ការសាងសង់​ព្រលានយន្ដហោះ​ថ្មី​នៅ​សៀមរាប សម្រេចបាន​ជាង៣០%ហើយ !

សៀមរាប៖    មន្ដ្រីជាន់ខ្ពស់ នៃ​អាកាសចរ​ស៊ីវិល​កម្ពុជា បាន​ចុះ​ពិនិត្យមើល​គម្រោង​ស្ថាបនា​អាកាសយានដ្ឋាន​អន្ដរជាតិ​ថ្មី​សៀមរាប​អង្គរ ក្នុង​គោលបំណង​ពិនិត្យមើល​ពី​វឌ្ឍនភាព នៃ​ការសាងសង់ ក្រោយ​ពេលដែល​បានចាប់ផ្ដើម​សាងសង់​តាំងពី​ខែមីនា ឆ្នាំ២០២០កន្លងមក។

ក្នុង​ដំណើរ​ទស្សនកិច្ច​ការដ្ឋាន​ជា​លើក​ទី២នេះ ដឹកនាំ​ដោយ​ឯកឧត្ដម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល​ទទួលបន្ទុក​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ដើម្បី​សិក្សា​បន្ថែម​អំពី​វឌ្ឍនភាព​នៃ​គម្រោង កាលពី​ព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន នៃ​អាកាសចរ​ស៊ីវិល​កម្ពុជា​ឯកឧត្ដម ស៊ីន ចាន់​សិរី​វុត្ថា មានប្រសាសន៍ថា បើទោះបី​កម្ពុជា ក៏ដូចជា​សកលលោក​បាន​ជួប​វិបត្ដិ​កូ​វីដ-១៩ក្ដី ក៏ប៉ុន្ដែ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្ដរជាតិ​ថ្មី​នៅលើ​ទីក​ដី​អង្គរ​ខេត្ដ​សៀមរាប បាន​ដំណើរការ​ជាធម្មតា ពោល​ក្រុមការងារ​មមាញឹក​ខ្លាំង​ដើម្បីអោយ​ការអភិវឌ្ឍ​នោះ​ទទួលបាន​នូវ​លទ្ធផល​ល្អ។

ឯកឧត្ដម​បញ្ជាក់ថា មកដល់ពេលនេះ​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ចិន AIAI(Angkor International Airport Investment) បាន​សាងសង់​សម្រេច​គម្រោង​រួម​បាន​ជាង៣០%ហើយ ក្នុងនោះ​មាន​គម្រោង​ចំនួន៣ធំ​រួម មាន​សង់​សំណង់​អាគារ, សំណង់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចុះចត​យន្ដហោះ និង​សំណង់ផ្សេងៗដែល​ពាក់ព័ន្ធ​នឹង​សេវាកម្ម​របស់​អាកាសយា​ន​ដ្ឋា​ន។

ឯកឧត្ដម បាន​បន្ថែមថា ក្រុមហ៊ុន​វិ​នី​យោគ​ចិន​នោះ បាន​បង្កើន​ការងា​ទាំងយប់​ទាំង​ថ្ងៃ ដើម្បីអោយ​សម្រេច​គោលដៅ​ដូច​អ្វីដែល​កម្ពុជា​បានគ្រោង​ទុក ខណ:ដែល​គម្រោង​សាងសង់​អាកា​សយ​ដ្ឋា​ន​នេះ គ្រោង​នឹង​បញ្ចប់​ទាំងស្រុង និង​ដាក់អោយ​ដំណើរការ​នៅ​ឆ្នាំ២០២៣ខាងមុខ។

ឯកឧត្ដម​បន្ដទៀតថា ក្រុមហ៊ុន​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​នេះ​អនុវត្ដ​ការងារ​មានគុណ​ភាពល្អ និង​មាន​ភាព​ល្បី​ល្បាយ​លំដាប់​ពិភពលោក ទើប​កម្ពុ​ជាមាន​ភាពជឿ​ង​ជាក់ និង​អាច​នឹង​សម្រេច​តាម​គោលដៅ​កំណត់។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​នោះ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ពពេល ស្រុក​សូទ្រនិគម​ខេត្ដ​សៀមរាប ដែល​បានចាប់ផ្ដើម​សាងសង់​កាលពី​ពាក់កណ្ដាល​ខែមីនា ឆ្នាំ២០២០នេះ នៅលើ​ផ្ទៃដី​ប្រមាណ៧០០ហិកតា ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៣ ដែលមាន​រយៈពេល៣ឆ្នាំ ក្រោយពី​អ្នកជំនាញ​បាន​សិក្សា​ប្លង់​មេ​រួចរាល់​កាលពី​ឆ្នាំ២០១៦កន្លង។

ឯកឧត្ដម​បាន​បន្ថែម​ថាបើ​ទោះបី​មាន​បញ្ហា​ជំងឺ​កូ​វីដ-១៩ក៏ដោយ​ក៏​ការសាងសង់​ព្រលាន​អន្ដរជាតិ​ថ្មី​នេះ មិនមាន​ផលប៉ះពាល់​ដល់​ការសាងសង់​ធ្ងន់ធ្ងរ​នោះទេ ដោយ​កម្លាំង​កម្មករ ក៏​ដូច​អ្នកជំនាញ​មាន​វិធី​ការពារ​តាម​ការណែនាំ​ពី​ក្រសួងសុខាភិបាល៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.