ប្រទេស​វៀតណាម៖ បាន​ពិនិត្យ​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ពូជ​ថ្មី​ដែល​កំពុង​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​អង់គ្លេស ដំបូង​គេ​ហើយ។ នេះ​បើតាម​ក្រសួងសុខាភិបាល របស់​ប្រទេស​វៀតណាម រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

នៅក្នុង​សេចក្ដីថ្លែងការណ៍ ក្រសួង​ខាងលើ បាន​បញ្ជាក់ថា មេរោគ​កូ​វីដ-១៩ ពូជ​ថ្មី​នេះ ត្រូវបាន​រកឃើញ​នៅលើ​ស្ត្រី វ័យ ៤៤ឆ្នាំ​ម្នាក់ ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​អង់គ្លេស។ អ្នកស្រី ត្រូវ​បានដាក់​ឱ្យនៅ​ដោយឡែក នៅពេល​មកដល់​បន្ទប់​អ្នកដំណើរ​ចូល​ប្រទេស និង​ត្រូវបាន​អះអាងថា រកឃើញ​មេរោគ​វីរុស​ពូជ​ថ្មី​នេះ នៅ​ថ្ងៃទី២៤ ធ្នូ។

របាយការណ៍ បាន​បញ្ជាក់ថា “អ្នកស្រាវជ្រាវ បានធ្វើការ​ស្វែងរក​លំ​ដាប់ DNA ពី​សំណាក​របស់​អ្នកជំងឺ​និង​បាន​រកឃើញ​ពូជ​ថ្មី របស់​មេរោគ​វីរុស ដែលមាន​ឈ្មោះថា “VOC 202012/01”។

វីរុស​ពូជ​ថ្មី​នេះ មានការ​ក្លាយ​ពូជ​របស់​ហ្ស៊ែ​ន ដែល​តាម​ទ្រឹស្ដី​វិញ​នោះ គឺអាច​ធ្វើឱ្យ​មេរោគ​វីរុស​មួយ​នេះ​អាច​ចម្លង​សាយភាយ រវាង​មនុស្ស​ទៅ​មនុស្ស បាន​កាន់តែ​ងាយ​ខ្លាំង​ឡើង។

ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក បាន​បិទ​ច្រក​ផ្លូវ​ធ្វើដំណើរ​ទៅ-មក​ប្រទេស​អង់គ្លេស ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​មេរោគ​វីរុស​ពូជ​ថ្មី​នេះ ដែល​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​នាក់ បាន​និយាយថា អាច​ចម្លង​បាន​ងាយ​ជាង​ប្រភេទ​ចាស់ ពី៤០-៧០%ឯណោះ។

ប្រទេស​វៀតណាម នៅតែ​បើក​ជើងហោះហើរ​ដឹក​ជញ្ជូន​ពលរដ្ឋ​របស់​ខ្លួន ដែល​ជាប់គាំង​នៅក្នុង​ប្រទេស​អង់គ្លេស ឱ្យ​វិល​ត្រឡប់មក​ប្រទេស​វិញ ក្រោម​ការឆ្លង​រាលដាល។

តាមរយៈ​វិធាន​ការដាក់​ឱ្យនៅ​ដោយឡែក និង​តាមដាន​យ៉ាង​តឹងរ៉ឹង​បំផុត ប្រទេស​វៀតណាម​អាច​កម្រិត​រង្វង់​នៃ​ការចម្លង​សាយភាយ បាន​យ៉ាង​ឆាប់រហ័ស ធ្វើឱ្យ​សេដ្ឋកិច្ច បាន​ស្ដារ​ខ្លួន​ឡើងវិញ​បាន​យ៉ាង​ឆាប់រហ័ស​ជាង​ប្រទេស​ជាច្រើន​នៅក្នុង​ភូមិភាគ​អាស៊ី។ ប្រទេសមួយ​នេះ រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ចំនួន ១ ៤៧៤នាក់ និង​ស្លាប់ ៣៥នាក់៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.