វៀត​ណា​ម៖  ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ ទី៤ មករា​ម្សិលមិញ​ថា ក្រសួងសុខាភិបាល​រប​ស់​ប្រទេស​វៀតណាម បានស្នើ​ឱ្យ​ផ្អាក ឬ​កំណត់​ជើងហោះហើរ​ចូល​ប្រទេស ដែល​មកពី​ប្រទេស និង​តំបន់​យ៉ាងតិច ៣៤កន្លែង ដែល​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ពូជ​ថ្មី ដែល​បាន​រកឃើញ​លើកដំបូង​នៅក្នុង​ប្រទេស​អង់គ្លេស។

សំណើ​នេះ ត្រូវបាន​ដាក់ជូន​នាយករដ្ឋមន្ត្រី និង​កំពុងស្ថិត​ក្នុងការ​រង់ចាំ​ការអនុម័ត ក្រោយពី​វៀតណាម​អះអាងថា បាន​រកឃើញ​អ្នក​ជំងឺឆ្លង​មេរោគ​កូ​វីដ-១៩ ពូជ​ថ្មី មកពី​ប្រទេស​អង់គ្លេស​ដំបូង​គេ កាលពី​ថ្ងៃ​សៅរ៍(ទី២មករា)។

កូ​វីដ-១៩ ពូជ​ថ្មី​នេះ មានការ​ក្លាយ​ពូជ​របស់​ហ្ស៊ែ​ន ដែល​តាម​ទ្រឹស្ដី​វិញ អាចធ្វើឱ្យ​មេរោគ​វីរុស ចម្លង​សាយភាយ រវាង​មនុស្ស​ទៅ​មនុស្ស បាន​កាន់តែ​ងាយ​ឡើង និង​តាមរយៈ​ការកើតឡើង​របស់​វីរុស​ពូជ​ថ្មី​នេះ អ្នកវិទ្យាសាស្ត្រ​ថ្លែងថា វា​អាច​ចម្លង និង​ឆ្លង​បាន​ងាយ​ជាង​ពូជ​ចាស់​ដល់​ទៅ ៤០-៧០% ធ្វើឱ្យ​ប្រទេស​ជាច្រើន បានប្រកាស​ប្រើ​វិធានការ ហាម​ការធ្វើដំណើរ​បែប​ដូចគ្នានេះដែរ។

ប្រទេស​វៀតណាម បាន​ផ្អាក​ជើងហោះហើរ​បែប​ពាណិជ្ជ​រវាង​ប្រទេស ចូលមកក្នុង​ប្រទេស​ទាំង​អស់ តាំងពី​ចុងខែ​មីនា ឆ្នាំទៅ ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​របស់​មេរោគ​វីរុស តែ​រដ្ឋបាល បាន​ដំណើរការ​ជើងហោះហើរ​ពិសេស ដើម្បី​ដឹក​ពលរដ្ឋ​វៀតណាម ដែល​នៅជាប់​សេសសល់​នៅឯ​ប្រទេសក្រៅ ក្រោម​ការឆ្លង​រាលដាល​ទាំង​ប៉ុន្មាន ឱ្យ​វិល​ត្រឡប់មក​ប្រទេស​វិញ។ ក្នុងនោះ មាន​ជើងយន្តហោះ​ខ្លះ មាន​អ្នកជំនាញការ និង​អ្នកវិនិយោគទុន​មកពី​បរទេស ដែល​បានទទួល​ការអនុញ្ញាត ឱ្យធ្វើ​ដំណើរ​ចូលមក​ប្រទេស​វៀតណាម តែ​គ្រប់គ្នា​ដែល​ចូល​ប្រទេស ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ថ្ងៃ។

ដោយ​វិធាន​ការដាក់​ឱ្យនៅ​ដោយឡែក ធ្វើ​ច​ត្តា​ឡី​ស័ក និង​ការតាមដាន​យ៉ាង​តឹងរ៉ឹង បានធ្វើឱ្យ​ប្រទេស​វៀតណាម អាច​កម្រិត​រង្វង់​ការឆ្លង​រាលដាល​របស់​មេរោគ​វីរុស បាន​យ៉ាង​ឆាប់រហ័ស ធ្វើឱ្យ​កិច្ចការងារ​ខាង​សេដ្ឋកិច្ច ស្ដារ​ខ្លួន​ឡើងវិញ​បាន​យ៉ាង​ឆាប់រហ័ស ខ្លាំង​ជា​ប្រទេស​ភាគច្រើន​នៅក្នុង​ទ្វីបអាស៊ី ខណៈដែល​ចំនួន​អ្នកជំងឺ​ឆ្លង​មេរោគ​សរុប​របស់​វៀត​ណា​ម​វិញ ស្ថិតក្នុង​ចំនួន ១ ៤៩៧នាក់ និង​មាន​អ្នកស្លាប់​ដោយសារ​មេរោគ​មួយ​នេះ​ទាំងអស់ ៣៥នាក់៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.