សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រួចខ្លួន​ម្នាក់ទៀត!!  លោក​ត្រាំ លើកលែងទោស​ឱ្យ​អតីត​ទីប្រឹក្សា​ក្រុម​ឃោសនា​រក​សំឡេងឆ្នោត​ម្នាក់ ដែល​ធ្លាប់​កុហក FBI ក្នុង​រឿងក្ដី រុស្ស៊ី​ជ្រៀតជ្រែក​កាបោះឆ្នោត

សហរដ្ឋអាមេរិក៖  លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៃ​សហរដ្ឋអាមេរិក បានចេញ​បញ្ជា​លើកលែងទោស កាលពី​ថ្ងៃទី២២ ធ្នូ ដល់​លោក ច​ច ប៉ា​ប៉ា​ដូ​ពូ​ឡូ​ស(George Papadopoulos) អតីត​ទីប្រឹក្សា​ក្រុម​ឃោសនា​រក​សំឡេងឆ្នោត ដែល​ធ្លាប់​ព្រម​សារភាពថា ខ្លួន​បានផ្ដល់​ចម្លើយ​មិន​ពិត ទៅឱ្យ​មន្ត្រី​នៃ​ភ្នាក់ងារ​ស៊ើបអង្កេត​មជ្ឈិម ឬ FBI ក្នុង​រឿងក្ដី​ប្រទេស​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត កាលពី​ឆ្នាំ២០១៦ ដោយ​ការលើកលែងទោស​នេះ អាច​រាប់បាន​ថា ជាការ​ធ្វើឡើង​ចំពោះ​អតីត​មនុស្ស​ជំនិត​ចុងក្រោយ​បំផុត​ម្នាក់ ដែល​បានទទួល​ការជួយ​ឱ្យ​រួចផុត​ទោសទណ្ឌ ក្នុងអំឡុង​មិន​ប៉ុន្មាន​សប្ដាហ៍ មុនពេល​លោក​ត្រាំ នឹង​ផុតពី​តំណែង។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

មេដឹកនាំ​សហរដ្ឋអាមេរិក វ័យ ៧៤ឆ្នាំ​រូបនេះ ថែមទាំង​បានប្រកាស​អភ័យទោស​ឱ្យ​លោក អា​លេក​ស៍ វែ​ន ដឹ ស្វាន(Alex van der Zwaan) កូនប្រសា​ប្រុស សញ្ជាតិ​ហូ​ឡង់ វ័យ ៣៦ឆ្នាំ របស់​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី “ជើ​ម៉ាន់ ខាន” ដែល​ត្រូវ​តុលាការ​អាមេរិក កាត់ក្ដី​ឱ្យ​ជាប់ពន្ធនាគារ ៣០ថ្ងៃ និង​រង​ការពិន័យ​ថែមទៀត ២០ ០០០ដុល្លារ ក្នុង​កំហុស កុហក​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​អយ្យការ​កំពូល លោក រ៉ូ​ប៊ើ​ត មុ​ល​លើ​រ៍  ក្នុង​រឿង​ទំនាក់ទំនង​ជជែក​ពិភាក្សា ជាមួយ​ក្រុម​ឃោសនា​រក​សំឡេងឆ្នោត​ឱ្យ​លោក​ត្រាំ កាលពី​ឆ្នាំ2016។

បុគ្គល​ទាំង២ ស្ថិតនៅ​ក្នុងចំណោម​បុគ្គល ១៥នាក់ ដែល​លោក​ត្រាំ នឹង​ចេញ​បញ្ជា​អភ័យទោស​ឱ្យ ក្នុងអំឡុង​ពេលមុនរ​ដូ​វ​កាល​បុណ្យ​គ្រិស្ត​ស្មាស់ ឆ្នាំនេះ នេះ​នៅ​មិនទាន់​រួមជាមួយ​មនុស្ស ៥នាក់​ទៀត ដែល​បានទទួល​ការបន្ធូរបន្ថយ​ទោស​ទៀ​ត​ផង។

បញ្ជី​ឈ្មោះ​បុគ្គល ដែល​បានទទួល​ការ​អភ័យទោស ឬ​បន្ធូរ​បន្ថយទោស ដោយ​លោក ដូ​ណា​ល់ ត្រាំ នៅ​រួមទាំង​អតីត​សមាជិកសភា​កុង​ហ្ក្រេ​ស ខ្សែ​គណបក្ស​រី​ផា​ប្លី​កាន់ ៣នាក់ និង​អតីត​ទាហាន​សហរដ្ឋអាមេរិក ៤នាក់​ទៀត ដែល​ត្រូវ​តុលាការ​កាត់ក្ដី ដាក់ទោស​ពីបទ​សម្លាប់​ពលរដ្ឋ​អ៊ីរ៉ាក់​ទៀតផង។

លោក ប៉ា​ប៉ា​ដូ​ពូ​លូ​ស វ័យ ៣៣ឆ្នាំ ធ្លាប់​ធ្វើជា​ទីប្រឹក្សា​ក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​របស់លោក​ត្រាំ កាលពី​ឆ្នាំ2016 និង​ក្រោយមក​ក្នុង​ឆ្នាំ2017 លោក​បាន​ព្រម​សារភាពថា លោក​បាន​កុហក​មន្ត្រី FBI ពាក់ព័ន្ធ​នឹង​ពេលវេលា និង​អត្ថន័យ​សំខាន់ របស់​ការទំនាក់ទំនង​ជាមួយ​ក្រុម​បុគ្គល​ដែលមាន​សម្ព័នភាព​ជាមួយ​មន្ត្រី​លំដាប់​កំពូល​របស់​រុស្ស៊ី។

លោក​អយ្យការ​កំពូល មុ​ល​លើ​រ៍ បានបញ្ជាក់​នៅក្នុង​កំណត់ហេតុ​ណែនាំ ដែល​បានប្រគល់​ទៅឱ្យ​តុលាការ​ថា “បទឧក្រិដ្ឋ ដែល​ជនសង្ស័យ​បង្កឡើង​នោះ មាន​កម្រិត​ធ្ងន់ធ្ងរ និង​បង្ក​ការខាតបង់​ដល់​កម្មវិធី​ស៊ើបអង្កេត​របស់​រដ្ឋបាល ចំពោះ​ករណី​ដែល​ប្រទេស​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​កាលពី​ឆ្នាំ2016”។

លោកប៉ា​ប៉ា​ដូ​ពូ​លូ​ស ត្រូវបាន​នាំខ្លួន​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​បានតែ ១២ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ចំនួន​ទោស​ជាប់ពន្ធនាគារ​ទាំងអស់ ១៤ថ្ងៃ បន្ទាប់ពីនោះ​ក៏បាន​ទទួល​ការដោះលែង​បណ្ដោះអាសន្ន ដោយ​ស្ថិតក្រោម​ការតាមដាន រយៈពេល ១២ខែ ដែល​លោក​ត្រាំ បាន​ថ្កោលទោស​ការស៊ើបអង្កេតរ​បស់​លោ​កមុល​លើ​រ៍ ថា ជាការ “ប្រមាញ់​មេ​ធ្មប់”

ទាំងអស់នេះ មន្ទីរ​សេត​វិមាន បាន​បញ្ជាក់ថា “ការ​អភ័យទោស​ក្នុងថ្ងៃនេះ ជាការ​ជួយ​កែ​កំហុស​ទាំងឡាយ ដែល​ក្រុមការងារ​របស់​លោ​កមុល​លើ​រ៍ បានធ្វើ​ខុស​ចំពោះ​មនុស្ស​ជាច្រើន​នាក់។

លោក អាដាម ឈី​ហ្វ​ហ្វ៍ ប្រធាន​គណៈកម្មការ​ព័ត៌មាន​សម្ងាត់ របស់​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក បានចង្អុលបង្ហាញ​ថា លោក​ត្រាំ បាន​ប្រើប្រាស់​អំណាច​ដោយ​ខុសច្បាប់ បញ្ជា​ឱ្យមាន​ការ​អភ័យទោស​ទាំងនោះ “ដើម្បី​ជា​រង្វាន់​សម្រាប់​មិត្តភក្តិ និង​សម្ព័ន្ធមិត្ត​ខាង​នយោបាយ ដែល​បាន​កុហក​ដើម្បី​ការពារ​រូបគាត់, ផ្ដល់​ការជួយ​សង្គ្រោះ​ដល់​អ្នក​ដែល​កាប់សម្លាប់​ពលរដ្ឋ និង​ធ្វើឱ្យ​កម្មវិធី​ការស៊ើបអង្កេត​ដែល​បើក​កកាយ​ទង្វើ​ខុសច្បាប់​ដ៏​ធំ​មួយ ធ្លាក់​ចុះខ្សោយ​ប្រសិទ្ធភាព”

កាលពី​ខែ​កន្លងទៅ លោក​ត្រាំ  បានប្រកាស​អភ័យទោស ឱ្យ​លោក ម៉ៃ​ឃើ​ល ហ្វ្ល៊ី​នន៍ អតីត​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ ដែល​បាន​សារភាពថា ធ្លាប់​កុហក​FBI ដល់​ទៅ ២ដង ក្នុង​រឿងក្ដី​ប្រទេស​រុស្ស៊ី​កកូរកកាយ​ការបោះឆ្នោត ដែល​ការចេញ​បញ្ជា​អភ័យទោស​ឱ្យ​លោក​ហ្វ្ល៊ី​នន៍ នេះ បានធ្វើឱ្យ​មានការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ពី​គណបក្ស​ដេ​ម៉ូ​ក្រេ​ត និង​អ្នក​រិះគន់​ជាច្រើន​នាក់។

ថយ​ត្រឡប់​ទៅ​កាលពី​ខែកក្កដា លោក​ដូ​ណា​ល់ ត្រាំ ក៏បាន​ប្រើ​អំណាច​ប្រធានាធិបតី ចេញ​បញ្ជា​បន្ធូរ​បន្ថយទោស ឱ្យ​មិត្តភក្តិ​ជិតស្និទ្ធ​ម្នាក់​ឈ្មោះ “រ៉ូ​ជើរ ស្តូ​ន” ដែល​ធ្វើឱ្យ​បុគ្គល​រូបនោះ មិន​ត្រូវបាន​ជាប់ពន្ធ​នាគារ​ពីបទ កុហក​ក្រោម​ការធ្វើ​សម្បថ​ចំពោះមុខ​រដ្ឋសភា​សហរ​ដ្ឋ​អាមេរិក ក្នុង​រឿងក្ដី​ប្រទេស​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​កាល​ឆ្នាំ2016៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័យ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព