ភ្នំពេញ៖   សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការកសាង​សមិទ្ធផល​នានា នៅតាម​មូលដ្ឋាន នៅក្នុង​នោះ សម្តេច​បាន​ចុះ​ពិនិត្យ ការ​សាង​អាង​ចម្រោះ​ទឹកស្អាត នៅក្នុង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង និង​បាន​អញ្ជើញ​ទៅពិនិត្យ​សកម្មភាព​សិក្សា​នៅ វិទ្យាល័យ​សម្តេច​ហេង​សំរិន អន្លង់​ជ្រៃ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ។

តម​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​លោកគ្រូ​អ្នកគ្រូ និង​ភាពចាំបាច់​របស់​វិទ្យាល័យ ដែលមាន​កំណើន​សិស្ស​ចូល​សិក្សា​កើន​ឡើងជា​រៀង​ឆ្នាំ សម្តេច​និង សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង​សំរិន បានផ្តល់​ជូន​ជា​ចំណងដៃ​ឆ្នាំ​ថ្មី ដល់​វិទ្យាល័យ​សម្តេច​ហេង​សំរិន អន្លង់​ជ្រៃ នូវ​អគារសិក្សា​ថ្មី​ចំនួន ១ ខ្នង កម្ពស់​ពីរ​ជាន់ ស្មើនឹង ១២បន្ទប់ បន្ថែមទៀត។

ឆ្លៀតឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការកសាង​សង់​សមិទ្ធផល​នៅតាម​មូលដ្ឋាន​នេះ សម្តេច​ប្រធាន​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព ដោយ​ទទួលទាន​ទឹក ចំណីអាហារ​ស្អាត ពិសេស​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​អនាម័យ​នៅក្នុង​រស់នៅ ក្នុងពេលដែល​សកលលោក កំពុង​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ១៩ នេះ ត្រូវគោរព​តាម​វិធានការ​ណែនាំ របស់​ក្រសួងសុខាភិបាល​ជាប្រចាំ កុំ​ធ្វេសប្រហែស​ឲ្យ​សោះ។

សម្តេច​បាន​ជំរុញ​ប្រជាពលរដ្ឋ​ដែលមាន​កូនចៅ​គ្រប់​អាយុ​ចូលរៀន ត្រូវ​ទៅ​ចុះឈ្មោះ​ចូលរួម​ឲ្យ​បាន​គ្រប់គ្នា នៅក្នុង​ឱកាស​បវេសនកាល​ខាងមុខនេះ។ សម្តេច​លើកឡើងថា ចំណេះវិជ្ជា​មានតម្លៃ​បំផុត​នៅក្នុង​ការរស់នៅ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន បាន​មានប្រសាសន៍ថា ក្រោម​ម្លប់​សុខសន្តិភាព​សាលារៀន មន្ទីរពេទ្យ ទឹកស្អាត បាន​ខិតជិត​មកកាន់​តែ​ជិត​ប្រជាពលរដ្ឋ បង្ក​ការងាយស្រួល​ដល់​ការរស់នៅ​របស់​ប្រជាជន​នៅ​គ្រប់​តំបន់ មិន​ថា​ទីជនបទ​នោះឡើយ។

ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការដាំដុះ និង​ចិញ្ចឹមសត្វ​នានា សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រចាំថ្ងៃ និង​ជាការ​លើកកម្ពស់​ប្រាក់ចំណូល​គ្រួសារ​ផង។

សម្តេច​បាន​លើកទឹកចិត្ត​ដល់​អាជ្ញារ​មូលដ្ឋាន​ពាក់ព័ន្ធ​បន្ត​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុងការ​បម្រើសេវា​សាធារណ​ជូន​ប្រជាពលរដ្ឋ មាន​ប្រសិទ្ធិភាព​និង​ទាន់ពេលវេលា​តាម​ម​ត្រូវការ​របស់​ម្ចាស់ឆ្នោត៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.