ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះ​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ចាក់​បេតុង​កៅស៊ូ​ពីលើ​ផ្លូវ​បេតុង​ស៊ីម៉ង់​ត៍នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង៣៤ខ្សែ ក្នុង​ក្រុងព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ និង​មន្ត្រី​បច្ចេក​ទស​ក្រសួង​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ចាក់​បេតុង​កៅស៊ូ​ពីលើ​ផ្លូវ​បេតុង​ស៊ីម៉ង់​ត៍នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង៣៤ខ្សែ ក្នុង​ក្រុងព្រះសីហនុ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ។

ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​តាមដាន​មើលថា​តើ​ក្រុមហ៊ុន​សាងសង់​ចាក់​បេតុង​កៅស៊ូ​ក្រាល​ពីលើ​ផ្លូវ​បេតុង​ស៊ីម៉ង់ត៍ ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ស្របតាម​កិច្ចសន្យា និង​សៀវភៅ​បន្ទុក​ដែរឬទេ ពោលគឺ​ធ្វើយ៉ាងណា​ឱ្យ​ការសាងសង់​ហេ​ដ្ឋា​រេ​នា​សម្ព័ន្ធ​ផ្លូវ​ទាំង៣៤ខ្សែ​នៅក្នុង​ខេត្ត​នេះ​មានគុណ​ភាពល្អ រឹងមាំ និង​ជាប់​បានយូរ​អង្វែង។

គួរកត់សម្គាល់​ផងដែរ​ថា ការចាក់​បេតុង​កៅស៊ូ​ក្រាល​ពីលើ​ផ្លូវ​បេតុង​ស៊ីម៉ង់ត៍​មាន​កម្រាស់៧សង់ទីម៉ែត្រ ដើម្បី​លើកកម្ពស់​គុណភាព និង​សោភ័ណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ខេត្ត​នេះ ក៏ដូចជា​ដើម្បី​ទាក់ទាញ​វិនិយោគ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូលមក​វិនិយោគ និង​ទស្សនា​ខេត្ត​នេះ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត បង្កើត​មុខរបរ និង​ការងារ​ជូន​ប្រជាពលរដ្ឋ​ធ្វើឱ្យបានគ្រប់ៗគ្នា ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​តាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល៕

#អរគុណសន្តិភាព