ភ្នំពេញ៖ នៅថ្ងៃនេះ អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល និង​ប្រជាជន​ប្រទេស​នេ​ប៉ាល់ រួមមាន​ម៉ាស​ចំនួន​ជាង២លាន និង​បរិក្ខារ​ពេទ្យ​ចំនួន១២មុខ​ទៀត ត្រូវ​ប្រគល់ជូន​រដ្ឋាភិបាល និង​ប្រជាជន​ប្រទេស​នេះ​រួចរាល់​ហើយ នៅ​ព្រឹក​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ នៅ​ព្រលានយន្ដហោះ​ប្រទេស​នេ​ប៉ាល់។

ពិធី​ប្រគល់ និង​ទទួល​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អមដោយ​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល រួមទាំង​មន្ត្រី​មួយចំនួនទៀត ដោយឡែក ភាគី​នេ​ប៉ាល់​មានការ​ចូលរួម​ពី​តំណាង​រដ្ឋាភិបាល នៃ​ប្រទេស​នេះ​ផងដែរ។

ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ បាន​គូសបញ្ជាក់ថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គ្រប់​ទិដ្ឋភាព​នៃ​ជិវិត​របស់​មនុស្ស ដោយបាន​នាំមក​នូវ​បញ្ហា​ប្រឈម​ជាច្រើន មិន​ត្រឹមតែ​សុវត្ថិភាព​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឲ្យ​ខូចខាត​យ៉ាងខ្លាំង ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់ និង​ការ​ចល័ត​របស់​ប្រជាជន ដែលជា​ហេតុ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រប់​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ធ្លាក់ចុះ។ ឯកឧត្តម​បន្ដថា នៅក្នុង​បរិបទ​នេះ ការឆ្លើយតប​ជា​សមូហភាព និង​សាមគ្គីភាព នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី គឺ​មិនអាច​ខ្វះ​បានទេ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ នៃ​ជំងឺ​ដ៏​សាហាវ​នេះ និង​ធានាបាន​នូវ​ការ​ស្តារឡើងវិញ​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព នៅ​ដំណាក់កាល​ក្រោយ​ជំងឺ​រាតត្បាត។

អំណោយ​មនុស្សធម៌​នៅក្នុង​ឱកាស​នេះ គឺជា​សក្ខីភាព នៃ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ និង​សាមគ្គី​មិត្តភាព​ស្និ​ទ្ឋ​ស្នាល រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​នេ​ប៉ាល់ ក្នុងអំឡុងពេល​ដ៏​លំបាក​នៃ​វិបត្តិ​សុខភាព​ពិភពលោក។  រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្តេជ្ញា​យ៉ាង​មុតមាំ ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នេ​ប៉ាល់ និង​សហគមន៍​អន្តរជាតិ ដើម្បី​ជម្នះ​លើ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩ និង​ផលប៉ះពាល់​ដ៏​មាន​សក្តានុពល​យូរអង្វែង មកលើ​ជីវភាព​រស់នៅ​របស់​ប្រជាជន។

គួរ​ជម្រាប​ថា អំណោយ​សប្បុរសធម៌រ​បស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជូន​រដ្ឋាភិបាល​នៃ​ប្រទេស​នេ​ប៉ាល់​រួមមាន៖ ម៉ាស​ចំនួន២លាន, ម៉ាស​ក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែ​នតា​សុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (ជា​ឈុត) ចំនួន២ម៉ឺន​ឈុត, ម៉ាស៊ីន​វាស់​កំដៅ ចំនួន៥០០, របាំងមុខ​ចំនួន២ម៉ឺន, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោធ​នក​ម្ម ចំនួន២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន២០, ម្សៅ​​​ថ្នាំ​​​បាញ់សម្លាប់​​​មេរោគ ២៥គីឡូក្រាម​ក្នុង១ធុង (ក្ល​រ៉ា​មីន​ប្រភេទ​B) ៥០០កេស, ស្បែកជើង​ក៏​វែង​សុវត្ថិភាព១ពាន់​គូ និង​សាប៊ូ​លាងដៃ ២ពាន់​គូ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.