​វ៉ាស៊ីនតោន ៖អាជ្ញាធរ​ក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី បានប្រកាស​ព្រមាន​ក្រុម​អ្នកគាំទ្រ​របស់លោក​ត្រាំ កុំឱ្យ​យក​អាវុធ​មក​ចូលរួម​ប្រមូលផ្ដុំ​តវ៉ា​ប្រឆាំង​លទ្ធផល​ការបោះឆ្នោត នៅ​ថ្ងៃទី៦ មករា ស្អែក​នេះ ជា​ថ្ងៃ​ដែល​សភា​កុង​ហ្គ្រេ​ស មានកំណត់​រ៉ាប់រង​លទ្ធផល​បោះឆ្នោត​របស់​គណៈ​អ្នកបោះឆ្នោត ដែល​បាន​បោះឆ្នោតឱ្យ​លោក ចូ បៃ​ដិ​ន ក្លាយជា​ប្រធានាធិបតី​ថ្មី ខណៈពេល​ជាមួយគ្នា ក៏មាន​ការកោះហៅ​ប្រមូល​កម្លាំង​សន្តិសុខ​ជាតិ ជាច្រើន​រយ​នាក់ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នៅថ្ងៃនោះ​ផងដែរ។

“យើង​បានទទួល​ព័ត៌មាន​មក​ថា មាន​មនុស្ស ២-៣ក្រុម ត្រៀម​នាំយក​អាវុធ​ចូលមកក្នុង​ទីក្រុង ដែល​នេះ​ជា​ទង្វើ ដែល​យើង​មិនអាច​ទទួលយក​បានទេ!” លោក រ៉ូបឺត ខុន​ធី មេបញ្ជាការ​ប៉ូលិស​ក្រុង​វ៉ាស៊ីនតោន បាន​ថ្លែង​បញ្ជាក់​បែបនេះ នៅក្នុង​ពិធី​ថ្លែង​ព័ត៌មាន​នៅឯ​សាលាក្រុង ព្រមទាំង​ព្រមាន​ថា អ្នកណា​ក៏ដោយ ដែល​ធ្វើ​ដូច្នោះ ឬ​ព្យាយាម​បំផុសបំផុល​ញុះញង់​ឱ្យ​បង្ក​អំពើហិង្សា នឹងត្រូវ​ចាប់ខ្លួនភ្លាមៗតែម្ដង។

ក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ជាច្រើន​ទៀត ដែលមាន​ច្បាប់គ្រប់គ្រងអាវុធ​ជាតិ​ផ្ទុះ​យ៉ាង​តឹងរ៉ឹង​នៅក្នុង​សហរដ្ឋអាមេរិក និង​ហាម​មិនឱ្យ​ប្រជា​ជនដើរ​សៀត​កាំភ្លើង​យ៉ាង​ចំហ ឬ​គ្រប់គ្រង​អាវុធជាតិផ្ទុះ ដោយ​មិនមាន​លិខិតអនុញ្ញាត​របស់​អាជ្ញាធ​រ​ក្នុង​តំបន់​ឡើយ។

ក្រុម​អ្នកគាំទ្រ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រមូល​ផ្ដុំគ្នា ប្រឆាំង​លទ្ធផល​ការបោះឆ្នោត​ប្រធានាធិបតី នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី កាលពី​ថ្ងៃទី12 ធ្នូ​កន្លងទៅ

អ្នកគាំទ្រ​លោក​ត្រាំ ជាច្រើន​ពាន់​នាក់ រួមទាំង​ក្រុម​ជាតិនិយម​ស្ដាំ​ជ្រុល ធ្លាប់​បានដាក់​កាំភ្លើង​តាម​ខ្លួន ទៅ​ចូលរួម​បាតុកម្ម​តវ៉ា​នៅក្នុង​ទីកន្លែងផ្សេងៗរួចមកហើយ ដោយ​គេ​សន្និដ្ឋានថា ក្រុម​ទាំងនោះ​នឹង​មក​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី ដោយ​នឹង​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី៥ រហូតដល់​ទៅដល់​ថ្ងៃ​ពុធ ទី៦ មករា ដើម្បី​តវ៉ា​ប្រឆាំង​ជំទាស់ ការ​រ៉ាប់រង​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី កាលពី​ថ្ងៃទី៣ វិច្ឆិកា ដែល​លោក​ត្រាំ​បាន​ចាញ់​លោក​បៃ​ដិ​ន។

លោក ខុន​ធី បាន​ប៉ាន់ប្រមាណ​ថា ការប្រមូល​គ្នា​តវ៉ា​លើក​នេះ អាច​នឹងមាន​មនុស្ស​ចូលរួម​ច្រើនជាង​ការប្រមូលផ្ដុំ​កាលពី​អំឡុង​ខែវិច្ឆិកា និង​ធ្នូ ដែល​ក្រុម Pround Boys និង​អ្នកគាំទ្រ​លោក​ត្រាំ​ផ្សេងទៀត បានកើត​មានការ​ប្រទូសរ៉ាយ កាប់​ចាក់​គ្នា ជាមួយ​អ្នក​ប្រមូលផ្ដុំ​ម្ខាង​ទៀត រួមទាំង​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ឆ្វេងនិយម​ជ្រុល “អ៊ែន​ទី​ហ្វ៉ា” និង​សកម្មជន​តតាំង​ភាពអយុត្តិធម៌​ខាង​ពណ៌​សម្បុរ Black Lives Matter ទៀតផង។

លោក​ត្រាំ ដែល​មិន​ព្រម​ទទួលស្គាល់​ការបរាជ័យ បាន​ព្យាយាម​រើបម្រះ​ដង្ហើមចុងក្រោយ ដោយ​ការ​ញុះញង់​ឱ្យ​មហាជន ចេញមក​បង្ហាញ​កម្លាំង​ប្រឆាំង​លទ្ធផល​ការបោះឆ្នោត​ក្នុង​សប្ដាហ៍​នេះ ដោយបាន​ធ្វី​ត​ធើរ​សំណេរ កាលពី​ថ្ងៃអាទិត្យ(ទី៣មករា)ថា “ខ្ញុំ​នឹង​ស្ថិតនៅ​ទីនោះ!” និង​ថែមទាំង​ធ្វី​ត​ធើរ​កាលពី​ថ្ងៃ​សុក្រ​មុន​នោះ​ទៀតថា “វា​នឹង​ដំណើរការ​ទៅមុខ​យ៉ាង​ឆ្កួត​វង្វេង!!”

មន្ទីរ​សេត​វិមាន មិនបាន​ថ្លែង​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​របស់លោក​ត្រាំ​ទេ តែ​ប្រភពព័ត៌មាន​ម្នាក់ បានផ្ដល់​ទិន្នន័យ​មក​ថា លោក​ត្រាំ​នឹង​ចេញមក​ថ្លែង​ប្រាស្រ័យ ចំពោះ​មហាជន​នៅ​ថ្ងៃទី៦ មករា នៅឯ​សួនច្បារ​សាធារណៈ Ellipse ដែល​ស្ថិតនៅ​ខាងត្បូង​មន្ទីរ​សេត​វិមាន។

មេដឹកនាំ​សហរដ្ឋអាមេរិក វ័យ ៧៤ឆ្នាំ​រូបនេះ បាន​អះអាងថា លោក​បៃ​ដិ​ន ជា​អ្នកឈ្នះ ដោយសារតែ​មានការ​ទុច្ចរិត​ការបោះឆ្នោត​យ៉ាង​ធំធេង ក្នុងខណៈដែល​រដ្ឋបាល​នៃ​រដ្ឋ​ជាច្រើន រួមទាំង​តុលាការ មន្ត្រី​បោះឆ្នោត​ប្រចាំ​រដ្ឋ របស់​ទាំង ២គណបក្ស ឬ​សូម្បីតែ​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​ខ្លួនឯង ក៏​មិន​រកឃើញ​ភ័ស្តុតាង​ថា មាន​ការកេងបន្លំ​ណាមួយ​ដែរ។

សភា​កុង​ហ្គ្រេ​ស មានកំណត់​រ៉ាប់រង​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី នៅ​ថ្ងៃទី៦ មករា​នេះដែរ ដោយ​នឹងមាន​លោក​អនុ​ប្រធានាធិបតី ម៉ៃ​ក៍ ផេ​នស៍ បំពេញ​តួនាទី​ជា​ប្រធានាធិបតី​នៅក្នុង​ពិធី​នោះ។

តែ​យ៉ាងណាក៏ដោយ មាន​ព្រឹទ្ធសមាជិក​មកពី​គណបក្ស​រី​ផា​ប្ល៊ី​កាន់ យ៉ាងតិច ១២នាក់ និង​សមាជិកសភា រី​ផា​ប្ល៊ី​កាន់​ដូចគ្នា ប្រមាណ ១៤០នាក់ បានប្រកាស​រួចហើយ​ថា នឹង​ជំទាស់​ការ​រ៉ាប់រង​ជ័យជម្នះ​របស់លោក​បៃ​ដិ​ន ដោយបាន​លើក​ពី​ចំណុច​មិន​ច្បាស់លាស់ និង​គួរឱ្យ​សង្ស័យផ្សេងៗ របស់លោក​ត្រាំ មក​ធ្វើជា​អំណះអំណាង។

លោ​កមូ​រៀល បូ​ស៊ើ​រ អភិបាលក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី របស់​គណបក្ស​ដេ​ម៉ូ​ក្រេ​ត បាន​ប្រាប់​សារព័ត៌មាន​កាលពី​ថ្ងៃ​ម្សិលមិញ(ទី៤មករា)ថា ការព្យាយាម​របស់​បក្ខ​ពួកលោក​ត្រាំ នឹងមិន​អាច​ផ្លាស់ប្ដូរ​លទ្ធផល​ការបោះឆ្នោត​បានឡើយ។ លោក​ថ្លែងថា “រដ្ឋធម្មនុញ្ញ​របស់​យើង​នឹង​រឹងមាំ​តទៅ លោក​ចូ បៃ​ដិ​ន និង​លោកស្រី ខា​ម៉ា​ឡា ហ៊ែរ​រី​ស នឹង​ក្លាយជា​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក” ក្រោយពី​ចូល​ពិធី​ស្បថប្រណិធាន នៅ​ថ្ងៃទី២០ មករា​នេះ​រួច៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ​សម្រួល​ដោយ បុរស​ភ្នែក៤

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.