សៀមរាប៖   អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​ការទទួល​បន្ទុក​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ សហការ​ជាមួយ​ស្ថាប័ន JASA ប្រទេស​ជប៉ុន និង​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ បានរៀបចំ​សែន​ព្រែ​ន សុំ​សេចក្តីសុខ​ចម្រើន ដើម្បី​បើក​ការដ្ឋាន​ជួសជុល​ប្រាសាទ​បា​យ័ន្ត​នៅ​ជាន់​ទី៣ ឱ្យ​ផុតពី​បញ្ហា​ប្រឈម មុននឹង​បើក​ដំណើរ​ការឱ្យ​ភ្ញៀវ​ចូល​ទស្សនា​ជាថ្មី។

តាម​ការបញ្ជាក់​ពី​ឯកឧត្តម គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ប្រាសាទ​បា​យ័ន្ត​នៅ​រួត​ទី៣ បាន​ទ្រុឌទ្រោម​ដោយសារ​រចនា​សម្ពន្ធ​ថ្ម​ប្រាសាទ​ក្រៀក​ចេញពី​គ្នា ព្រោះតែ​អាកាសធាតុ អាយុកាល​សំណង់ ការចុះ​ខ្សោយ​នៃ​គុណភាព​នៃ​រចនា​សម្ពន្ធ​សំណង់ ដែល​អាច​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​សំណង់​ប្រាសាទ​ទាំងមូល រួមទាំង​ទេសចរ​ផង បើ​ជួសជុល​មិនទាន់​ពេលវេលា។

ឯកឧត្តម​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ដំណើរការ​ជួសជុល​មានដូចជា៖ ការ​រើ​ថ្ម​ចេញ ហើយ​រុញ​ចូល​វិញ​នៅ​ជ្រុង​ទី៣ទិស​ខាងត្បូង ការ​ទល់​ទ្រ​កន្លែង​ដែលមាន​ហានិភ័យ​រកកលនឹងរ​លំ​ដួល​ចំនួន៥៦ចំណុចផ្សេងៗគ្នា។ ក្នុងនោះ​ក៏​នឹងមាន​ការរៀបចំ​បិទ​ភ្ជិត​លើ​ថ្នេរ​ថ្ម​ដែល​វា​ប្រេះ​កុំឱ្យ​វា​ជ្រាប​ទឹក​ចូល និង​សម្រួល​ថ្ម​រដិបរដុប​មិន​រាបស្មើ ដើម្បី​កុំឱ្យ​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ពេល​ដើរ​ទស្សនា​ប្រាសាទ។

 

ក្នុងការ​អនុវត្ត​ការងារ​នេះ  ធ្វើឡើង​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ខ្លួនឯង ហើយនឹង​ចំណាយ​រយៈពេល​មួយឆ្នាំ​ដើម្បី​ជួសជុល​ប្រាសាទ​បា​យ័ន្ត​នៅ​រួត​ទី៣នេះ​ឱ្យ​រួចរាល់​ជា​ស្ថាពរ​បើ​ពុំមាន​បញ្ហា​រាំងស្ទះ​អ្វី​កើតឡើង ទាំង​ការរៀបចំ​គូស​ប្លង់ សិក្សា​ស្រាវជ្រាវ ចងក្រង​ឯកសារ និង​ឆ្លង​យោបល់​ពី​អ្នកជំនាញការ​អាដហុក៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.