បរទេស៖ ការសង្ស័យ​ជាច្រើន បាន​កើតឡើង​ជុំវិញ​រឿងរ៉ាវ មហាសេដ្ឋី​លុយរាប់​ពាន់​លាន​ដុល្លារ របស់​ចិន  Jack Ma បន្ទាប់ពី​មាន​របាយការណ៍​ជាច្រើន បាន​អះអាងថា បាត់​មិនឃើញ​រូបលោក បង្ហាញ​វត្តមាន នៅតាម​ទីសាធារណៈ អស់​រយៈពេល​ជាង ២ខែ​មកហើយ។

ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba រូបនេះ ថែមទាំង​អវត្តមាន នៅក្នុង​កម្មវិធី​ចុងក្រោយ​មួយ​របស់ខ្លួន ដែលមាន​ឈ្មោះថា Africa’sBusiness Heroes ដែល​នឹងត្រូវ​ប្រកាស​លទ្ធផល អំពី​ស្ថាបនិក​វ័យក្មេង ដែល​នឹង​ទទួលបាន​ប្រាក់រង្វាន់ រហូត​ទៅដល់១,៥លាន​ដុល្លារ​ទៀតផង។

យោងតាម​ការបញ្ជាក់រ​បស់​កាសែត The Telegraph បាន​រាយការណ៍​ថា ជំនួស​ឱ្យ​រូបលោក ក្នុងនាម​ជា​គណៈកម្មការ​កាត់សេចក្តី​នោះ ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alibaba គឺជា​អ្នក​ចេញមុខ​ជំនួស លោក​ជែក ម៉ា កាលពី​ក្នុង​កម្មវិធី វគ្គ​ផ្តាច់ព្រ័ត្រ​មួយ ដែល​បាន​ធ្វើឡើង​តាំងពី​ខែវិច្ឆិកា​មកម្ល៉េះ។

មិនតែប៉ុណ្ណោះ រូបថត​របស់លោក Jack Ma ត្រូវបាន​គេ​ដក​ចេញពី​ក្នុង​វេ​ប​សាយ នៃ​ការប្រកួតប្រជែង​នេះ​ទៀតផង។ បើ​យោងតាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Alibaba បានឱ្យដឹងថា អវត្តមាន​របស់លោក Ma លើក​នេះ គឺ​ដោយសារ​បញ្ហា ការរៀបចំ​កាលវិភាគ​បន្តិចបន្តួច​តែប៉ុណ្ណោះ។

ប៉ុន្តែ អ្វីដែល​គួរឱ្យ​យើង​ចាប់អារម្មណ៍​នោះ គឺ​អវត្តមាន​របស់លោក Ma បានចាប់ផ្តើម​កើតមាន តាំងពី​ថ្ងៃទី២៤ ខែតុលា នៅពេលដែល​សុន្ទរកថា​មួយ របស់លោក បាន​ទិះ​តៀន​យ៉ាងខ្លាំង​ទៅលើ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​របស់​ប្រទេស​ចិន ដែល​ធ្វើឱ្យ​កើតមាន​ភាពរអាក់រអួល ដល់​កិច្ចការងារ​ខាង​វិស័យ​ធនាគារ និង​អាជីវកម្ម​បែប​ច្នៃប្រឌិត​បច្ចេកវិទ្យា៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.