លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន យ៉ូ​ឈិ​ហ៊ី​ដេ ស៊ូ​ងៈ

បរទេស៖ លោកនាយក​រដ្ឋមន្ត្រី យ៉ូ​ឈិ​ហ៊ី​ដេ ស៊ូ​ងៈ នៃ​ប្រទេស​ជប៉ុន បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​ថា លោក​កំពុង​ពិចារណា​ពី​ភាពចាំបាច់​ក្នុងការ​ប្រកាស​ដាក់​ទីក្រុង​តូ​ក្យូ និង​តំបន់​ជុំវិញ ក្នុង​ស្ថានការណ៍​អាសន្ន ក្រោយ​ការឆ្លង​រាតត្បាត​របស់​មេរោគ​កូ​វីដ-១៩ រលក​ទី៣ កំពុង​ឈានចូល​ដល់​ដំណាក់កាល “ធ្ងន់ធ្ងរ​បំផុត។

ក្នុងអំឡុងពេល​ថ្លែងការណ៍ កាលពី​ព្រឹក​ថ្ងៃ​ចូលឆ្នាំថ្មី លោកនាយក​រដ្ឋមន្ត្រី ស៊ូ​ងៈ នៅតែ​សម្ដែង​សេចក្ដី​រំពឹងថា គ្រោង​ការចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​ជប៉ុន នឹង​អាច​ចាប់ផ្ដើមបាន នៅក្នុង​អំឡុង​ចុងខែ​កុម្ភៈ ហើយ​ខ្លួន​លោក នឹង​ក្លាយជា​មនុស្ស​ក្រុមដំបូងៗគេ ដែល​ចូល​ទទួល​វ៉ាក់សាំង។

មេដឹកនាំ​ជប៉ុន បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ចៀសវាង ពី​ការចេញ​ក្រៅ​ផ្ទះ​ដោយ​មិនចាំបាច់ ហើយ​រដ្ឋបាល​បាន​ត្រៀម​ចេញ​ច្បាប់ ដាក់ទោស​អាជីវក​រណា ដែល​ល្មើសបទបញ្ជា​ឱ្យ​កាត់បន្ថយ​ពេល​ម៉ោង​ធ្វើការ ឬ​បិទ​ការបម្រើ​សេវាកម្ម​បណ្ដោះអាសន្ន រួមទាំង មាន​វិធានការ​លើកទឹកចិត្ត ដើម្បីឱ្យ​អាជីវករ​ទាំងឡាយ​ចូលរួម​សហការ​ទៀតផង។

លោក​ស៊ូ​ងៈ នៅបាន​អះអាង​ទៀតថា រដ្ឋបាល​នៅតែ​ដំណើរការ​ទៅមុខ រឿង​រៀបចំ​ការប្រកួត​កីឡា​តូ​ក្យូ​អូឡាំពិក 2020 ដែល​បាន​ពន្យារពេល ម្ដង​រួចមកហើយ កាលពី​អំឡុង​រដូវក្ដៅ​ឆ្នាំនេះ ដោយ​ផ្ដល់​ហេតុផល​ថា ភាពជោគជ័យ​ក្នុងការ​រៀបចំ​ពិធី​នេះ “នឹង​ក្លាយជា​គ្រឿង​ពិសោធ​ថា មនុស្សជាតិ អាច​យកឈ្នះ​មេរោគ​កូ​វីដ-១៩ បាន។

លោក​ស៊ូ​ងៈ ដែល​ចូល​ទទួល​តំណែង​នាយករដ្ឋមន្ត្រី កាលពី​ខែកញ្ញា បច្ចុប្បន្នកំពុង​ប្រឈម​សម្ពាធ និង​ការរិះគន់ ពាក់ព័ន្ធ​នឹង​វិធានការ​ទប់ទល់​មេរោគ​កូ​វីដ-១៩ កាន់តែខ្លាំង​ឡើងជារឿយៗ ក្រោយ​ចំនួន​អ្នក​ឆ្លង​មេរោគ​ប្រចាំថ្ងៃ ក្នុងប្រទេស​ជប៉ុន ត្រឡប់មក​កើនឡើង​ខ្ពស់​បំបែក​ស្ថិតិ​ថ្មី​ម្ដងទៀត។

កាលពី​ថ្ងៃ​សៅរ៍ (ទី២មករា) លោកស្រី យូ​រី​កូ ខូ​អ៊ី​កេ អភិបាលក្រុង​តូ​ក្យូ និង​អភិបាលក្រុង​មកពី ៣ខេត្ត​ជុំវិញ បានចេញ​សេចក្ដីថ្លែងការណ៍​រួម ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្រកាស​ស្ថានភាព​អាសន្ន​នៅក្នុង​តំបន់​ទាំងនោះ។

រដ្ឋបាល​ជប៉ុន មានការ​ស្ទាក់ស្ទើរ ក្នុង​ការប្រើ​វិធាន​ការបិទ​ទីក្រុង​កម្រិត​ខ្ពស់ ដោយសារតែ​ខ្លាចក្រែង​ថា នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច ដែល​ទើប​រួចផុត​ពីស​ភាវ​ធ្លាក់ចុះ បែរជា​យ៉ាប់យ៉ឺន​ថែម​ឡើង​ទៀត។

តែ​យ៉ាងណាក៏ដោយ លោក​ស៊ូ​ងៈ បានផ្ដល់​សម្ភាស​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​ថា លោក​បានដឹង​ច្បាស់​អំពី​ភាពចាំបាច់​ដែល​នឹងត្រូវ “បញ្ជូន​សារ​ដ៏​ម៉ឺងម៉ាត់ និង​ច្បាស់លាស់​ខ្លាំង​ជាង​មុន​មួយ”

“រដ្ឋបាល​នឹង​ពិចារណា រឿង​ការប្រកាស​ស្ថានការណ៍​អាសន្ន” លោក​ថ្លែង ព្រមទាំង​បានបញ្ជាក់​ទៀតថា នឹងមាន​វិធានការផ្សេងៗទៀត ដើម្បី​ទប់ស្កាត់​ទង្វើ​ដែល​ប្រឈម​នឹង​ការចម្លង​មេរោគ ដូចជា ការផឹកស៊ី​ជប់លៀង និង​ការ​ទទួលទាន​អាហារ​រួមគ្នា ជាដើម។

ប្រទេស​ជប៉ុន ធ្លាប់​ប្រកាស​ស្ថានការណ៍​អាសន្ន​កូ​វីដ-១៩ ម្ដង​រួចមកហើយ កាលពី​អំឡុង​រដូវ​ស្លឹកឈើ​លាស់​កន្លងមក និង​អនុញ្ញាតឱ្យ​អភិបាលខេត្ត​នានា ចេញ​បញ្ជា​ឱ្យ​បិទ​ហាង និង​ភោជនីយដ្ឋានផ្សេងៗ ឬ​សុំ​អង្វរ​ឱ្យ​ប្រជាជន​សម្ងំ​នៅតែ​ក្នុងផ្ទះ និង​ទោះជា​វិធានការ​ទាំងនោះ នឹង​គ្មាន​ការដាក់ទោស​សម្រាប់​អ្នក​ល្មើស​ក៏ដោយ តែ​មនុស្ស​ភាគច្រើន ក៏​នៅតែ​ផ្ដល់​ការសហការ​យ៉ាង​ល្អ​ដែរ។

តែ សម្រាប់​ម្ដងនេះ នៅ​មិនទាន់​ប្រាកដ​ច្បាស់​ថា តើ​ស្ថានការណ៍​អាសន្ន​លើក​នេះ នឹងមាន​អំណាច​គ្របដ​ណ្ដ​ប់​បាន​ច្រើន ឬ​តិច​ប៉ុនណា​នៅឡើយ ហើយនឹង​ដល់​កម្រិត​បញ្ជា​បិទ​សាលារៀន ដែរ​ឬក៏​អត់​ទៀតផង?

បណ្ដា​សារព័ត៌មាន​ក្នុងស្រុក បាន​សន្និដ្ឋានថា អាច​នឹងមាន​ការប្រកាស​ស្ថាន​ការ​អាសន្ន នៅ​ថ្ងៃ​សៅរ៍ (ទី៩មករា) ខាងមុខ តែ​ក៏​នៅ​មិនទាន់មាន​ការអះអាង​ពី​រដ្ឋបាល​នៅឡើយ។

កន្លងមក​រដ្ឋបាល​ជ​ប៉ុន មិនបាន​ប្រើ​យន្តការ​ខាងច្បាប់ បញ្ជា​ឱ្យ​ខាង​ផ្នែក​ធុរកិច្ច ត្រូវតែ​បិទ​ដំណើរការ ឬ​ចេញ​បញ្ជា​ឱ្យ​ប្រជាជន​ត្រូវតែ​សម្ងំ​ខ្លួន​នៅតែ​ក្នុងផ្ទះ​នោះទេ ដោយសារ​ការឆ្លង​រាលដាល​របស់​កូ​វីដ-១៩ នៅតែ​អាច​និយាយបានថា ស្ថិតក្នុង​សភាវ​គ្រប់គ្រង​បាន ខ្លាំង​ជាង​ប្រទេស​ជាច្រើន និង​មាន​អ្នកស្លាប់​ត្រឹមតែ ៣ ៥០០នាក់​ជាង​ប៉ុណ្ណោះ ចាប់តាំងពី​រកឃើញ​អ្នកជំងឺ​នៅក្នុង​ប្រទេស​ដំបូង​គេ កាលពី​ខែមីនា ឆ្នាំទៅ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

Leave a Reply

Your email address will not be published.