ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០២០ បាន​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ពិនិត្យ​ទីតាំង​គ្រោង​រៀបចំ សហគមន៍​ទេសចរណ៍ធម្មជាតិ នៅ​តំបន់សំខាន់ៗមួយចំនួន ក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ដែល​ទីតាំង​ទាំងអស់នោះ អាច​នឹង​លើកកម្ពស់​កំណើន​ជីវភាព​ប្រជា​សហគមន៍ ក៏ដូចជា​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក និង​បញ្ឈប់​ការកាប់​ទន្ទ្រាន​ដីព្រៃ ធ្វើជា​កម្មសិទ្ធិ ឬ​លក់​ឱ្យ​ជន​ចំណាកស្រុក​ទាំងឡាយ​ទាំងពួង។

ឯកឧត្តម ម៉ៅ ធនិន បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា ប្រសិនជា​យើង​បង្កើតឱ្យមាន​តំបន់​ទេសចរណ៍ គឺ​យើង​អាច​បំផុស​ឱ្យ​ប្រជា​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ មិនឱ្យ​មានការ​កាប់បំផ្លាញ​ធ្វើជា​កម្មសិទ្ធិ និង​ធ្វើឱ្យ​តំបន់​នោះ មាន​រុក្ខជាតិ​ស្រស់បំព្រង ជាហេតុ​ធ្វើឱ្យមាន​ការទាក់ទាញ ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត តំបន់​ទេសចរណ៍​បែប​អេកូ​ទេសចរណ៍ កាន់តែ​ច្រើនឡើង​បន្ថែមទៀត។ ឯកឧត្តម​បាន​បន្ថែមថា បច្ចុប្បន្ននេះ ផ្លូវជាតិ​លេខ១០ ដែលជា​ចំណងដៃ​ដ៏​អមតៈ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នឹង​កំពុងផ្តល់​ផ្លែផ្កា ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​សោម តាមរយៈ​ផ្លូវ​ដែល​ត​ភ្ជាប់​ពី​ចំណុច​អក្សរ​T ក្នុងស្រុក​សំឡូត ឆ្លងកាត់​ឃុំ​ក្រពើ​ពីរ ឃុំ​ប្រ​ម៉ោ​យ និង​ឃុំ​អូរ​សោម ស្រុក​វាលវែង នៃ​ខេត្តពោធិ៍សាត់ ទើប​ឆ្ពោះ​ទៅដល់​ខេត្តកោះកុង។

ឯកឧត្តម​បាន​រំពឹងទុក​ថា ប្រសិនជា​បងប្អូន​យើង មិន​ចូលរួម​ការពារ​ថែរក្សា​ព្រៃ​ធម្មជាតិ ដែលជា​មរតក​ដូនតា​នៅ​តំបន់​អេកូ​ទេសចរណ៍សំខាន់ៗមួយចំនួន​ទេនោះ បងប្អូន​មានតែ​ខាតបង់​ផលប្រយោជន៍​យ៉ាងធ្ងន់ធ្ងរ រហូតដល់​កូនចៅ​យើង​ជំនាន់ក្រោយៗទៀត។ វា​ប្រាកដ​ណាស់​ថា តំបន់​អូរ​សោម គឺ​ពិត​ជាមាន​សក្តានុពល​ខ្ពស់ ព្រោះថា​ទីតាំង​នេះ​មាន​អាកាសធាតុ​ត្រជាក់ មាន​ជ្រលង​ភ្នំ​បុព្វ​តា មាន​ព្រៃឈើ និង​មាន​ទឹកធ្លាក់ ក៏ដូចជា​មាន​ផ្ទៃសមុទ្រ​ទឹកសាប ដែល​អាច​ទាញយក​ថាមពល​អគ្គិសនី​បាន ហើយ​បើ​ប្រៀបធៀប​នឹង​ផ្ទៃ​ប្រទេស​ទាំងមូល ប្រហែលជា​មិនអាច​ប្រៀប​ស្នើ​នោះទេ។ ដូច្នេះហើយ ក្នុងនាម​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ សូម​ចូលរួម​ថែរក្សា​ព្រៃ​ធម្មជាតិ ក៏ដូចជា​ចូលរួម​សហការ​អភិរក្ស បង្ការ និង​ទប់​ស្តា​ត់ ការកាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ ឬ​លក់​ឱ្យ​ជន​ចំណាកស្រុក​ទាំងឡាយ​ទាំងពួង ដើម្បី​បានផ្តល់​ជា​អត្ថប្រយោជន៍​ជូន​ប្រជាជន​កម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​សោម​នេះ​ផ្ទាល់​តែម្តង។

ក្នុង​បេសកកម្ម​រយៈពេល​កន្លងមក​នេះ ឯកឧត្តម ម៉ៅ ធនិន បាន​ចាប់អារម្មណ៍​ខ្ពស់ ចំពោះ​ទីតាំង​ទឹកធ្លាក់​ធម្មជាតិ​ឆាយ​រកា, ចំណុច​បឹង​ស្លា, វាល​តារាង​យន្តហោះ ជាប់​នឹង​បឹង​ក្រពើ​ភ្នំ, ក្បាល​អូរ​សោម និង​តំបន់​មួយចំនួន​ជាប់​នឹង​ផ្ទៃ​ទឹក​បាត​អាង​វ៉ា​រី​អគ្គិសនី៕

ប្រភព៖ រដ្ឋបាលខេត្ត​ពោធិ៍សាត់

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.