សហរដ្ឋអាមេរិក៖ កាលពី​ថ្ងៃ​សៅរ៍(ទី២មករា) បាន​រកឃើញ​ចំនួន​អ្នក​ឆ្លង​មេរោគ​វីរុស​កូ​វីដ-១៩ ប្រចាំថ្ងៃ ខ្ពស់បំផុត ចាប់តាំងពី​កើតមាន​ការឆ្លង​រាលដាល ធ្វើឱ្យ​ចំនួន​អ្នកជំងឺ​សរុប ហក់​ឡើង​លើស ២០លាន​នាក់​រួចទៅហើយ។

តួលេខ​អ្នក​ឆ្លង​មេរោគ​ប្រចាំថ្ងៃ ដែល​ច្រើនជាង ២៧៧ ០០០នាក់ បានធ្វើឱ្យ​សហរដ្ឋអាមេរិក ក្លាយជា​ប្រទេស ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​រាតត្បាត​ដ៏​ធំ​មួយ​នេះ ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដោយមាន​ចំនួន​អ្នក​ឆ្លង​សរុប​ច្រើនជាង ២០,៤លាន​នាក់ ក្នុងនោះ​ស្លាប់​ប្រមាណ​ជា ៣៥០ ០០០នាក់។

ចំនួន​អ្នក​ឆ្លង​មេរោគ​ប្រចាំថ្ងៃ ដែល​បំបែក​ស្ថិតិ​ខ្ពស់បំផុត​នេះ បាន​កើតឡើង​ក្រោយពី លោក​វេជ្ជបណ្ឌិត អ៊ែន​ថូ​នី ហ្វៅ​ស៊ី អ្នកវិទ្យាសាស្ត្រ​លំដាប់​ជួរមុខ​គេ របស់​អាមេរិក បាន​ចេញមក​ដាស់តឿន កាលពី​ប៉ុន្មាន​ថ្ងៃ ក្រោយ​ផុត​ថ្ងៃបុណ្យ​គ្រិស្ត​ស្មាស់​ថា ស្ថានការណ៍​អាក្រក់​បំផុត​របស់​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ នៅ​មិនទាន់​មកដល់​ទេ ហើយ​ពេលនេះ ប្រទេស​កំពុងស្ថិត​នៅក្នុង​ចំណុច​ដែល​សំខាន់បំផុត ដោយសារតែ​មានការ​វាយតម្លៃ​ថា ការធ្វើដំណើរ​នៅក្នុង​អំឡុងពេល​ឈប់សម្រាក​យូរថ្ងៃ នឹង​រឹតតែ​ជួយ​ជំរុញ​ឱ្យ​វីរុស​ចម្លង និង​ឆ្លង​រាលដាល​កាន់តែ​ខ្លាំងក្លា​ឡើង​ថែមទៀត។

ក្រៅពីនេះ តួលេខ​អ្នក​ឆ្លង​មេរោគ ដែល​កើនឡើងជារឿយៗនៅក្នុង​សហរដ្ឋអាមេរិក​នេះ ថែមទាំង​កើតឡើង​ក្រោម​បញ្ហាផ្សេងៗជាច្រើន ទាំង​អ្នកជំងឺ​ហូរហៀរ​មន្ទីរពេទ្យ និង​ភាពរអាក់រអួល ក្នុងការ​ព្យាយាម​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​កូ​វីដ-១៩ ដោយសារតែ​គ្រោងការ​ចាក់​វ៉ាក់សាំង ត្រូវបាន​រំខាន​ដោយ​បញ្ហា​ខាង​ឡូ​ជី​ស្ទិ​ក។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​កាលពី​ថ្ងៃទី២៣ ធ្នូ​ថា វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ជាច្រើន​លាន​ដូ​ស “ត្រូវ​ទុកចោល” នៅតាម​មន្ទីរពេទ្យ និង​ទីកន្លែង​ព្យាបាល​ជំងឺផ្សេងៗ ក្រោយពី​ខ្វះខាត​បុគ្គលិក​ពេទ្យ​ដែលមាន​ជំនាញ​ផ្នែក​ការចាក់​វ៉ាក់សាំង និង​មិនមាន​ទីតាំង​បម្រើសេវា​កម្មនេះ​គ្រប់គ្រាន់ ធ្វើឱ្យ​អត្រា​ការចាក់​វ៉ាក់សាំង ដំណើរការ​ទៅមុខ​យ៉ាង​យឺតយ៉ាវ។

មកដល់ពេលនេះ មាន​ប្រជាជន​ជាង ៤,២លាន​នាក់​ហើយ នៅក្នុង​សហរដ្ឋអាមេរិក ដែល​បានទទួល​វ៉ាក់សាំង​កូ​វីដ-១៩ មួយ​ដូ​ស​ដំបូង ក្រោយពី​បានទទួល​ការ​ចែកចាយ​វ៉ាក់សាំង​រួចហើយ​ជាង ១៣លាន​ដូ​ស តែ​តួលេខ​នេះ អាច​និយាយបានថា ទាប​ជាង​គោលដៅ​ច្រើនណាស់ ដោយសារតែ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្លាប់បាន​សន្យាថា នឹង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ឱ្យបាន ២០លាន​នាក់ មុន​ដំណាច់ឆ្នាំ២០២០៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.