍ កាលពី​ខែមេសា ឆ្នាំ២០១។ ដោយឡែក លោកស្រី បាន ស្រីមុំ ក៏បាន​ជាប់​ជា​តំណាងរាស្ត្រ២អាណត្តិ​ជាប់​គ្នា នៅ​មណ្ឌល​ប៉ៃលិន ចាប់តាំងពី​ឆ្នាំ២០១៣មក៕

 

#អរគុណសន្តិភាព