ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម​បណ្ឌិត ថោង ខុន បានឱ្យដឹងថា ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​នា​ក្រោយ​ឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​សម្រាប់​រយៈពេល ៤ថ្ងៃ ចាប់ពី​ថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មាន​ចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១,២៦៨,០២៥ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ១១,១០៣ នាក់។

សម្រាប់​ថ្ងៃអាទិត្យ ទី៣ ខែមករា មាន​ចំនួន​ប្រមាណ ១៣០,០០៧ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១២៦,១៦៨ នាក់ ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ៣,៨៣៩ នាក់។

គោលដៅ​ទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

* រាជធានី​ភ្នំពេញ៖ ៥១៦,០៩៥ នាក់

* ខេត្តកំពត៖ ១៥២,១១៩ នាក់

* ខេត្ត​ព្រះសីហនុ៖ ១៣៦,៣១៤ នាក់

* ខេត្ត​កែប៖ ៨៧,៧៣៧ នាក់

* ខេត្តសៀមរាប៖ ៧៧,៦១៨ នាក់

* ខេត្តកំពង់ស្ពឺ៖ ៤៦,០៣០ នាក់

* ខេត្តបាត់ដំបង៖ ៤២,៨៥០ នាក់

* ខេត្តកោះកុង៖ ៣១,៨៧៩ នាក់

* ខេត្តកំពង់ចាម៖ ២៧,១៨៧ នាក់

* ខេត្តកណ្តាល៖ ២៦,៩៤០ នាក់។

ដោយសារ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ត្រូវបាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចលនា​ទេសចរណ៍​ផ្ទៃក្នុង​នាឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ មាន​ភាព​ផុលផុស​ច្រើន​នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស បើទោះបី​មិនមាន​ការរៀបចំ​ពិធី​ទទួល​ឆ្នាំ​ថ្មី ការប្រគុំ​តន្ត្រី និង​ការជួបជុំ​ជា​ទ្រង់ទ្រាយ​ធំ​ក៏ដោយ។

គ្រប់​គោលដៅ​ទេសចរណ៍ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​បាន​ខិតខំ​អនុវត្តន៍​តាម​ប្រសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី តាម​គោល​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍។ ក្រុមការងារ​របស់​គ​ណៈ​បញ្ជាការ​ឯកភាព​រា​ជ​ធានី-ខេត្ត បាន​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ ដើម្បី​បញ្ជៀ​ស​ការជួបជុំ​ទ្រង់ទ្រាយ​ធំ និង​កកកុញ​មាន​មនុស្ស​ច្រើន ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ-១៩នេះ នៅ​មិនទាន់មាន​ភាព​ពេញលេញ​ទាំងស្រុង​នៅឡើយ ពិសេស​ការរក្សា​គម្លាត​សុវត្ថិភាព​នៅតាម​គោលដៅ​ទេសចរណ៍​មួយចំនួន​ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ​ច្រើន។ កិច្ចការ​នេះ ក្រសួងទេសចរណ៍​នឹង​បន្ត​ការរៀបចំ​ជាមួយ​រដ្ឋបាល​រាជធានី-ខេត្ត​ឲ្យ​កាន់តែ​ម៉ឺងម៉ាត់​បន្ថែមទៀត។

ចំពោះ​ការគ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់​ជាទូទៅ​មាន​ភាពល្អប្រសើរ មិនមាន​បញ្ហា ឬ​ការរំខាន​ណាមួយ​កើតឡើង​គួរកត់សម្គាល់​ទេ​ក្នុង​រយៈពេល៤ថ្ងៃនេះ។ រីឯ​ការគ្រប់គ្រង​សំរាម​នៅតែ​ជា​បញ្ហា​ប្រឈម ជាពិសេស​នៅ​យប់​ឆ្លង​ឆ្នាំ ដោយ​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​ទុក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ទុកចោល​នៅ​កន្លែង​ទទួលទាន​អាហារ​ជុំគ្នា ពិសេស​គោលដៅ​ទេសចរណ៍​ដែលមាន​ការជួបជុំ​ច្រើន ដូចជា​នៅ​តំបន់ឆ្នេរ​សមុទ្រ និង​ទីប្រជុំជន​ក្នុង​រាជធានី-ខេត្ត​ជាដើម ប៉ុន្តែ​រដ្ឋបាល​រាជធានី-ខេត្ត​បាន​ខិតខំ​ចាត់​កម្លាំង​ប្រមូល​ទុកដាក់​សំរាម​នេះ​នា​ព្រឹក​បន្ទាប់ ដោយ​ពុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​គោលដៅ​ទេសចរណ៍​ឡើយ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.