រដ្ឋមន្ត្រី​ទេសចរណ៍​ដឹកនាំ​ប្រជុំ​ក្រុមការងារ​ជំនាញ​ដើម្បី​ត្រៀមលក្ខណៈ​អនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ-១៩

ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​ដឹកនាំ​ប្រជុំ​ក្រុមការងារ​ជំនាញ ដើម្បី​ត្រៀមលក្ខណៈ​អនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ-១៩។

សូមជម្រាបថា ក្រសួងទេសចរណ៍​បានរៀបចំ​សេចក្តីព្រាង​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ឆ្នាំ២០២០-២០២៥ រួចហើយ ដែល​ផែនទី​ចង្អុល​ផ្លូវ​នេះ​ចែកចេញជា ០៣ដំណាក់កាល៖

➢ ដំណាក់កាល​ទី១៖ ការគ្រប់គ្រង​វិ​ប​តិ្ត​ក្នុងដំណាក់កាល​ទម្លាប់​ថ្មី (New Normal) និង​ការរៀបចំ​ផែនការ​ស្តារឡើងវិញ (២០២០-២០២១)

➢ ដំណាក់កាល​ទី២៖ ការស្តារ​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​កូ​វីដ-១៩ (២០២២-២០២៣)

➢ ដំណាក់កាល​ទី៣៖ ការរៀបចំ​ឆ្ពោះទៅកាន់​អនាគត​ថ្មី​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា (២០២៤-២០២៥)

សេចក្តីព្រាង​ផែនទី​ចង្អុល​ផ្លូវ​នេះ​បានដាក់​ឆ្លង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​អ​វិ​ឌ្ឍ​ន៍​ទេសចរណ៍ និង​បានទទួល​ការគាំទ្រ​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​គ្រោង​នឹងដាក់​ឆ្លង​កិច្ចប្រជុំ​ចុងក្រោយ​របស់​គណៈកម្មាធិកា​រ​ជាតិ​អ​វិ​ឌ្ឍ​ន៍​ទេសចរណ៍ និង​ដាក់​ឆ្លង​រាជរដ្ឋាភិបាល​នាពេលឆាប់ៗខាងមុខនេះ៕

#អរគុណសន្តិភាព