កូ​វីដ​ក្លាយ​ពូជ៖  ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ប្រចាំថ្ងៃ​នៅក្នុង​ចក្រភព​អង់គ្លេស បាន​បំបែក​ស្ថិតិ​ខ្ពស់បំផុត ជាថ្មី​ម្ដងទៀត កាលពី​ថ្ងៃ​សៅរ៍(ទី២មករា) គឺជា​លទ្ធផល ដែល​បណ្ដាលមកពី​ការឆ្លង​រាលដាល​របស់​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ក្លាយ​ពូជ ក្នុងខណៈដែល​រដ្ឋបាល​កំពុង​ប្រឈម​នឹង​សម្ពាធ ពី​សហភាព​គ្រូបង្រៀន ដែល​សំណូមពរ​ឱ្យ​បិទ​សាលារៀន​នៅក្នុង​ប្រទេស​អង់គ្លេស ជា​បន្តទៀត យ៉ាងតិច ២សប្ដាហ៍។

កាលពីពេល​មុននេះ រដ្ឋបាល ដែល​មើល​ការខុសត្រូវ​លើ​ប្រព័ន្ធ​ការសិក្សា​នៅក្នុង​ប្រទេស​អង់គ្លេស បានសម្រេច​ចិត្ត បិទ​គ្រប់​សាលារៀន​ទាំងអស់ នៅក្នុង​ទីក្រុង​ឡុង​ដ៍​នៅ​សប្ដាហ៍​នេះ ដើម្បី​ព្យាយាម​ទប់ស្កាត់​ការឆ្លង​រាលដាល តែ​យ៉ាងណាក៏ដោយ ខាង​សហភាព​គ្រូបង្រៀន ត្រូវ​ការឱ្យ​ពង្រីក​គោលការណ៍​នេះ គ្របដណ្ដប់​ទូទាំងប្រទេស​អង់គ្លេស ដោយបាន​សម្ដែង​ពី​ក្ដីកង្វល់​ចំពោះ​សុខភាព​របស់​ទាំង​គ្រូ និង

សិស្ស។

កាលពី​ថ្ងៃ​សៅរ៍(ទី២មករា) ចក្រភព​អង់គ្លេស បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ចំនួន ៥៧ ៧២៥នាក់ គឺជា​តួលេខ​ប្រចាំថ្ងៃ ដែល​ខ្ពស់បំផុត​ជាថ្មី​ម្ដងទៀត ចាប់តាំងពី​កើតមាន​ការឆ្លង​រាលដាល​ឡើង និង​មើលទៅ ហាក់ដូចជា​មិនយូរប៉ុន្មាន​ទៀត​ទេ នឹង​វ៉ា​ដាច់​ប្រទេស​អ៊ីតាលី ក្លាយជា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ធ្ងន់ធ្ងរ​បំផុត​នៅក្នុង​ទ្វីបអឺរ៉ុប។

ក្នុង​ពេលនេះ ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​របស់​ចក្រ​ភព​អង់គ្លេស ស្ថិតក្នុង​តួលេខ ២ ៥៩៩ ៧៨៩នាក់ ក្នុងនោះ ស្លាប់ ៧៤ ៥៧០នាក់ និង​ស្ថិតក្រោម​ក្ដី​ព្រួយ​កង្វល់​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​ដែល​កើនឡើងជារឿយៗនេះ នឹង​តាម​មក​ដោយ​ចំនួន​អ្នកស្លាប់ ដែល​ច្បាស់​ជា​កើនឡើង​ជាប់​រហូត ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

ចក្រភព​អង់គ្លេស រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ប្រចាំថ្ងៃ បំបែក​ឯកទគ្គកម្ម​ខ្ពស់បំផុត ចាប់តាំងពី​កើតមាន​ការឆ្លង​រាលដាល​ឡើង ជា​ច្រើនដង​ក្នុងអំឡុង​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ដោយ​ទាំងអស់ សុទ្ធតែ​ស្ថិត​លើ​កម្រិត ៥០ ០០០នាក់​ក្នុង ១ថ្ងៃ ដែល​កើនឡើង​ទ្វេដង ពី​ប៉ុន្មាន​សប្ដាហ៍មុន។

បច្ចុប្បន្ន កម្លា​យ​មេរោគ​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី កំពុងចម្លង​សាយភាយ​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ទីក្រុង​ឡុង​ដ៍ និង​តំបន់​ជុំវិញ ជំ​រុញឱ្យ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ត្រូវ​ផ្អាក​វិញ​សិន នូវ​ផែន​ការដែល​ប្រុង​អនុញ្ញាតឱ្យ​សាលា​បឋម​មួយចំនួន សម្រាប់​កុមារ​អាយុ​ទាប​ជាង ១១ឆ្នាំ បើក​ការបង្រៀន និង​រៀន​ឡើងវិញ នៅថ្ងៃនេះ(ទី៤មករា)។

ចំណែក​ក្នុង​រឿង​របស់​ការប្រយុទ្ធប្រឆាំង​នឹង​មេរោគ​វីរុស​វិញ ចក្រភព​អង់គ្លេស បានចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អេ​ន​ថេ​ក ឱ្យ​ប្រជាជន​អាយុ ៨០ឡើង និង​បណ្ដា​មន្ត្រី​សុខភាព​សាធារណៈ កាលពី​ថ្ងៃទី៨ ធ្នូ​កន្លងទៅ ហើយ​កាលពី​សប្ដាហ៍​មុន រដ្ឋបាល​បានអនុម័ត​ប្រើ​វ៉ាក់សាំង​មួយ​ប្រភេទ​ទៀត ដែល​ផលិត​ដោយ​មហាវិទ្យាល័យ​អុក​ស្វ៉​ដ ជាមួយ​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ក្រុមហ៊ុន​សញ្ជាតិ​អាមេរិក ដែលមាន​តម្លៃ​ទាប​ជាង និង​ងាយស្រួល​ប្រើ​ជាង។

ចក្រភព​អង់គ្លេស មាន​ផែនការ​លើកកម្ពស់​កម្រិត​ការចាក់​វ៉ាក់សាំង នៅ​ថ្ងៃ​ចន្ទ​នេះ(ទី៤មករា) ដោយ​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ចំនួន ៥៣០ ០០០ដូ​ស និង​ដាក់​គោលដៅ ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ចំនួន ២លាន​នាក់​ក្នុង ១សប្ដាហ៍ ឱ្យបាន​លឿន​បំផុត តាម​ដែល​អាច​ធ្វើបាន។

លោក​វេជ្ជបណ្ឌិត ច​ច ហ្វ៊ី​ន​លេ​យ៍ ប្រធាន​ក្រុមមន្ត្រី​ពេទ្យ បាន​ប្រាប់ថា វ៉ាក់សាំង​ដែល​បានទទួល​ការអនុម័ត​ថ្មី​ក្រោយ​គេ​បំផុត ងាយស្រួល​ថែទាំ​ទុកដាក់ ជាង​វ៉ាក់សាំង​របស់ ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អេ​ន​ថេ​ក ដោយសារតែ​វ៉ាក់សាំង​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ និង​បៃ​អូ​អេ​ន​ថេ​ក ចាំបាច់​ត្រូវ​រក្សា​ទុកដាក់​នៅក្នុង​សីតុណ្ហភាព​ប្រមាណ -៧០អង្សា​C។

មកដល់ពេលនេះ មាន​ប្រជាជន​ក្នុង​ចក្រភព​អង់គ្លេស​ច្រើនជាង ១លាន​នាក់​ហើយ ដែល​បានទទួល​វ៉ាក់សាំង ១ដូ​ស​ដំបូង​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ តែ​យ៉ាងណាក្ដី នៅក្នុង​ចក្រភព​អង់គ្លេស ខុសពី​សហរដ្ឋអាមេរិក ព្រោះ​មាន​ផែន​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី២ ក្នុងអំឡុងពេល ១២សប្ដាហ៍ ជំនួស​ឱ្យ​ការ​បម្រុង​ចាក់ឱ្យ​គ្រប់​ទាំង ២ដូ​ស ក្នុងអំឡុងពេល ២១ថ្ងៃ៕

ប្រភព៖ ទីភ្នាក់ងារ AP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.