អភិបាលខេត្ត​ពោធិ៍សាត់៖ ពីមុន​ដោះស្រាយ២ដង ក្នុង១សប្តាហ៍, បច្ចុប្បន្ននេះ ២ ឬ៣សប្តាហ៍ ដោះស្រាយ​ម្តង

ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បាន​នឹង​កំពុង​ប្រើប្រាស់ និង​បំពេញ​តួនាទី ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ដោយ​ខិតខំ​សម្របសម្រួល និង​ដោះស្រាយ​នូវ​រាល់​ទំនាស់ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ នៅ​វេទិកា​ក្នុង​សាលាខេត្ត។

កិច្ចសម្របសម្រួល​ដោះស្រាយ តាមរយៈ​វេទិកាសាធារណៈ​ខាងលើនេះ បានការ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត, លោកស្រី​អភិបាលរង​ខេត្ត, លោក លោកស្រី ប្រធាន អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ, អាជ្ញាធរ​ស្រុក/ក្រុង ឃុំ/សង្កាត់, ក្រុម​លេខា​កត់ត្រា និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត។

ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា នេះ​គឺជា​ទម្លាប់​ដែល​ឯកឧត្តម​តែងតែ​ជួប​ជាមួយ​ពុក​ម៉ែ​ប្រជាពលរដ្ឋ ដើម្បី​ចូលរួមចំណែក​ជាមួយ​សុខទុក្ខ​ដោយផ្ទាល់ តាមរយៈ​វេទិកា​ដោះស្រាយ​នាពេលនេះ។ ពីមុន​ឯកឧត្តម​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ ចំនួន២ដង ក្នុង​មួយ​សប្តាហ៍ ក៏ប៉ុន្តែ​បច្ចុប្បន្ននេះ ដោយសារតែ​ជម្លោះ​ក៏ដូចជា​បញ្ហា​ប្រឈម កាន់តែ​ថយចុះ ឯកឧត្តម​បាន​ចូលរួម​ដោះស្រាយ តែ២ ឬ៣សប្តាហ៍ មួយ១ដង​តែប៉ុណ្ណោះ។

ឯកឧត្តម​អភិបាលខេត្ត បាន​គូសបញ្ជាក់ថា ដោយសារតែ​ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ កំពុងតែ​ដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​នោះ ឯកឧត្តម​បានសម្រេច​ជ្រើសរើស​សំណុំរឿង​ណា ដែល​ចាំបាច់​បំផុត ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ធ្វើការ​សម្របសម្រួល និង​ដោះស្រាយ​មុនគេ ជាក់ស្តែង​នា​ថ្ងៃនេះ​ផ្ទាល់​តែម្តង គឺមាន​ចំនួន២០ករណី ដែល​កិច្ចការ​នេះ ត្រូវអនុវត្ត​ន៍តា​មកា​រ​ណែនាំ​របស់​ក្រសួងសុខាភិបាល។

ឯកឧត្តម ម៉ៅ ធនិន បាន​បន្តថា យន្ត​ការដែល​ឯកឧត្តម​កំពុងតែ​ដើរ​នេះ គឺជា​យន្តការ​របស់​រា​ជ​រដ្ឋាភិបាល តាមរយៈ​វេទិកាសាធារណៈ ដែល​បានចង្អុលបង្ហាញ​ឱ្យ​ថ្នាក់​ខេត្ត ថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់​សុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ទៅលើ​បញ្ហា​ប្រឈម និង​តម្រូវការ​ក្នុង​ជីវភាព រស់នៅ​ប្រចាំថ្ងៃ។ ជានិច្ច​ជា​កាល​ឯកឧត្តម​តែងតែ​ប្រើប្រាស់​ឋានានុក្រម២ គឺ​ទី១៖ ក្នុងនាម​ជា​អភិបាលខេត្ត សម្រាប់​សម្របសម្រួល​ដោះស្រាយ​បញ្ហា ប្រឈម​ជូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​ទៅលើ​ផ្លូវច្បាប់ និង​ទី២៖ ក្នុងឋានៈ​ជា​គ្រួសារ មាន​តួនាទី​ជា​បង ជា​ប្អូន ជា​កូន ជា​ក្មួយ និង​ជា​ចៅ​មួយ ក្នុង​គ្រួសារ​ប្រជាពលរដ្ឋ ជាង៥០ម៉ឺន​នាក់​ទូទាំង​ខេត្ត ដើម្បី​ចូលរួម​សុខ​រួមទុក្ខ​ជាមួយ​ពួកគាត់​គ្រប់ពេលវេលា។

តាមរយៈ​វេទិកា​សម្របសម្រួល និង​ដោះស្រាយ​ខាងលើនេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ផ្ទុះ​ការគាំទ្រ និង​មានការ​សាទរ​យ៉ាងខ្លាំង ដោយឡែក​ប្រជាពលរដ្ឋ​ខ្លះ ក៏​ទទួលបាន​អង្ករ ក៏ដូចជា​ថវិកា​បន្តិច​បន្តួច សម្រាប់​ជា​ទ្រនាប់​ដៃ វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ផងដែរ៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.