សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

នុះ!! មកដល់​អាស៊ាន​ហើយ!! សិង្ហ​បុរី​រកឃើញ​អ្នក​ឆ្លង​មេរោគ “កូ​វីដ​ក្លាយ​ពូជ” មកពី​អង់គ្លេស​ដំបូង​គេ

បរទេស៖ រដ្ឋបាល​នៃ​ប្រទេស​សិង្ហ​បុរី បាន​ថ្លែងការណ៍ អំពី​ការរកឃើញ​អ្នកជំងឺ​ដំបូង​គេ ដែល​ឆ្លង​មេរោគ​កូ​វីដ-១៩ ក្លាយ​ពូជ មកពី​ចក្រភព​អង់គ្លេស និង​មាន ១១នាក់​ទៀត កំពុងស្ថិត​ក្នុងដំណាក់កាល​ដាក់​ឱ្យនៅ​ដោយឡែក បន្ទាប់ពី​មាន​លទ្ធផល​ពិនិត្យ រយៈ​ដំបូង​ចេញមក​ថា បាន​ឆ្លង​មេរោគ​វីរុស​ក្លាយ​ពូជ​ដូចគ្នា។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

អ្នកជំងឺ​ទាំងអស់ បានធ្វើ​ដំណើរ​មកពី​ទ្វីបអឺរ៉ុប និង​ត្រូវ​បញ្ជូនទៅ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក ដើម្បី​ធ្វើ​ចត្តា​ឡី​ស័ក រយៈពេល ១៤ថ្ងៃ នៅក្នុង​ទីកន្លែង​ដែល​រដ្ឋ​បានកំណត់ និង​មួយចំនួន ត្រូវបាន​បំបែក​ដាក់​ឱ្យនៅ​ដោយឡែក​តាំងពី​ពេលធ្វើ​ដំណើរ​មកដល់​ប្រទេស ចំណែក​បុគ្គល​ដែល​ធ្លាប់​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ ក៏ត្រូវ​បញ្ជា​ឱ្យ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ដូចគ្នា​ដែរ។

ក្រសួងសុខាភិបាល​នៃ​ប្រទេស​សិង្ហ​បុរី បាន​ថ្លែង​កាលពីពេល​ព្រលប់ ថ្ងៃ​ពុធ ទី២៣ធ្នូ ដោយបាន​អះអាង​អំពី​មេរោគ​កូ​វីដ-១៩ ក្លាយ​ពូជ មកពី​ប្រទេស​អង់គ្លេស ដែល​អាច​ចម្លង បាន​ងាយ​ជាង​មេរោគ​កូ​វីដ​ប្រភេទ​ចាស់​នោះ ថា “យើង​នៅ​មិនទាន់​រកឃើញ​ភ័ស្តុតាង​ដែល​អះអាងថា មេរោគ​ប្រភេទ B.1.1.7 មានការ​ចម្លង​សាយភាយ​នៅក្នុង​ទីប្រជុំជន​នៅឡើយ​ទេ”

ក្នុង​បណ្ដា​អ្នកដំណើរ​មកពី​ទ្វីបអឺរ៉ុប ដែល​ធ្វើដំណើរ​មកដល់​ប្រទេស​សិង្ហ​បុរី ក្នុង​ចន្លោះ​ថ្ងៃទី១៧ វិច្ឆិកា ដល់​ថ្ងៃទី១៧ ធ្នូ មាន​ចំនួន ៣១នាក់ ដែល​ពិនិត្យឃើញ​មាន​ផ្ទុកមេរោគ​កូ​វីដ-១៩ ។

សម្រាប់​អ្នក​ឆ្លង​មេរោគ​កូ​វីដ​ក្លាយ​ពូជ​ប្រភេទ B.1.1.7 ដំបូង​គេ​នេះ គឺជា​ស្ត្រី​វ័យ ១៧ឆ្នាំ ដែល​ធ្លាប់​សិក្សា​នៅក្នុង​ចក្រភព​អង់គ្លេស និង​ធ្វើដំណើរ​មកដល់​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី៦ ធ្នូ ដោយ​ត្រូវបាន​អាជ្ញាធរ​សិង្ហ​បុរី ដាក់​ឱ្យនៅ​ដោយឡែក​តាំងពី​ចូលមក​ដល់​ប្រទេស​ភ្លាម មុន​នឹងមាន​លទ្ធផល​ពិនិត្យ​កូ​វីដ “វិជ្ជមាន” នៅ​ថ្ងៃទី៨ ធ្នូ។

ចំណែក​បុគ្គល ដែល​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​ស្ត្រី​ក្មេង​រូបនោះ ត្រូវបាន​បញ្ជា​ឱ្យ​ដាក់​នៅ​ដោយឡែក​ទាំងអស់ ហើយ​ទាំងអស់គ្នា​នោះ មាន​លទ្ធផល​ពិនិត្យ ចេញមក “អវិជ្ជមាន” ទាំងអស់ ក្រោយ​បញ្ចប់​រយៈពេល​ការធ្វើ​ច​ត្តា​ឡី​ស័ក។

ទាំងអស់នេះ ក្រសួងសុខាភិបាល​នៃ​ប្រទេស​សិង្ហ​បុរី បាន​អះអាងថា អាជ្ញាធរ អាច​ទប់ស្កាត់​ការ​នាំចូល​មេរោគ​កូ​វីដ-១៩ក្លាយ​ពូជ​បាន​ទាំងស្រុង ទើប​មិនមាន​កើតការ​ចម្លង​សាយភាយ​ក្នុង​សហគមន៍ និង​ខណៈ​ពេលនេះ កំពុង​នៅ​រង់ចាំ​លទ្ធផល​ពិនិត្យ​អះអាង​របស់​អ្នកជំងឺ ១១នាក់​ខាងលើ​ទៀត៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ
ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព