​សហរដ្ឋអាមេរិក៖  លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៃ​សហរដ្ឋអាមេរិក បានប្រកាស​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី (ទី១ មករា)ថា លោក​នឹង​រៀបចំ “ការប្រមូលផ្ដុំ​ដ៏​ធំ​មួយ” នៅក្នុង​ក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី នៅ​ថ្ងៃទី៦ មករា ដើម្បី​ប្រឆាំង​លទ្ធផល​ការបោះឆ្នោត កាលពី​ខែវិច្ឆិកា​កន្លងទៅ ក្នុង​ថ្ងៃ​ជាមួយគ្នា ដែល​សភា​កុង​ហ្គ្រេ​ស មានកំណត់​ធានារ៉ាប់រង​លទ្ធផល​ម​តិគ​ណៈ​អ្នកបោះឆ្នោត និង​មិន​ប៉ុន្មាន​ថ្ងៃ មុន​លោក ចូ បៃ​ដិ​ន បេក្ខជន​មកពី​គណបក្ស​ដេ​ម៉ូ​ក្រេ​ត នឹង​ចូលធ្វើ​ពិធី​ស្បថសច្ចា​ប្រណិធាន ទទួល​តំណែង​ប្រធានាធិបតី។

លោក​ត្រាំ បាន​សរសេរ​នៅក្នុង​ធ្វី​ត​ធើរ​ផ្ទាល់ខ្លួន​របស់លោក ដោយបាន​បញ្ជាក់ថា ការតវ៉ា​ប្រឆាំង​លទ្ធផល​ការបោះឆ្នោត​ប្រធានាធិបតី នឹងធ្វើ​ឡើង​នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី ក្នុង​ថ្ងៃទី៦ មករា ដើម្បី​បង្ហាញឱ្យឃើញថា មាន​ការកេងបន្លំ​ការបោះឆ្នោត នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី កាលពី​ថ្ងៃទី៣ វិច្ឆិកា​ឆ្នាំទៅ ដែល​ធ្វើឱ្យ​លោក​បៃ​ដិ​ន ក្លាយជា​អ្នកឈ្នះ ទាំង​ពិន្ទុ Popular Votes និង​ពិន្ទុ​អ្នកទទួលបាន​ការបោះឆ្នោត។

ការតវ៉ា​ក្នុង​គ្រានេះ នឹងធ្វើ​ឡើង​នៅ​ម៉ោង ១១.០០នាទី នៃ​ថ្ងៃ​ពុធ(ទី៦ មករា) តែ​ក្នុងដំណាក់កាល​ដំបូង មិនទាន់​មានការ​បង្ហើ​ប​ឱ្យដឹង​អំពី​ទីកន្លែង ដែល​នឹង​ជួបជុំ​ប្រមូល​ផ្ដុំគ្នា​នោះ​នៅឡើយ តែ​លោក​ត្រាំ បាន​ប្រាប់ថា វា​កំពុងតែ​ជិត​មកដល់​ហើយ “ការប្រមូលផ្ដុំ​តវ៉ា​ដ៏​ធំ នៅក្នុង​វ៉ាស៊ីនតោន ឌី​ស៊ី នឹង​ចាប់​ផ្ដើមឡើង​នៅ​ម៉ោង ១១.០០នាទី នៃ​ថ្ងៃទី៦ មករា សេចក្ដីលម្អិត​អំពី​ទីកន្លែង នឹង​តាម​មក​នៅពេល​ក្រោយ…ចូរ​ឈប់​លួច​បន្លំ!”

ទាំងអស់នេះ ការប្រមូលផ្ដុំ​តវ៉ា​ធំ នៅ​ថ្ងៃទី៦ មករា​នោះ គឺ​ត្រូវ​នឹង​ថ្ងៃ ដែល​សភា​កុង​ហ្គ្រេ​ស នឹង​បោះឆ្នោត​ធានារ៉ាប់រង​លទ្ធផល​ការបោះឆ្នោត​របស់​គណៈ​អ្នកបោះឆ្នោត កាលពី​អំឡុង​ពាក់កណ្ដាល​ខែធ្នូ​កន្លងទៅ ដែល​បាន​បោះឆ្នោតឱ្យ​លោក​ចូ បៃ​ដិ​ន ក្លាយជា​ប្រធានាធិបតី​ថ្មី។

ខណៈពេល​ជាមួយគ្នា វា​នឹង​ក្លាយជា​ការប្រមូលផ្ដុំ ចុងក្រោយ​បំផុត នៃ​ការប្រមូលផ្ដុំ​តវ៉ា​ជាច្រើនលើក​ច្រើនសា របស់​ក្រុមគាំទ្រ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចាប់តាំងពី​ការបោះឆ្នោត កាលពី​ខែវិច្ឆិកា​មក។

ការប្រមូលផ្ដុំ​តវ៉ា របស់​ក្រុមគាំទ្រ​លោក​ត្រាំ នៅក្នុង​ទីក្រុង កាលពី​ថ្ងៃទី១២ ធ្នូ បានបញ្ចប់ ដោយមាន​មនុស្ស​ត្រូវ​ចាក់​នឹង​កាំបិត ៤នាក់ ត្រូវ​ចាប់ឃុំខ្លួន ៣៣នាក់ និង​ប៉ូលិស ២នាក់ រងរបួស។

និង​កាលពី​ពេលមុន​ហ្នឹង​ទៀត ការប្រមូល​ផ្ដុំគ្នា​របស់​ក្រុម​អ្នកគាំទ្រ​លោក​ត្រាំ នៅក្នុង​ខែវិច្ឆិកា ដែលមាន​អ្នកចូលរួម​ជាង ១០ ០០០នាក់​នៅក្នុង​ទីក្រុង​នោះ បានបញ្ចប់​ដោយ​ការប៉ះទង្គិច​គ្នា រវាង​បណ្ដា​សកម្មជន នឹង​ពួក​ដែល​ភក្ដីភាព​ជាមួយ​លោក​ត្រាំ នៅក្បែរ​មន្ទីរ​សេត​វិមាន។

ក្នុងអំឡុង ២ខែ​កន្លងមកនេះ លោក​ត្រាំ បានធ្វើ​សកម្មភាព​យ៉ាងខ្លាំង​ក្លា ដើម្បី​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី ដោយមាន​ចោទប្រកាន់​ទាំង​គ្មាន​ភ័ស្តុតាង​អ្វី​ទាំងអស់​ថា មាន​ការកេងបន្លំ​យ៉ាង​ចំហ និង​ទូលំទូលាយ៕

ប្រភព៖ សារព័ត៌មាន Yahoo news

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.