វិបត្តិ​ជំងឺ​រាតត្បាត៖  ថ្ងៃ​ជូន​ដំណើរ​ឆ្នាំ​ចាស់ ស្វាគមន៍​ឆ្នាំ​ថ្មី នា​ឆ្នាំនេះ មិន​ដូច​កាលពី​ឆ្នាំកន្លងៗទៅ​ឡើយ ដោយសារតែ​ច្បាប់​កំណត់​ក្នុងការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​ដ៏​ធំ បាន​កម្រិត​ការជួប​ជុំគ្នា របស់​មនុស្ស​ចំនួនច្រើនៗ ទើប​ទាំងអស់គ្នា ងាក​ទៅ​គ្រវី​ដៃ បា៎យ​បា៎យ​ឆ្នាំ​ចាស់ ដែល​ចង់តែ​បំភ្លេចចោល​នោះ តាមរយៈ​ការ​ទស្សនា​ការបាញ់​កាំជ្រួច​តាម​កញ្ចក់​ទូរទស្សន៍ ឬ​មិន​ទេ ក៏​សម្ងំ​ខ្លួន​នៅក្នុង​ផ្ទះ ដោយសារតែ​មិនអាច​ទទួល​ស្វាគមន៍​ពួកម៉ាក​មិត្តភក្តិ ឬ​ក្រេប​ភេសជ្ជៈ​ជាមួយ​មនុស្ស​ទាំងឡាយ​បាន។

ក្នុងខណៈដែល​ទ្រនិចនាឡិកា កំពុង​រំកិលសន្សឹមៗឆ្លង​ផុតពេល​វេលា​អធ្រាត្រ​នៃ​ថ្ងៃទី៣១ ធ្នូ ២០២០នោះ នៅក្នុង​ទ្វីបអាស៊ី និង​សៅ​ថ៍ ប៉ា​ស៊ី​ហ្វ៊ិ​ក រួមទាំង​ភូមិភាគ​មជ្ឈិមបូព៌ា អឺរ៉ុប អាហ្វ្រិក និង​ទ្វីបអាមេរិក​ផង​នោះ បានទទួល​នូវ​បទពិសោធ​ប្លែក​ថ្មី​មួយ ក្នុង​ថ្ងៃ​ជូន​ដំណើរ​ឆ្នាំ​ចាស់ ស្វាគមន៍​ឆ្នាំ​ថ្មី ដែល​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ ពី​វី​ធី​ការ​តបស្នង​ចំពោះ​មេរោគ​កូ​វីដ-១៩ របស់​ប្រទេសនីមួយៗ ដោយ​ប្រទេស​ខ្លះ​បាន​ផ្អាក ឬ​ប្រទេស​ខ្លះទៀត បាន​កាត់បន្ថយ​កម្រិត​ការអបអរសាទរ តែ​ក៏មាន​ប្រទេស​ជាច្រើន​ដែរ ដែល​មិន​ប្រឈម​នឹង​ស្ថានការណ៍​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ នៅតែ​អាច​ប្រារព្ធ​ពិធីជប់លៀង​ឆ្លង​ឆ្នាំ​ថ្មី បាន​ដូច​ឆ្នាំកន្លងៗទៅ​ដដែល។

ប្រទេស​អូស្ត្រាលី ជា​ប្រទេសមួយ​ដំបូង​គេ ដែល​បាន​ស្វាគមន៍​ឆ្នាំ២០២១ ដែលជា​ធម្មតា នៅ​ឆ្នាំកន្លងៗទៅ មនុស្ស​រាប់លាន​នាក់ នឹង​ចេញមក​ជួបជុំគ្នា យ៉ាង​ណែនណាន់តាន់តាប់ នៅ​ម្ដុំ​ឆ្នេរ​ស៊ីដនី​យ៍ ដើម្បី

មក​ទស្សនា​ការសម្ដែង​ភ្លើង​កាំជ្រួច តែ​ឆ្នាំនេះ ភាគច្រើន ពួកគេ​នៅ​រង់ចាំ​ទស្សនា​ការបាញ់​កាំជ្រួច​នេះ តាមរយៈ​កញ្ចក់​ទូរទស្សន៍​វិញ​ម្ដង ដោយសារតែ​អាជ្ញាធរ បាន​សំណូមពរ​ឱ្យ​ប្រជាជន មើល​ការសម្ដែង​កាំជ្រួច​ពណ៌ ៧នាទី ដែល​អណ្ដែត​ឡើង​ពី​ស្ពាន​ឆ្នេរសមុទ្រ​ស៊ីដនី​យ៍ និង​បរិវេណ​ជុំវិញ​នោះ ពី​ផ្ទះ​មកវិញ។

ទីក្រុង​ប៉ារីស

មែ​ល​ប៊​ន ជាទី​ក្រុង​ដែលមាន​ប្រជាជន​ច្រើនជាងគេ​បំផុត​របស់​អូស្ត្រាលី បាន​ផ្អាក​ធ្វើ​ពិធី​ដុត​កាំជ្រួច​ប្រចាំឆ្នាំ ដើម្បី​ជាការ​បង្ហាញឱ្យឃើញថា មិន​គាំទ្រ​ឱ្យ​មនុស្សម្នា​ចេញមក​ប្រមូល​ផ្ដុំគ្នា​ឡើយ ហើយ​អាជ្ញាធរ​ក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ក៏​សម្រេចចិត្ត​ធ្វើ​បែប​ដូចគ្នានេះដែរ។ ចំណែកឯ ទីលាន​អនុស្សាវរីយ៍ ថា​ម​ស៍ ស្ឃ្វែ​រ របស់​ទីក្រុង​នី​វ​យ៉​ក​វិញ ទោះជា​មានការ​បង្ហោះប៉ោងៗយក្ស ដូច​ឆ្នាំកន្លងៗទៅ​មែន តែ​ប៉ូលិស​បានដាក់​របាំង រារាំង​ទីកន្លែង​ប្រារព្ធ​ពិធី ដោយ​គណៈ​រៀបចំ​ពិធី បាន​ងាក​ទៅ​រៀបចំ ពិធី​តាម​អន​ឡាញ​វិញ​ម្ដង។

យ៉ាងណាក៏ដោយ នៅក្នុង​តំបន់​ខ្លះ​ដែល​ធ្លាប់មាន​ប្រជាជន​ចេញមក​ជួបជុំ​គ្នាច្រើន​បំផុត​ក្នុង​ពិ​ភ​ភព​លោក​ក្នុង​ថ្ងៃ​ជូន​ដំណើរ​ឆ្នាំ​ចាស់ ថ្ងៃទី៣១ ធ្នូ ដូចជា​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់ អេ​មី​រ៉េត ជាដើម​នោះ នៅតែ​ដំណើរ​ការរៀបចំ​ពិធី​ដដែល បើទោះជា​ចំនួន​អ្នក​ឆ្លង​មេរោគ​បាន​ហក់​ឡើង​ខ្ពស់​ក៏ដោយ។ រូបភាព​របស់​ក្រុម​អាជ្ញាធរ​សុខភាព​សាធារណៈ ដែលមាន​ពាក់​ម៉ាស់​អនាម័យ​ការពារ បានបង្ហាញ​ឡើង​នៅលើ​អគារ ប៊ើ​ច ខា​លី​ហ្វា អគារ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក ក្នុងអំឡុងពេលខ្លីៗ មុននឹង​កាំជ្រួច​ត្រូវបាន​បាញ់​ឡើង​ចេញពី​អគារ​នោះ ឆ្ពោះ​ទៅលើ​មេឃ។ មនុស្សម្នា​ជាច្រើន​ម៉ឺន​នាក់ បាននាំគ្នា​ចេញមក​ដើរ​តាម​ផ្លូវថ្នល់ ហើយ​គេ​បានឃើញ​មនុស្សម្នា​ភាគច្រើន នៅតាម​ទីលាន​អនុស្សាវរីយ៍ផ្សេងៗ បាន​ព្រងើយកន្តើយ​ចំពោះ​វិធាន​ការរក្សា​គម្លាត​ពីគ្នា​ខាង​សង្គម។

នៅ​អាហ្វ្រិក​ខាងត្បូង រដ្ឋបាល​បាន​សំណូមពរ​ប្រជាជន ឱ្យ​ផ្អាក​ការធ្វើ​ពិធីជប់លៀង ហើយ​នាំគ្នា​ងាក​មក​អុច​ទៀន ដើម្បី​ជា​កិត្តិយស ដល់​បណ្ដា​មន្ត្រី​សុខភាព​សាធារណៈ និង​រំឭក​ដល់​អ្នកស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​ដ៏​ធំ​កូ​វី-១៩នេះ​វិញ។

ទីក្រុង​ឡុង​ដ៍

នៅក្នុង​ប្រទេស​អឺរ៉ុប​ជាច្រើន អាជ្ញាធរ​បានធ្វើ​ការព្រមាន​ថា អាជ្ញាធរ ត្រៀម​ជាស្រេច​ក្នុងការ​បង្ក្រាប​អ្នក​ដើរលេង​ទាំងឡាយណា ដែល​ល្មើសបទបញ្ជា​សុខភាព​សាធារណៈ ក្នុងនោះ​រួមទាំង ប្រកាស​ដាក់​បម្រាម​ចរាចរណ៍​នៅពេល​យប់ នៅក្នុង​ប្រទេស​បារាំង អ៊ីតាលី តួរ​គី ឡា​ត់វៀ សាធារណរដ្ឋ​ឆេ​ក និង​ប្រទេស​ក្រិ​ក​ផងដែរ។ ចំណែក​រដ្ឋបាល​ចក្រភព​អង់គ្លេស​វិញ បាន​អង្វរ និង​សង្ឃឹមថា បានឃើញ​ប្រជាជន​នាំគ្នា​ស្ថិតនៅ​ក្នុងផ្ទះ ដើម្បី​សុវត្ថិភាព​ក្នុង​ថ្ងៃ​ដំបូង នៃ​ឆ្នាំ​ថ្មី​នេះ ខណៈដែល​ពលរដ្ឋ​ភាគច្រើន​របស់​អង់គ្លេស ស្ថិតនៅក្រោម​ច្បាប់​កម្រិត​ដ៏​ម៉ឺងម៉ាត់ ហាម​ជួបជុំគ្នា ជាមួយ​គ្រួសារ​ដទៃ ព្រមទាំង​បញ្ជា​ឱ្យ​បិទ​រង្គសាល និង​ភោជនីយដ្ឋានផ្សេងៗទៀតផង។

ទីក្រុង​នី​វ​យ៉​ក

នៅ​ប្រទេស​កូរ៉េខាងត្បូង រដ្ឋបាល​ទីក្រុង​សេ​អ៊ូ​ល បាន​ផ្អាក​ពិធី​គោះ​ជួង​ប្រចាំឆ្នាំ ក្នុងឱកាស​ឆ្លង​ឆ្នាំ​ថ្មី ក្នុង​តំបន់​ឆុង​ណូ ដែល​នេះ គឺជា​លើកដំបូង​ហើយ ដែលមាន​ការផ្អាក ចាប់តាំងពី​ពិធី​នេះ ត្រូវបាន​រៀបចំ​ធ្វើឡើង​លើកដំបូង​ក្នុង​ឆ្នាំ១៩៥៣ មិន​ប៉ុន្មាន​ខែ ក្រោយ​ចប់​សង្គ្រាម​កូរ៉េ៕

ប្រភព៖ ទីភ្នាក់ងារ​ព័​ត៌ាំ​ន AP

បកប្រែ និង​កែសម្រួល​ដោយ បុរស​ភ្នែក៤

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.