ភ្នំពេញ៖ ថ្ងៃនេះ​គឺជា​ខួបអាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា(៥មករា១៩៧៦-៥មករា២០២១)។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​នៅថ្ងៃនេះ​ថា ខ្ញុំ​តែងតែ​គិតថា​អ្វីដែល​ខ្ញុំ​និង​ភរិយា​បាន​ឆ្លងកាត់​ក្នុងសម័យ​សង្គ្រាម​គឺ​ពុំ​គួរឱ្យ​ជឿថា ខ្ញុំ​អាចមាន​ជីវិត​រហូតមក​ដល់​សព្វថ្ងៃ​នេះឡើយ។ ជីវិត​យុទ្ធជន​ក្នុង​ភ្លើងសង្គ្រាម ពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត

សម្តេច​តេ​ជោ សរសេរ​បន្តថា ដែល​យើង​ត្រូវ​តស៊ូ​ផ្ដួលរំលំ​ដោយ​យក​ជីវិត​ធ្វើ​ដើមទុន គឺ​មិនមែនជា​រឿង​សាមញ្ញ​នោះឡើយ។ ជីវិត​ប្តី​ប្រពន្ធ​បន្ទាប់ពី​រៀបការ​គ្មានទេ​ដែល​ហៅថា​សេចក្តីសុខ។ ខ្ញុំ​បាន​ស្លាប់​កូន​ទី១និង​បែក​គ្នា​ក្នុងពេល​កូន​ទី២នៅក្នុង​ផ្ទៃ​ម្តាយ៥ខែ រហូត​ជួបគ្នា​ជាថ្មី ដែល​កូនប្រុស​បង (ម៉ា​ណែ​ត) ហៅ​ខ្ញុំ​ថា​ពូ​អស់​រយៈពេល២ខែ។

ទាំងនេះ​គឺ​សុទ្ធតែ​រឿងរ៉ាវ​មិន​គ្រាន់តែ​សម្រាប់​ខ្ញុំ​និង​ភរិយា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​រឿងរ៉ាវ​ដែល​បាន​កើតឡើង​សំរាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ដែល​បាន​ឆ្លងកាត់​ក្នុងសម័យ​នោះ​ផង ដែរ។ “ទុក្ខ​ស្រី​ប្តី​ព្រាត់” បានធ្វើឱ្យ​ខ្ញុំ​និង​ភរិយា​ស្រក់​ទឹកភ្នែក​រាប់លាន​ដំណក់។ ប៉ុន្តែ​ទឹកភ្នែក​នេះ​គឺ​បាន​នាំមក​នូវ​ការរស់រានមានជីវិត​សម្រាប់​ប្រជាជន​ទូទាំងប្រទេស រាប់ទាំង​ក្រុមគ្រួសារ​ខ្ញុំ​ដែរ។ ចាប់ផ្តើម​ពី​ប្តី​ប្រពន្ធ​ដ៏​កំសត់​វ័យក្មេង២នាក់ រហូតមកដល់​ពេលនេះ​យើង​មានកូន និង​ចៅ​យ៉ាងច្រើន ប៉ុន្តែ​នៅតែ​ចងចាំ​ជានិច្ច​ចំពោះ​ជីវិត​តស៊ូ​ដ៏​លំបាក​បំផុត​របស់ខ្ញុំ​និង​ភរិយា​ជាទី​ស្រឡាញ់។ ខ្ញុំ និង​ភរិយា​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទូទាំងប្រទេស ជួបប្រទះ​តែ​សេចក្តីសុខ និង​សំណាងល្អ​ក្នុង​ឆ្នាំ​សកល​ថ្មី ២០២១ កុំបី​ខាន​ឡើយ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.