ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច នឹងធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០២០ នា​ខែកុម្ភៈ ខាងមុខ

ភ្នំពេញ៖  ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច នឹង​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០២០ និង​ទិសដៅ​ភារកិច្ច​អនុវត្តន៍​បន្ត​ឆ្នាំ២០២១ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ដើមខែ​កុម្ភៈ​ខាងមុខ ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម ណុប ចាន់ណា​រិន្ទ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពី​បញ្ចប់​នៃ​កិច្ចប្រជុំ​មួយ​នៅ​ទី​ស្តី​ក្រសួង ក្រោម​អធិបតីភាព​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច ។

អ្នកនាំពាក្យ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា៖ នៅក្នុង​កិច្ចប្រជុំ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​ពិនិត្យ​ពី​វឌ្ឍនៈភាព​សកម្មភាព​ការងារ​មួយឆ្នាំ  ដែល​បានបង្ហាញ​ដោយ​ឯកឧត្តម បណ្ឌិត ចាប សុថា​រិ​ទ្ធ និង​អគ្គនាយកដ្ឋាន​ទាំងបី​ចំណុះ​ឲ្យ​ក្រសួង សំរាប់​ដាក់ចូល​ពិភាក្សា​ក្នុង​សន្និបាត ដើម្បី​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ រួម​នឹង​ស្នាដៃធំៗ ដែល​យើង​អនុវត្តន៍​កន្លងមក បើទោះជា​ជួបនឹង​វិបត្តិ​កូ​វីដ-១៩ ដូច​ប្រទេស​លើ​សកលលោក​ក្តី តែ​ធានាបាន​និរន្តរភាព​ការងារ ជូន​រាជរដ្ឋាភិបាល ។

ជាមួយគ្នានេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងនាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួង​ទាំងអស់ សូម​សម្ដែង​ការអបអរសាទរ និង​ជូនពរ​ជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​សមិទ្ធផល​ប្រវត្តិ​សា​ស្ត្រី​ថ្មី នៃ​នយោបាយ ឈ្នះ ឈ្នះ ដែល​ទទួលបាន​តំណក់​ប្រេង​លើកដំបូង។

យើងខ្ញុំ​ទាំងអស់គ្នា សូម​អរគុណ​សន្តិភាព និង​គោរព​ដឹងគុណ​បិតា​ស្ថាបនិក​នយោបាយ ឈ្នះ ឈ្នះ ហើយ​សូម​យក​ឱកាស​ដ៏​វិសេសវិសាល​នេះ ប្រកាស​គាំទ្រ​ឥត​ងាករេ​ចំពោះ​បេក្ខភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាគ្រប់ៗអាណត្តិ​ជា​រៀងរហូត ។

លោកជំទាវ ម៉ែន សំអន បន្តថា៖ តាមរយៈ​ភាពជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការទទួលបាន​ដំណក់​ប្រេង​ជា​លើកដំបូង​នេះ គឺជា​ការចាប់ផ្តើម​ដ៏​សំខាន់បំផុត​សម្រាប់​ប្រទេស​កម្ពុជា ឆ្ពោះទៅ​បង្កើតបាន​នូវ​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល ដែលជា​ពរជ័យ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ «សន្តិភាព» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី បិតា​ស្ថាបនិក អគ្គ​មគ្គទេសក៍ និង​ជា​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ-ឈ្នះ ដែល​បាន​តស៊ូ​រំដោះ​ប្រទេសជាតិ​ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ និង​បាន​ខិតខំ​ពុះពារ​កសាង​សន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​ដ៏​គាប់ប្រសើរ។

លោកជំទាវ ម៉ែន សំអន បាន​បញ្ជាក់ថា៖ «សន្តិភាព» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​កត្តា​សារវន្ត​មិនអាច​ខ្វះ​បាន​សម្រាប់​ការសម្រេច​ជោគជ័យ​លើ​សមិទ្ធផល​ជាតិ​ជា​បន្តបន្ទាប់ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ រួមទាំង​សមិទ្ធផល​ថ្មី​ក្នុង​វិស័យ​ប្រេងកាត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ទន្ទឹង​រង់ចាំ​ជាច្រើន​ជំនាន់​យូរលង់​ណាស់​មកហើយ។

បន្ថែម​ពីលើ​ការងារ​ស្នូល​របស់​ក្រសួង លោកជំទាវ​ក៏បាន​ណែនាំ ដល់ ឯកឧត្តម លោកជំទាវ​ដែល​ទទួលបន្ទុក​ការងារ​ថ្នាក់ក្រោម​ជាតិ​នៅតាម​បណ្តា​មូលដ្ឋានរៀងៗខ្លួន​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​បន្ថែមទៀត ក្នុងការ​ពង្រឹង​នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន និង​ត្រូវ​ជម្រុញ ក្នុង​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​នៃ​ការផ្តល់​សេវាសាធារណៈ ។

លោកជំទាវ​ក៏បាន​សំណូមពរ​ឲ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​រក្សា​អនាម័យ ការរស់នៅ​តាម​គន្លង​ថ្មី ដោយ​រក្សា​គម្លាត​សង្គម ការប្រើប្រាស់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ និង​ការ​អនុវត្តតាម​វិធានការណ៍​របស់​ក្រសួងសុខាភិបាល ស្របពេល​ពិភពលោក​បាន​កើនឡើង​នូវ​អត្រា​ឆ្លង​យ៉ាងគំហុគ និង​លេចចេញ​នូ​ជំងឺ​កូ​វីដ១៩ទម្រង់​ថ្មី​ផងដែរ ៕

#អរគុណសន្តិភាព