ចិន៖  បណ្ដាញសារព័ត៌មាន​ក្នុងប្រទេស​ចិន បាន​រាយការណ៍​កាលពី​ថ្ងៃ៣១ ធ្នូ ថ្ងៃ​ចុងឆ្នាំ២០២០ ថា មន្ត្រី​សុខភាព​សាធារណៈ​ក្នុងប្រទេស​ចិន បាន​បង្ហើប​ឱ្យដឹងថា រកឃើញ​អ្នកជំងឺ​ដែល​ឆ្លង​វីរុស​កូ​វីដ-១៩ក្លាយ​ពូជ(ដែល​រកឃើញ​នៅក្នុង​ចក្រភព​អង់គ្លេស)ដំបូង​គេ​នៅក្នុង​ប្រទេស​ចិន​ហើយ។

របាយការណ៍​បាន​បញ្ជាក់ថា អ្នក​ឆ្លង​មេរោគ​រូបនោះ ជា​ស្ត្រី វ័យ ២៣ឆ្នាំ ជា​អ្នកស្រុក​ស៊ា​ង​ហៃ ដែល​ទើប​ធ្វើដំណើរ​ត្រឡប់​មកពី​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២០ ដោយ​នាង មាន​អាការ​គ្រុនក្ដៅ​ខ្លួន​មិន​ខ្លាំង​ប៉ុន្មាន​ទេ​ក្រោយ​ការធ្វើដំណើរ​មកដល់ ដោយ​មន្ត្រី​សុខភាព​សាធារណៈ បានធ្វើការ​ពិនិត្យ​រក​មេរោគ​ជាថ្មី​ម្ដងទៀត នៅ​ថ្ងៃទី២៤ ធ្នូ មុននឹង​អះអាងថា ស្ត្រី​រូបនោះ ឆ្លង​មេរោគ​វីរុស​កូ​វីដ-១៩។

លទ្ធផល​ចេញពី​បន្ទប់ពិសោធន៍ បាន​រកឃើញថា ស្ត្រី​រូបនោះ បាន​ឆ្លង​មេរោគ​កូ​វីដ-១៩ក្លាយ​ពូជ មកពី​ប្រទេស​អង់គ្លេស ព្រោះ​វីរុស ដែល​ពិនិត្យឃើញ មាន​ភាពខុសប្លែក​ពី​វីរុស ដែល​ធ្លាប់​រកឃើញ​នៅក្នុង​ទីក្រុង​ស៊ា​ង​ហៃ និង​វូ​ហាន កាលពីពេល​មុននេះ ដោយ​វា​ជា​វីរុស​កូ​វីដ ប្រភេទ​B.1.1.7 ដែល​កំពុងចម្លង​សាយភាយ​នៅក្នុង​ប្រទេស​អង់គ្លេស​ក្នុងខណៈ​នេះ។

បច្ចុប្បន្ន ទីភ្នាក់ងារ​គ្រប់គ្រង និង​បង្ការ​ជំងឺ របស់​ប្រទេស​ចិន កំពុង​តាមរក​អ្នក​ដែល​ធ្លាប់​នៅ​ជិតដិត​ជាមួយ​ស្ត្រី​អ្នកជំងឺ​រូបនោះ ដើម្បី​នាំមក​ធ្វើការ​ពិនិត្យ​រក​មេរោគ​កូ​វីដ ជា​បន្តទៀត៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.