សម្ដេច​តេ​ជោ ហ៊ុន សែន បន្ត​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បង្កើន​ការការពារ សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងអំឡុង​បុណ្យ​ភ្ជុំបិណ្ឌ

ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ជំរុញ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​សម្រួល​ចរាចរណ៍​ឱ្យបាន​ល្អប្រសើរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ទេសចរ​នៅក្នុង​កំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ។

សូម​អាន​ខ្លឹមសារ​ទាំងស្រុង​ដែល​សម្ដេច​តេ​ជោ បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក៖

អនុមោទនា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ «បិណ្ឌ៣»

ថ្ងៃទី៥ខែ កញ្ញា នេះ គឺជា​ថ្ងៃ​កាន់បិណ្ឌ៣ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្មែរ​យើង ដែលមាន​តាំងពី​បុរាណកាល​មក។ នេះ​ជា​ពេលវេលា​មួយ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​មានឱកាស​ក្នុង​ការធ្វើ​បុណ្យទាន សន្សំ​កុសល និង​ការជួបជុំ​សាច់ញាតិ​បងប្អូន នៅតាម​ទីកន្លែង​ជិត​ឆ្ងាយ ជាពិសេស​តាម​ទី​អារាម​នានា។

ពិធីបុណ្យ​កាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ១រោច ដល់​ថ្ងៃ ១៤រោច ខែភទ្របទ គឺ​ចាប់ពី​ថ្ងៃទី៣ ដល់​ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០ ។

សូម​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​សម្រួល​ចរាចរណ៍​ឱ្យបាន​ល្អប្រសើរ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ទេសចរ​នៅក្នុង​កំឡុងពេល​បុណ្យ​ភ្ជុំ​នេះ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល ទឹក​អាល់កុល នឹង​ពាក់​ម៉ាស​ក្នុងពេល​ចូលរួម​ពិធី​ដែលមាន​អ្នកចូលរួម​ច្រើន ដូចជា​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជាដើម។ កុំ​ធ្វេសប្រហែស​ឬ​មើលស្រាល​ជំងឺ​កូ​វីដ-១៩អោយសោះ ព្រោះ​ជា​ជំងឺឆ្លង​រាតត្បាត​សាហាវ​ខ្លាំងណាស់ ហើយ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ។

សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើនគ្រប់ៗគ្នា​កុំបី​ខាន៕

អរគុណ​សន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *