ចិន៖  សារព័ត៌មាន​ក្នុង​តំបន់ ក្វាង​ចូ​វ ដេលី បានឱ្យដឹង​កាលពី​ថ្ងៃទី៣ មករា​ថា និស្សិត​ប្រុស​ចិន វ័យ ១៨ឆ្នាំ​ម្នាក់ ដែល​សិក្សា​នៅក្នុង​ប្រទេស​អង់គ្លេស បានធ្វើ​ដំណើរ​ត្រឡប់មកផ្ទះ​នៅ​ក្វាង​ចូ​វ នៅ​ថ្ងៃទី៤ មករា ម្សិលមិញ និង​ត្រូវបាន​ពិនិត្យ​រកឃើញថា មាន​ឆ្លង​មេរោគ​កូ​វីដ-១។ ត​មក​អាជ្ញាធរ បានធ្វើ​ការពិសោធ​មេរោគ ជាច្រើន​ដង និង​អះអាងថា និស្សិត​រូបនោះ បាន​ឆ្លង​មេរោគ​កូ​វីដ-១៩ ប្រភេទ​ក្លាយ​ពូជ ហើយ​ករណីនេះ ជា​ករណី​ឆ្លង​មេរោគ​កូ​វីដ-១៩ក្លាយ​ពូជ ទី២ ហើយ នៅក្នុង​ប្រទេស​ចិន។

ទាំងអស់នេះ ករណី​ឆ្លង​មេរោគ​កូ​វីដ-១៩ ប្រភេទ​ក្លាយ​ពូជ ដែល​រកឃើញ​នៅក្នុង​ប្រទេស​ចិន ដំបូង​គេ គឺ​និស្សិត​ស្រី​ចិន​ម្នាក់ វ័យ ២៣ឆ្នាំ ជា​អ្នកសិក្សា​បន្ត​នៅ​ប្រទេស​អង់គ្លេស និង​ធ្វើដំណើរ​ត្រឡប់មកផ្ទះ​នៅ​ក្រុង​ស៊ា​ង​ហៃ កាលពី​ថ្ងៃទី១៤ ធ្នូ។

របាយការណ៍​រកឃើញ​ករណី​ឆ្លង​មេរោគ​កូ​វីដ-១៩ ប្រភេទ​ក្លាយ​ពូជ​នៅក្នុង​ប្រទេស​ចិន​នេះ បាន​បង្ក​ឱ្យ​កើតមាន​ការសង្ស័យថា តើ​វ៉ាក់សាំង ដែល​អភិវឌ្ឍ​បាន​នៅក្នុង​ឆ្នាំ​កន្លង​ទៅនោះ នឹង​អាច​ការពារ​មេរោគ​ក្លាយ​ពូជ​ថ្មី​នេះ​បាន​ដែរឬទេ?។ ចំពោះ​ចំណុច​នេះ មន្ត្រី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​រោគ នៃ​ប្រទេស​ចិន លោក ស៊ី វឹ​ន​ពួ បាន​ថ្លែង​តាមរយៈ​ស្ថានីយទូរទស្សន៍​របស់​រដ្ឋ​ចិន​ថា មិនទាន់មាន​សញ្ញា​ណាមួយ ចង្អុល​បង្ហាញថា មេរោគ​កូ​វីដ-១៩ក្លាយ​ពូជ បង្ក​ផលប៉ះពាល់​ដល់​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ដែល​ប្រទេស​ចិន​ទើបតែ​ប្រកាស​ធានារ៉ាប់រង និង​អនុម័ត​ឱ្យ​ដាក់លក់​លើ​ទីផ្សារ ដើម្បីឱ្យ​ប្រជាជន​ទូទៅ បាន​ប្រើ កាលពី​ថ្ងៃទី៣១ ធ្នូ​កន្លងទៅ​នៅឡើយ។

“មិនមាន​ភាពចាំបាច់​អី ត្រូវ​ភ្ញាក់ផ្អើល​នោះទេ” លោក​ស៊ី បាន​ថ្លែង​បែបនេះ ព្រមទាំង​បញ្ជាក់ថា មេរោគ​កូ​វីដ-១៩ប្រភេទ​ក្លាយ​ពូជ​ថ្មី​បំផុត​នេះ បើ​ប្រៀបធៀប​ជាមួយ​មេរោគ​ក្លាយ​ពូជ​កាលពីពេល​មុននេះ គ្មាន​ការប្រែប្រួល​ដែល​ច្បាស់លាស់​លើ​ផ្នែក​សមត្ថភាព​ដែល​ធ្វើឱ្យ​កើត​ជំងឺ​ទេ។ តាមរយៈ​ការត្រួតពិនិត្យ អាជ្ញាធរ​មិនបាន​រកឃើញថា មេរោគ​ក្លាយ​ពូជ បង្ក​ផលប៉ះពាល់​ដល់​ការឃុំ​គ្រង​ការពារ​របស់​វ៉ាក់សាំង​ឡើយ។

លោក​ស៊ី បាន​ថ្លែង​ទៀតថា ការ​ក្លាយ​ពូជ​នៅក្នុង​ប្រូតេអ៊ីន​របស់​វីរុស នឹងមិន​បង្ក​ផលប៉ះពាល់​ដល់​វ៉ាក់សាំង​កូ​វីដ-១៩ របស់​ចិន ដែលមាន​គោលដៅ​ការសិក្សា​ស្រាវជ្រាវ នៅលើ​អា​ស៊ីដនី​វ​គ្លី​អ៊ិ​ក របស់​វីរុស​នោះទេ។

យ៉ាងណាក៏ដោយ នៅក្នុង​របាយការណ៍រ​បស់​អង្គភាព​គ្រប់គ្រង​ជំងឺ​រាតត្បាត​របស់​ចិន នៅបាន​បញ្ជាក់ថា ករណី​ឆ្លង​មេរោគ​កូ​វីដ-១៩ ប្រភេទ​ក្លាយ​ពូជ ដែល​រកឃើញ​នៅក្នុង​ប្រទេស បាន​រុករាន​ដល់​ការការពារ និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​នៅក្នុង​ប្រទេស​ចិន​យ៉ាងសំខាន់។

ស្លាក​ឡូហ្គោ Sinopharm នៅលើ​ស្តង់ ដែល​តាំង​បង្ហាញ​ផលិតផល​វ៉ាក់សាំង នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​បង្ហាញ​ផលិតផល​អន្តរជាតិ (CIFTIS) ក្នុង​ទីក្រុង​ប៉េកាំង កាលពីដើមឆ្នាំ​កន្លងទៅ

ទាំងអស់នេះ កាលពី​ថ្ងៃទី៣១ ខែធ្នូ​កន្លងទៅ រដ្ឋបាល​ចិន​បានប្រកាស​ធានារ៉ាប់រង​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ដំបូង​គេ​របស់​ប្រទេស និង​អនុម័ត​ដាក់លក់​នៅលើ​ទីផ្សារ​ហើយ ព្រមជាមួយ​ការចាប់ផ្ដើម​គ្រោង​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន ដោយ​ចាប់ផ្ដើម​ពី​ក្រុម​ប្រឈម​នឹង​ការឆ្លង​មេរោគ​ខ្លាំង​បំផុត​មុនគេ។

សម្រាប់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ដែល​ទីភ្នាក់ងារ​គ្រប់គ្រង​វេជ្ជ​ភណ្ឌ​នៃ​ប្រទេស​ចិន(NMPA) ផ្ដល់​ការ​រ៉ាប់រង​នេះ ជា​វ៉ាក់សាំង​ប្រភេទ​មេរោគ​ងាប់ អភិវឌ្ឍ​ឡើង​ដោយ​ស្ថាប័ន​ផលិតផល​ខាង​សរីរាង្គ​វិទ្យា​ប៉េកាំង នៃ​ក្រុម​តិច​ណូ​ឡូ​ជីសរីរាង្គ​នៃ​ប្រទេស​ចិន(CNBG) ក្នុង​ខ្សែបណ្ដាញ​ស៊ី​ណូ​ហ្វា​ម(Sinopharm)។

គណៈកម្មាធិការ​សុខភាព​ជាតិ នៃ​ប្រទេស​ចិន បាន​ថ្លែង​អំពី​ស្ថានការណ៍​ជំងឺ​រាតត្បាត​កូ​វីដ-១៩ នៅក្នុង​ប្រទេស​ចិន ចាប់ពី​ថ្ងៃអាទិត្យ ទី៣ មករា មក​ថា រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី ចំនួន ៣៣នាក់ ខ្ពស់ជាង​ពី​ចំនួន ២៤នាក់​កាលពី​ថ្ងៃមុន។

ចំនួន​សរុប​របស់​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩នៅក្នុង​ប្រទេស​ចិន ស្មើនឹង ៨៧ ១៥០នាក់ ខណៈដែល​តួលេខ​អ្នកស្លាប់ មិនមាន​ប្រែប្រួល​ទេ គឺ​ស្ថិតក្នុង​ចំនួន ៤ ៦៣៤នាក់​ដដែល៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.