ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ឆ្វេង​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​មួយ ​ត្រូវបាន​ប្រទះឃើញ​​ក្នុងព្រៃ​ក្បែ ប្រាសាទ​បា​យ័ន្ត

ភ្នំពេញ៖ ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ព្រះ​ពុទ្ធរូប​ផ្នែក​ខាងឆ្វេង​មួយ​ធ្វើ​អំពី​ថ្មភក់ ត្រូវបាន​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា ប្រទះឃើញ​នៅ​ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុង​ព្រៃ​ខាងត្បូង​ប្រាសាទ​បា​យ័ន្ត ចម្ងាយ​ប្រហែល ៣០០ម៉ែត្រ ។

ចម្លាក់​នោះ​មាន​ទំហំ​បណ្តោយ ០.៩៥ម៉ែត្រ ទទឹង០.៤២ម៉ែត្រ និង​កម្រាស់ ០.២៤ម៉ែត្រ ក្នុង​សភាព​ហាក់​មិនទាន់​ឆ្លាក់​រួចរាល់​ត្រឹមត្រូវ​នៅឡើយ​ទេ ដោយ​ឃើញ​មាន​ស្នាម​មុខ​ពន្លាក និង​មិនទាន់​ខាត់​រំលីង​នៅឡើយ​ដែរ។

ចម្លាក់​ដែលមាន​ត្រឹម​កដៃ និង​ម្រាម​ទាំង៥ ដែល​លា​ផ្ងារ​បាតដៃ​ទៅលើ​នេះ គឺ​ស្ថិតនៅ​ក្នុងសម័យ​កណ្តាល ទំនងជា​ព្រហស្ថ​ព្រះពុទ្ធ​បដិមា​ក្នុង​កាយវិការ​ភូមិ​ស្ប​ស៌​មុទ្រា ឬ​ហៅថា កាយវិការ​មារវិជ័យ ឬ​ផ្ចាញ់​មារ។ ទម្រង់​កាយវិការ​នោះ ព្រះពុទ្ធ​ទ្រង់​គង់​ភ្នែន ដោយ​យក​ព្រះ​ហ​ស្ថ​ខាងស្តាំ​ដាក់​ផ្កាប់​លើ​ភ្លៅ​សំ​យ៉ុង​ម្រាមដៃ​ចង្អុល​ទៅ​ធរណី រីឯ​ព្រះ​ហ​ស្ថ​ឆ្វេង​ដាក់​នៅលើ​ចន្លោះ​ភ្លៅ ហើយ​លា​ផ្ងារ​បាត​ព្រះ​ហ​ស្ថ​ទៅលើ។

ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ឆ្វេង​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​មួយ ​ត្រូវបាន​ប្រទះឃើញ​​ក្នុងព្រៃ​ក្បែ ប្រាសាទ​បា​យ័ន្ត

បច្ចុប្បន្ន​ចម្លាក់​ប្រអប់​ព្រះ​ហ​ស្ថ​ព្រះពុទ្ធ​នេះ ក្រុមការងារ​ចុះបញ្ជី​បេតិកភណ្ឌ​រូបី នៃ​នាយក ដ្ឋា​ន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​សហ​ការណ៍​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ព្រមទាំង​មន្ត្រី​អភិរក្ស​ប្រាសាទ បានធ្វើ​កំណត់ហេតុ​ប្រគល់-ទទួល និង​ដឹក​យកទៅ​រក្សាទុក​នៅ​មជ្ឈមណ្ឌល​អជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ចុះបញ្ជី និង​រក្សាទុក​រង់ចាំ​ការជួសជុល​នៅ​ថ្ងៃ​អនាគត ៕

Related Posts

Leave a Reply

Your email address will not be published.