សហរដ្ឋអាមេរិក៖ បណ្ដា​អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃអាទិត្យ(ទី៣មករា) បាន​សម្ដែង​ការយល់ឃើញ​នៅក្នុង​អត្ថបទ​មួយ ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​កាសែត វ៉ាស៊ីនតោន ផូ​ស្តិ៍ ដោយបាន​បញ្ជាក់ថា ទាហាន មិនគួរ​មាន​តួនាទី​ណាមួយ នៅក្នុង​ការព្យាយាម​រប​ស់លោក​ដូ​ណា​ល់ ត្រាំ ដែល​ត្រូវ​ការរារាំង​ការផ្ទេរ-ប្រគល់​អំណាច ឆ្ពោះទៅ​កាន់តំណែង​ប្រធានាធិបតី​របស់លោក ចូ បៃ​ដិ​ន ឡើយ ដោយ​ភាព​ពាក់ព័ន្ធ​ណាមួយ ក្នុង​វិវាទ​ការបោះឆ្នោត នឹង​រុញ​ប្រទេស​អាមេរិក​ឱ្យ​ធ្លាក់​ចូលទៅក្នុង​គ្រោះថ្នាក់។

ក្រុម​អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស ១០នាក់ ទាំង​មកពី​រដ្ឋាភិបាល​រី​ផា​ប្ល៊ី​កាន់ និង​ដេ​ម៉ូ​ក្រេ​ត ដែល​ក្នុងនោះ​រួមទាំង​លោក ម៉ាក អេ​ស្ពើ​រ ដែល​ទើបត្រូវ​លោក​ត្រាំ បណ្ដេញ​ចេញពី​តំណែង កាលពី​ខែវិច្ឆិកា និង​លោក​ចេ​ម​ស៍ មែ​ត​ទិស ដែល​បាន​សុំ​លាឈប់​ពី​តំណែង កាលពី​ខែកុម្ភៈ​ឆ្នាំមុន កណ្ដាល​រឿង​ទំនាស់ផ្សេងៗជាច្រើន​ជាមួយ​លោក​ត្រាំ ផង​នោះ បាន​បញ្ជាក់ថា ដល់ពេល​ហើយ​ដែល​ត្រូវ​ទទួលស្គាល់ថា ប្រធានាធិបតី​រី​ផា​ប្ល៊ី​កាន់ ជា​អ្នក​បរាជ័យ​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី៣ វិច្ឆិកា ហើយ​លោក​បៃ​ដិ​ន នឹង​ឡើង​គ្រង​អំណាច​បន្ត នៅ​ថ្ងៃទី២០ មករា​ខាងមុខ។

ក្រុម​អតីតរដ្ឋមន្ត្រី​កា​ពារ​ប្រទេស ទាំង ១០នាក់ បានបញ្ជាក់​នៅក្នុង​អត្ថបទ​នោះ​ថា “ការបោះឆ្នោត​របស់​យើង​បានកើត​ឡើង​ហើយ មានការ​រាប់​ពិន្ទុ​ជាថ្មី និង​ត្រួតពិនិត្យ​រួចហើយ ការជំទាស់ផ្សេងៗ បានទទួល​ការពិចារណា​យ៉ាង​ត្រឹមត្រូវ ដោយ​តុលាការ​រួចហើយ អភិបាលរដ្ឋ​នីមួយ​ក៏​ធានារ៉ាប់រង​លទ្ធផល​ហើយ ហើយ​គណៈ​អ្នកបោះឆ្នោត ក៏បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​រួចហើយ​ដែរ ដូច្នេះ​ពេលវេលា​នៃ​ការដាក់​សំណួរ ពាក់ព័ន្ធ​នឹង​លទ្ធផល​ការបោះឆ្នោត បាន​កន្លងផុត​ទៅហើយ”

នៅក្នុង​ក្រុម​នេះ នៅមាន​លោក ឌិ​ក ឆេ​នី​យ៍ អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស ដែល​ធ្លាប់​គ្រង​តំណែង​ជា​អនុ​ប្រធានាធិបតី ក្នុងសម័យ​លោក​ប្រធានាធិបតី ច​ច ដាប់​ប៊ើ​ល​យូ ប៊ូ​ស និង​លោក ដូ​ណា​ល់ រ៉ាំ​ហ្វេ​លត៍ ដែល​បាន​អង្គុយ​កៅអី​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស លើកដំបូង ក្នុងសម័យ​លោក​ប្រធានាធិបតី ហ្ស៊ើ​រ៉ា​ល់ ហ្វ៉​ដ និង​ម្ដងទៀត ក្នុងសម័យ​របស់លោក ច​ច ដាប់​ប៊ើ​ល​យូ ប៊ូ​ស ទៀតផង។

នៅក្នុង​អត្ថបទ​នោះ ក្រុម​នេះ បាន​អំពាវនាវ​ដល់​លោក គ្រី​ស្តូ​ហ្វ៊ើ​រ មី​ល​លើរ រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការពារ​ប្រទេស​បច្ចុប្បន្ន ឱ្យ​អត់ធន់​ស៊ូទ្រាំ ពី​ការចូលទៅ​មាន​តួនាទី​ណាមួយ ក្នុងការ​ព្យាយាម​របស់​លោក​ត្រាំ ដែល​ត្រូវការ​ដណ្ដើម​គ្រង​កៅអី​ប្រធានាធិបតី​តទៅទៀត និង​សូមឱ្យ​លោក​មី​ល​លើរ ជួយ​ដល់​កម្មវិធី​ការផ្ទេរ-ប្រគល់​អំណាច​របស់​អនាគត​រដ្ឋបាល​មកពី​គណបក្ស​ដេ​ម៉ូ​ក្រេ​ត​ផង។

ទាំងអស់គ្នា បានសរសេរថា “ការព្យាយាម​អូសទាញ​កងទ័ព​សហរ​ដ្ឋ​អាមេរិក ចូលទៅ​ពាក់ព័ន្ធ​ក្នុងការ​ដោះស្រាយ​បញ្ហា​វិវាទ​របស់​ការបោះឆ្នោត នឹង​ដឹកនាំ​យើង​ឆ្ពោះទៅរក​តំបន់​ដែល​គ្រោះថ្នាក់ ខុសច្បាប់ និង​មិន​ដំណើរការ​ទៅតាម​រដ្ឋធម្មនុញ្ញ…មន្ត្រី​ស៊ីវិល និង​មន្ត្រី​យោធា អ្នក​ដែល​បញ្ជា ឬ​ដំណើរការផ្សេងៗទាំងនោះ នឹងត្រូវ​ទទួលខុសត្រូវ ក្នុងនោះ​រួមទាំង​ភាព​អាចទៅរួច ដែល​ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម​ខាង​អាជ្ញា​ទៀតផង”

ទាំងអស់នោះ អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស​ដទៃទៀត ដែល​រួម​ចុះហត្ថលេខា​នៅលើ​អត្ថបទ​នោះ មានដូចជា លោក​អ៊ែ​ឆ្តុ​ន ខា​ធើរ, វី​លលៀម ខូ​ហ៊ែ​ន, រ៉ូបឺត ហ្គេ​ត​ស៍, លី​អន ផា​នេ​ត​តា, និង​លោក វី​លលៀម ភើរ​រី។

លោក​បៃ​ដិ​ន បានបញ្ជាក់​កាលពី​អំឡុង​ពាក់កណ្ដាល​ខែធ្នូ ថា មន្ត្រី​មន្ទីរ​បញ្ច​កោណ (ក្រសួង​ការពារ​ប្រទេស)មួយចំនួន បានធ្វើ​ព្រងើយកន្តើយ មិន​ព្រម​ផ្ដល់​ទិន្នន័យ ដែល​ចាំបាច់ ដើម្បី​ធានាថា ការផ្ទេរ-ប្រគល់​អំណាច នឹង​ដំណើរការ​ទៅដោយ​រលូន តែ​ខាង​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការពារ​ប្រទេស លោក​មី​ល​លើរ បាន​បដិសេធថា មិនមាន​បញ្ហា​អ្វី​ទាំងអស់។

កាលពីពេល​មុននេះ ទាំង​នី​វ​យ៉​ក ថា​ម​ស៍, ស៊ី​អិន​អិន និង​វ៉​ល​ស្ទ្រី​ត ជើ​ណ​ល ធ្លាប់បាន​រាយការណ៍​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​សម្ងំ​ខ្លួន យ៉ាង​ស្ងាត់​ខុស​ទម្លាប់ ចាប់តាំងពី​លោក ចូ បៃ​ដិ​ន គូប្រជែង​មកពី​បក្ស​ដេ​ម៉ូ​ក្រេ​ត បានទទួល​ការប្រកាស​ពី​គ្រប់​ទីភ្នាក់ងារ​ព័ត៌មានធំៗ ថា ឈ្នះ​ការបោះឆ្នោត​កាលពី​ថ្ងៃទី៣ វិច្ឆិកា​កន្លងមក​នោះ បាន​ណាត់ជួប​បណ្ដា​ទីប្រឹក្សា ទៅ​ពិភាក្សាគ្នា​នៅក្នុង​បន្ទប់​រាង​ពងក្រពើ ក្នុង​មន្ទីរ​សេត​វិមាន កាលពី​ព្រឹក​ថ្ងៃទី១៨ ធ្នូ​កន្លងមក ពាក់ព័ន្ធ​នឹង​វិធី​ការថ្មីៗ ក្នុងការ​ពន្យារ ឬ​ផ្លាស់ប្ដូរ​លទ្ធផល​ការបោះឆ្នោត។

របាយការណ៍​ជាច្រើន បាន​បញ្ជាក់ថា នៅ​កិច្ចប្រជុំ​ពិភាក្សា​នោះ មាន​ការលើក​ស្នើឡើង នូវ​អៃ​ឌៀ​ឆ្កួត​ឡប់ផ្សេងៗ ដូចជា ប្រកាស​ច្បាប់អាជ្ញាសឹក បញ្ជូនទាហាន​ទៅគ្រប់​គ្រង​រដ្ឋសំខាន់ៗទាំងឡាយ និង​រៀបចំ​ការបោះឆ្នោត​ជាថ្មី ជាដើម តែ​ទាំងអស់នោះ ត្រូវបាន​បដិសេធ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

បកប្រែ​សម្រួល​ដោយ បុរស​ភ្នែក៤

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.